Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

បានផុស

នៅ

អភិបាលរងខេត្តកោះកុង បានប្រាប់ដល់បណ្តាអ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ធម្មជាតិក្នុងខេត្ត ត្រូវត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវអោយបានល្អ ខណៈខេត្តនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រចុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានលើកឡើងថា ឆ្នាំនេះខេត្តកោះកុង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំធ្វើពិធីបុណ្យសមុទ្រលើកទី១២ ដូច្នេះស្នើសុំដល់គ្រប់អ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ធម្មជាតិ ប្រតិបត្តិការសេវាកម្ម និងអាជីវករនានា ចូលរួមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ។

លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់នៅក្នុងវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេសសម្រាប់តំបន់អេកូទេសចរណ៍ឆ្នេរ និងតំបន់ជួរភ្នំក្រវាញ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា ការរៀបចំទីតាំងសោភ័ណ្ឌបរិស្ថានអនាម័យ ការបដិសណ្ឋាកិច្ចភ្ញៀវ ចំណីអាហារមានគុណភាព សេវាកម្មស្នាក់នៅហូបចុកល្អ និងរក្សាតម្លៃសេវាកម្មបានត្រឹមត្រូវ វាជាមុខមាត់របស់ខេត្តកោះកុងយើង។ ជៀសវាងពេលភ្ញៀវមកលេងកម្សាន្តហើយនាំគ្នារអ៊ូរទាំពីតម្លៃសេវាឡើងថ្លៃខ្លាំងដែលផ្តល់ផលប៉ះពាល់អាក្រក់ដល់អាជីវកម្មផ្នែកទេសចរណ៍ទាំងឡាយ រីឯភ្ញៀវក៏លែងមកកម្សាន្តទៀតដែរ។

លោក អន សុធារិទ្ធ ក៏ស្នើសុំបណ្តាអ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ធម្មជាតិ ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងខេត្ត ចាំបាច់រួមគ្នាគិតគូរ និងអនុវត្តអោយបានត្រឹមត្រូវអំពីតម្លៃសេវាកម្ម និងគុណភាពសេវាកម្មអោយបានច្បាស់លាស់។

គួរកត់សម្គាល់ថា ខេត្តកោះកុង សំបូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រងដងអូរស្ទឹង ព្រែក និងតំបន់ឆ្នេរសមុទ្រជាច្រើនដែលកត្តាអំណោយផលទាំងនេះជំរុញឱ្យខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីវិស័យទេសចរណ៍បែបធម្មជាតិ។

ចំណែកលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍសហគមន៍ទេសចរណ៍​ និងអេកូទេសចរណ៍ បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាពសេវាកម្មនេះបានល្អត្រឹមត្រូវតាមបច្ចេកទេស និងការចង់បានរបស់ក្រសួងទេសចរណ៍ ក្រុមការងារក៏បានរៀបចំជាកិច្ចពិភាក្សាជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ក្នុងគោលបំណងស្វែងរកនូវបញ្ហាប្រឈម ក៏ដូចជាទិសដៅអនុវត្តបន្ត ដើម្បីប្រមូលធាតុចូលបន្ថែមឈានឆ្ពោះទៅការរៀបចំវេទិកាជាតិអេកូទេសចរណ៍។

បើតាមលោកបណ្ឌិត ជុក ជំនោរ រំលេចដែរថា ក្រសួងទេសចរណ៍ កំពុងជំរុញធ្វើយ៉ាងណាដល់សហគមន៍អេកូទេសចរណ៍ក្នុងខេត្តកោះកុង ព្រមទាំងបណ្តាខេត្តផ្សេងទៀត ចូលរួមពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ សម្រាប់ស្រូបយកប្រមូលប្រភពចំណូលមកអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាន់តែច្រើន។

លោក សៀក សាប៊ុន ប្រធានសហគមន៍អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប ថ្លែងថា កំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនឆ្នាំនេះ បើធៀបនឹងឆ្នាំមុនៗគ្រាដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០កំពុងស្ថាបនា។
លោក សាប៊ុន បានប្តេជ្ញាចិត្តថា នឹងចូលរួមពង្រឹងគុណភាពសេវាកម្ម ស្វែងអាហារស្រស់ និងរក្សាតម្លៃលក់ផលិតផលជូនភ្ញៀវទេសចរ អោយបានត្រឹមត្រូវ ដោយមិនមានការតម្លើងថ្លៃសេវាកម្មណាមួយ ព្រោះការធ្វើដូច្នេះដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន និងទទួលបានប្រភពចំណូលពីវិស័យទេសចរណ៍បៃតង៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម