KPT+
Pele ពីក្មេងបោះបង់ការសិក្សា ក្លាយជាស្តេចបាល់ទាត់ពិភពលោក
ស្តេចបាល់ទាត់ប្រេស៊ីល Edson Arantes do Nascimento ដែលត្រូវបានគេស្គាល់ថា Pele បានទទួលមរណភាពហើយ ក្នុងអាយុ៨២ឆ្នាំ។
វីរបុរសបាល់ទាត់រូបនេះ បានប្រយុទ្ធជាមួយជំងឺមហារីកពោះវៀនធំ ចាប់តាំងពីការពិនិត្យឃើញរោគនៅក្នុងខែកញ្ញាឆ្នាំ២០២១ ហើយត្រូវបានគេរាយការណ៍ថា លែងមានការឆ្លើយតបទៅនឹងការព្យាបាលដោយប្រើជាតិគីមីនៅដើមសប្តាហ៍នេះ។
Pele បានឈ្នះពានរង្វាន់ World Cup ចំនួនបីដង, ជើងឯកលីគប្រេស៊ីលចំនួន៦ដង ហើយត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតតែម្នាក់គត់ក្នុងវិស័យកីឡាបាល់ទាត់។
កើតនៅក្រុង Três Corações នៃរដ្ឋ Minas Gerais ក្នុងឆ្នាំ១៩៤០, Pele បានចាប់ផ្តើមអាជីពបាល់ទាត់នៅអាយុ១៥ឆ្នាំ បន្ទាប់ពីឈប់រៀនត្រឹមថ្នាក់ទី៤។ ឪពុករបស់គាត់ឈ្មោះ João Ramos do Nascimento ដែលក៏ជាកីឡាករបាល់ទាត់ផងដែរ បានរើផ្ទះទៅនៅទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល នៅពេល Pele ទើបតែមានអាយុ៥ឆ្នាំ។
នៅអាយុ១០ឆ្នាំ Pele បានចាប់ផ្តើមការហ្វឹកហាត់ ក្រោមការដឹកនាំរបស់លោក Waldemar de Brito ដែលជាមិត្តរបស់ឪពុកខ្លួន និងជាអតីតសមាជិកនៃក្រុមជម្រើសជាតិប្រេស៊ីល។
ពីរឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងរបស់គាត់ជាមួយក្លិប Santos FC, Pele បានចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីល និងបង្ហាញខ្លួនក្នុងការប្រកួត World Cup លើកដំបូងនៅអាយុត្រឹម ១៧ឆ្នាំ ក្នុងឆ្នាំ១៩៥៨ ដែលធ្វើឲ្យគាត់ ក្លាយជាកីឡាករក្មេងបំផុតក្នុងព្រឹត្តិការណ៍នាពេលនោះ។
Pele ស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងអំឡុងព្រឹត្តិការណ៍នោះ រួមមានទាំងការស៊ុតបាន hat trick ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងពីរគ្រាប់នៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមស៊ុយអែតផងដែរ។ គាត់នៅតែជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីបាននៅ World Cup។
មិនយូរប៉ុន្មានបន្ទាប់ពីមានអាយុ២០ឆ្នាំ Pele ត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា ជាកំណប់ទ្រព្យជាតិរបស់ប្រទេសប្រេស៊ីល ដោយរារាំងមិនឲ្យគាត់ចេញទៅលេងនៅក្លិបបាល់ទាត់អឺរ៉ុប ទោះការចេញទៅលេងនៅអឺរ៉ុប អាចឲ្យគាត់រកចំណូលបានច្រើនជាងការលេងឲ្យក្រុមប្រេស៊ីល Santos FC ក៏ដោយ។
កិត្តិនាមរបស់ Pele បានសាយភាយហួសពីប្រទេសប្រេស៊ីល ហើយបានល្បីរន្ទឺពាសពេញពិភពលោកទាំងមូល។ គាត់ក៏ត្រូវបានគេសរសើរថា ជាកម្លាំងជំរុញនៅពីក្រោយការកើនឡើងប្រជាប្រិយភាពនៃវិស័យកីឡាបាល់ទាត់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។
មួយឆ្នាំបន្ទាប់ពីចូលនិវត្តន៍ពីលីគប្រេស៊ីល Pele បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ២.៨ លានដុល្លារជាមួយក្លិប New York Cosmos របស់អាមេរិក។
ការប្រកួតអាជីពចុងក្រោយរបស់គាត់ គឺនៅឆ្នាំ១៩៧៧ ដែលជាការប្រកួតមិត្តភាពរវាងក្លិប Cosmos និងក្រុម Santos FC ជាក្រុមចាស់របស់គាត់។ ការប្រកួតនេះ ត្រូវបានលេងនៅក្នុងកីឡដ្ឋាន Giants នៃរដ្ឋ New Jersey។ គាត់បានលេងតង់ទីមួយឲ្យក្លិប Cosmos និងតង់ទីពីរឲ្យក្លិប Santos FC។
ការលេងរបស់ Pele ក៏ជះឥទ្ធិពលដល់ក្រៅពិភពកីឡាផងដែរ។ នៅឆ្នាំ១៩៦៩ សង្រ្គាមស៊ីវិលនីការ៉ាហ្គា បានឈានដល់បទឈប់បាញ់រយៈពេល៤៨ម៉ោង ដើម្បីឲ្យភាគីជម្លោះទាំងសងខាង អាចមើល Pele លេងក្នុងការប្រកួតមិត្តភាពនៅទីក្រុង Lagos។
Pele បានរៀបការបីដងក្នុងជីវិតរបស់គាត់ ដោយអាពាហ៍ពិពាហ៍របស់គាត់ជាមួយ Rosemeri dos Reis Cholbi និង Assíria Lemos Seixas បញ្ចប់ទៅដោយការលែងលះគ្នា។ គាត់ក៏មានទំនាក់ទំនងជាមួយតារាម៉ូដែល Xuxa ផងដែរ ដែលពេលពួកគេចាប់ផ្តើមទាក់ទងគ្នា Xuxa មានអាយុ១៧ឆ្នាំ។ នៅឆ្នាំ២០១៦ Pele បានរៀបការជាមួយនាយកប្រតិបត្តិអាជីវកម្មប្រេស៊ីល Marcia Aoki ដែលមានអាយុតិចជាងគាត់៣២ឆ្នាំ។
តាមរយៈអាពាហ៍ពិពាហ៍ និងទំនាក់ទំនងរបស់គាត់ Pele មានកូន ៧នាក់ រួមទាំង Sandra Arantes do Nascimento ដែលជាកូនរបស់ Pele ជាមួយអ្នកបម្រើក្នុងផ្ទះ Anizia Machado ក្នុងឆ្នាំ១៩៦៣។ Pele មិនដែលទទួលស្គាល់នាងជាកូនស្រីរបស់គាត់ទេ សូម្បីតែបន្ទាប់ពីនាងបានប្តឹងតារាបាល់ទាត់រូបនេះ ឲ្យទៅធ្វើតេស្ត DNA ដើម្បីបង្ហាញថា គាត់ជាឪពុករបស់នាងក៏ដោយ។ Nascimento បានស្លាប់ដោយសារជំងឺមហារីកសុដន់ក្នុងឆ្នាំ២០០៦ ប៉ុន្តែ Pele មិនចូលរួមពិធីបុណ្យសពរបស់នាងឡើយ។
បន្ទាប់ពីអាជីពបាល់ទាត់ Pele នៅតែមានសកម្មភាព។ ក្នុងឆ្នាំ១៩៩២ លោកបានបម្រើការងារជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិទទួលបន្ទុកអេកូឡូស៊ី និងបរិស្ថាន។ ពីឆ្នាំ១៩៩៥ ដល់ ១៩៩៨ គាត់បានបម្រើការងារជារដ្ឋមន្ត្រីកីឡារបស់ប្រទេសប្រេស៊ីល។
នៅឆ្នាំ១៩៩៩ គាត់ត្រូវបានគេដាក់ឈ្មោះថាជាសហកីឡាករប្រចាំសតវត្សរ៍ទី២០ ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ FIFA៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


