Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជនប្រធានាធិបតី ប្រេស៊ីល ស្នើ លោក ត្រាំ ចាត់ទុកក្រុម​អ្នកលេង​ ជាអង្គការភេរវកម្ម

បានផុស

នៅ

បេក្ខជនប្រធានាធិបតីអភិរក្សនិយមរបស់ប្រេស៊ីល លោក Flavio Bolsonaro បានប្រកាសកាលពីថ្ងៃ ទី២៦ ខែឧសភា ថា លោកបានស្នើសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចាត់ទុកក្រុមឧក្រិដ្ឋជនមានអង្គការធំៗចំនួនពីរនៅក្នុងប្រទេសរបស់លោក ជាអង្គការភេរវកម្ម អំឡុងពេលជំនួបនៅវិមានប្រធានាធិបតីវ៉ាស៊ីនតោន។

បេក្ខជនប្រធានាធិបតីអភិរក្សនិយមរបស់ប្រេស៊ីល លោក Flavio Bolsonaro (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីសារព័ត៌មាន FRANCE 24 និង AFP លោក Bolsonaro បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីជំនួបជាមួយ ត្រាំ ថា «ខ្ញុំបានមកទីនេះជាពិសេស ដើម្បីស្នើសុំឲ្យលោកត្រាំ ចាត់ទុកក្រុម CV និង PCC ជាអង្គការភេរវកម្ម ពីព្រោះពួកគេពិតជាមានចរិតលក្ខណៈបែបនោះមែន»។

ក្រុមឧក្រិដ្ឋជន Comando Vermelho (CV) និង Primeiro Comando da Capital (PCC) គឺជាក្រុមបងធំនៅក្នុងពន្ធនាគារ និងតាមដងផ្លូវរបស់ប្រេស៊ីល ដែលរដ្ឋបាលត្រាំ ធ្លាប់បានពិចារណាដាក់បញ្ចូលទៅក្នុងបញ្ជី «ភេរវករ​ជួញដូរគ្រឿងញៀន» ដូចដែលអាមេរិកធ្លាប់បានអនុវត្តលើក្រុមម៉ាហ្វៀគ្រឿងញៀននៅម៉ិកស៊ិក និងកូឡុំប៊ី ផងដែរ។

យ៉ាងណាមិញ ដំណើរទស្សនកិច្ចដ៏ខុសប្លែកពីធម្មតាមកកាន់វិមានប្រធានាធិបតីអាមេរិកនេះ បានកើតឡើងនៅដើមរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោតនៅប្រេស៊ីល ចំពេលដែលលោកសមាជិកព្រឹទ្ធសភាស្លាបស្តាំរូបនេះ កំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រជាប្រិយភាពនៅក្នុងការស្ទង់មតិ ក្រោយលេចធ្លាយព័ត៌មានថា លោកមានការពាក់ព័ន្ធជាមួយធនាគារិកម្នាក់ ដែលត្រូវបានជាប់ពន្ធនាគារពីបទឆបោកប្រាក់រាប់លានដុល្លារ។

បច្ចុប្បន្ន លោក Bolsonaro កំពុងស្ថិតក្នុងការប្រជែងគ្នាយ៉ាងប្រកិតក្នុងការស្ទង់មតិ ជាមួយប្រធានាធិបតីបច្ចុប្បន្ន លោក Luiz Inacio Lula da Silva ដែលរដ្ឋាភិបាលស្លាបឆ្វេងរបស់លោក បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការចាត់ទុកក្រុមបងធំទាំងពីរនេះជាភេរវករ។ លោក Lula បានចាតទុករឿងនេះថា វាអាចបើកផ្លូវឲ្យមានសកម្មភាពយោធារបស់អាមេរិក មកលើក្រុមទាំងនោះទាំងនៅក្នុង និងក្រៅប្រទេសប្រេស៊ីល។

កាលពី២សប្តាហ៍មុន នៅពេលលោក Lula ត្រូវបានទទួលស្វាគមន៍ដោយលោកត្រាំ នៅវិមានប្រធានាធិបតីវ៉ាស៊ីនតោន លោកក៏បានដាក់សំណើផ្ទាល់ខ្លួនសុំកុំឲ្យមានការចាត់ថ្នាក់បែបនេះផងដែរ។ ជុំវិញបញ្ហានេះ លោក Bolsonaro បាននិយាយរិះគន់ថា «លោក Lula បានលុតជង្គង់វារទៅអង្វរប្រធានាធិបតីអាមេរិក ត្រាំ ប៉ុន្តែខ្ញុំធ្វើរឿងផ្ទុយពីនេះ»។

លោកBolsonaro បានបន្ថែមថា ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតី ប្រទេសប្រេស៊ីលនឹងចូលរួមក្នុងសម្ព័ន្ធភាពសន្តិសុខសម្រាប់តំបន់អាមេរិក របស់លោកត្រាំ ដែលត្រូវបានបង្កើតឡើងជាមួយប្រទេសចំនួន ១៧ នៅអាមេរិកឡាទីន និងតំបន់ការីបៀន កាលពីខែមីនាកន្លងទៅ។ លោកគូសបញ្ជាក់ថា លោកត្រាំ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុទ្ធនាការបោះឆ្នោតរបស់លោក ប៉ុន្តែ «មិនមានការថ្លែងសារគាំទ្រណាមួយឡើយ ហើយក៏មិនគួរមានដែរ ព្រោះខ្ញុំមិនដែលសុំរឿងបែបនេះឡើយ»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម