Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះកម្ពុជានឹងរៀបចំបុណ្យសមុទ្រឡើងវិញ ក្រោយអាក់ខានក្នុង២០២៥ គ្រាប្រទេសរងសង្គ្រាមឈ្លានពាន

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ឡើងវិញ ដោយកំណត់យកខេត្តព្រះសីហនុ ជាទីតាំងរៀបចំកម្មវិធីដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រោយអាក់ខានមិនបានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ​ឆ្នាំ២០២៥ ដែលត្រូវរៀបចំនៅខេត្តកោះកុង ក្នុងគ្រាដែលកម្ពុជាទទួលសង្គ្រាមឈ្លានពានពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងទេសចរណ៍ ឱ្យដឹងតាមរយៈបណ្ដាញសង្គមថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ  ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

កាលពីខែសីហា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបង្កើតព្រឹត្តិការណ៍បុណ្យសមុទ្រ ដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត បម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។

តាមអនុក្រឹត្យ ពិធីបុណ្យសមុទ្រត្រូវរៀបចំឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួនខេត្ត ដូចជាខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដោយឈរលើគោលការណ៍ផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មួយនេះឡើងនៅក្នុងខែធ្នូរៀងរាល់ឆ្នាំ។

កាលពីខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធឱ្យខេត្តកោះកុង ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ដោយកំណត់កាលបរិច្ឆេទរៀបចំចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៥។ យ៉ាងក្រោយកម្ពុជាទទួលរងសង្គ្រាមឈ្លានពានជុំទី១ នៅចុងខែកក្កដា  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥  បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ សិន។

គួរគូសបញ្ជាក់ថា​ ការរៀបចំបុណ្យសមុទ្រ ធ្វើឡើងបន្ទាប់ពីឆ្នេរសមុទ្រសកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើពិភពលោក។

គួរឱ្យដឹងថា បុណ្យសមុទ្រលើកទី ១ បានរៀបចំឡើងនៅខេត្តព្រះសីហនុ នាឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២,លើកទី ២ ឆ្នាំ២០១៣ នៅខេត្តកែប, លើកទី ៣ ឆ្នាំ២០១៤ នៅខេត្តកោះកុង,លើកទី ៤ ឆ្នាំ ២០១៥ នៅខេត្តកំពត,លើកទី ៥ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុ,លើកទី ៦ ឆ្នាំ ២០១៧ នៅខេត្តកែប,លើកទី ៧ ឆ្នាំ ២០១៨ នៅខេត្តកោះកុង,លើកទី ៨ ឆ្នាំ ២០១៩ នៅខេត្តកំពត,ឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩, ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ និងលើកទី ១០ ឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប និងលើកទី១១ នៅខេត្តកំពត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម