Connect with us

ជីវិតកម្សាន្ដ

អតីតបវរកញ្ញាចក្រវាលប្រេស៊ីល ទទួលមរណភាព ក្នុងអាយុ ៨១ឆ្នាំ

បានផុស

នៅ

នាថ្ងៃទី ២៣ ខែធ្នូ វេទិកាប្រកួតបវរកញ្ញាអន្តរជាតិបានរាយការណ៍ថា បវរកញ្ញាចក្រវាលឆ្នាំ ១៩៦៣ Iêda Maria Vargas បានទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំនៅទីក្រុង Gramado ប្រទេសប្រេស៊ីល។ នាងគឺជាជនជាតិប្រេស៊ីលដំបូងគេដែលឈ្នះពានរង្វាន់បវរកញ្ញាចក្រវាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងត្រូវបានបញ្ជូនទៅបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង (ICU) នៃមន្ទីរពេទ្យ Arcanjo São Miguel។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយកូនស្រីរបស់នាង Fernanda Vargas។ យ៉ាងណា មិនមានព័ត៌មានបន្ថែមទាក់ទងនឹងមូលហេតុនៃការស្លាប់ ឬព័ត៌មានលម្អិតនៃពិធីបុណ្យសពនោះទេ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមគ្រួសាររបស់ Maria Vargas បានប្រកាសថា «នៅក្នុងពេលវេលាដ៏សោកសៅនេះ យើងមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការបង្ហាញពីសេចក្តីស្រឡាញ់ និងការគោរពទាំងអស់ដែលយើងបានទទួល។ Maria គឺជាស្ត្រីដ៏ភ្លឺស្វាង ដែលបានបន្សល់ទុកនូវសេចក្តីស្រឡាញ់ សេចក្តីរីករាយ និងការបំផុសគំនិត»។

អភិបាលរដ្ឋ Eduardo Leite ក៏បាននិយាយអំពីការស្លាប់របស់ Maria Vargas ផងដែរ។ លោកបានសរសេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះកូនៗ ចៅៗ ក្រុមគ្រួសារ និងអ្នកដែលតាមដាន និងកោតសរសើរជីវិតរបស់គាត់»។

ការបង្ហាញខ្លួនថ្មីៗបំផុតរបស់ Iêda Maria Vargas គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលដែលគាត់បានគ្រងមកុដ Maria Gabriela Lacerda ដោយផ្ទាល់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Miss Universe Brazil 2025។ ការបង្ហាញខ្លួនរបស់តារាស្រី នៅលើឆាកប្រកួតប្រជែងក្នុងវ័យ ៨០ ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រកម្មវិធីប្រកួតសម្រស់។ នៅពេលនោះ Maria Vargas បានស្លៀកពាក់សម្លៀកបំពាក់ដ៏ប្រណិត និងទំនើប ហើយរក្សាអាកប្បកិរិយាច្បាស់លាស់ និងប្រុងប្រយ័ត្ន។

បន្ទាប់ពីជ័យជម្នះ Miss Universe ឆ្នាំ ១៩៦៣ គាត់បានវិលត្រឡប់មកប្រទេសប្រេស៊ីលវិញ គាត់ត្រូវបានស្វាគមន៍ដោយមនុស្សរាប់លាននាក់នៅតាមដងផ្លូវនៃទីក្រុង Rio de Janeiro និង Porto Alegre ដែលជាស្រុកកំណើតរបស់គាត់។

ក្នុងអាយុ ៥៥ ឆ្នាំ រូបនាងបានរងរបួសដាច់សរសៃឈាមខួរក្បាល ដែលប៉ះពាល់ដល់ការចងចាំ និងការនិយាយរបស់នាង ប៉ុន្តែនាងបានជាសះស្បើយឡើងវិញ។ បន្ទាប់ពីការស្លាប់របស់ស្វាមីក្នុងឆ្នាំ ២០០៩ នាងបានផ្លាស់ទៅទីក្រុងក្រាម៉ាដូ ហើយបានជ្រើសរើសជីវិតឯកជន។

Iêda Maria Vargas ធ្លាប់ត្រូវបានជ្រើសរើសជា មនុស្ស ២០ នាក់ដែលមានឥទ្ធិពលបំផុតមកពីទីក្រុងរីអូ ហ្គ្រេនដូ ស៊ូល នៃសតវត្សទី ២០។ នៅថ្ងៃចុងក្រោយរបស់នាង នាងបានចូលរួមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនក្នុងនាមជាភ្ញៀវពិសេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម