កីឡា
NOCC បកស្រាយការភាន់ច្រឡំ ការប្រកួតកីឡាអបអរបុណ្យសមុទ្រ ដើម្បីដណ្តើមប្រាក់រង្វាន់
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ២ថ្ងៃកន្លងមកហើ ដ្បិតការប្រកួត គឺរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ។ កាលពីព្រឹកមិញ គឺជាកាន់ភាន់ឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ។

លោកបានលើកឡើងថា ៖«ថ្ងៃនេះ កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំដោយជោគជ័យ ជាមួយអ្នកចូលរួមប្រមាណ១០០នាក់។ ប៉ុន្ដែទន្ទឹមជាមួយគ្នា យើងឃើញមានបងប្អូនខ្លះ ទាំងអ្នកបានចូលរួម ក៏ដូចជាអ្នកពុំបានចូលរួម មានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត»។ ឯកឧត្តមបានបញ្ជាក់ថា ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកទទួលបានជ័យលាភី គណៈកម្មការរៀបចំបានផ្ដល់វត្ថុអនុស្សាវរីយ៍ និងថវិកាបន្ដិចបន្ដួចផងដែរ។
លោកបន្តថា ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ។ ជាក់ស្ដែងការប្រកួតអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម រួមទាំងព្រឹត្តិការណ៍កីឡាជាច្រើនទៀត សុទ្ធតែគ្មានប្រាក់រង្វាន់។ ក្រឡេកមកសកម្មភាពកីឡា ក្នុងឱកាសបុណ្យសមុទ្រនេះវិញ ក៏ដូចគ្នា គឺរៀបចំដើម្បីអបអរសាទរ ហើយស្មារតីធំបំផុត នៃការចូលរួមរបស់បងប្អូន ក៏ដើម្បីអបអរព្រឹត្តិការណ៍ជាតិដ៏ធំនេះ ដោយទឹកចិត្ត ដោយឆន្ទៈ និងដោយក្ដីស្រលាញ់ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព មិនមែនផ្ដោតលើការប្រកួតយកឈ្នះចាញ់ ហើយរឹតតែមិនដើម្បីប្រាក់រង្វាន់ថែមទៀត ។
ដោយឡែកពាក់ព័ន្ធនឹងតម្លៃចុះឈ្មោះចូលរួមប្រណាំងកង់វិញ គឺជាវិភាគទានមួយ ដែលបងប្អូនស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដាកីឡា និងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង ដែលជារឿងមួយសំខាន់ ដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អ តាំងពីកន្លែងចេញដំណើរ រហូតដល់ទីព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ។ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យអ្នកចូលរួមចូលភាគទាន។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ក្នុងឱកាសបុណ្យសមុទ្រនេះ សូម្បីការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលធ្វើឡើង៣ថ្ងៃ ពីថ្ងៃទី០៩-១១ ខែធ្នូ នៅតំបន់ឆ្នេរអូរត្រេះ សម្រាប់កីឡាករ-កីឡាការិនីជ័យលាភី ក៏មិនទទួលបានប្រាក់រង្វាន់អ្វីដែរ។ ក្រៅពីមេដាយសម្រាប់កំណត់ជ័យលាភីរបស់ពួកគេប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ក៏បានបកស្រាយពាក់ព័ន្ធនឹងការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានសាធារណជនមួយចំនួន មានភាន់ច្រឡំរឿងប្រើប្រាស់ពាក្យ “មួយ (MOUY)” ។ ឯកឧត្តមបានពន្យល់ថា ៖«ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ យើងរៀបចំឡើងដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយអនុវត្តតាមធម្មនុញ្ញរបស់ស៊ីហ្គេម ដែលបានកំណត់យកពាក្យ MOUY សម្រាប់កីឡាប្រដាល់ក្នុងស៊ីហ្គេម និងមានសហព័ន្ធប្រដាល់មួយអន្ដរជាតិដឹងឮ។ រាល់កិច្ចប្រជុំ និងការប្រកួតអន្ដរជាតិផ្លូវការ គេតែងប្រើប្រាស់ពាក្យនេះ តែសូមបញ្ជាក់ថា MOUY មិនមែនសម្ដៅលើប្រដាល់ថៃ ឬប្រដាល់ឡាវ ឬប្រដាល់កម្ពុជា ឬប្រដាល់អ្នកណានោះទេ គឺសម្រាប់អនុវត្តជាអន្ដរជាតិ ដោយមានសហព័ន្ធអន្ដរជាតិជាអាណាព្យាបាល ដែលមានជនជាតិឡាវជាប្រធានសហព័ន្ធ»។
«ប៉ុន្ដែការប្រកួតនៅកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ ជាការពិតយើងចង់លើកមុខមាត់ក្បាច់គុនជាតិរបស់យើង។ ហេតុនេះហើយ បានជាយើងតែងហៅការប្រកួតនេះ គឺជាការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ហើយបណ្ដាប្រទេសចូលរួម ក៏មិនបានថាអ្វីដែរ។ ផ្ទុយទៅវិញ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសទាំងអស់ សុទ្ធតែបានសម្ដែងនូវសេចក្ដីរីករាយ និងគាំទ្រ សម្រាប់ការរៀបចំបុរេព្រឹត្តិការណ៍នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះ ហើយសង្ឃឹមថា កម្ពុជានឹងធ្វើបានល្អក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយទៀតផង» ។
យ៉ាងណាក្ដី តាមរយៈការបកស្រាយខាងលើ បងប្អូនប្រជាពលរដ្ឋនឹងឈប់ភាន់ច្រឡំរឿងការផ្ដល់ថវិកាលើកទឹកចិត្ត ព្រោះជាការចូលរួម ដើម្បីភាពសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យសមុទ្រប៉ុណ្ណោះ។ លើសពីនេះ ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្ដចូលរួមគាំទ្រ និងលើកទឹកចិត្ដ ក៏ដូចជាលេងកីឡា ដើម្បីដំណើរឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៀតផង៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


