វប្បធម៌ ជំនឿ
កម្ពុជាចូលរួមព្រឹត្តិការណ៍ សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន លើកទី១
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតឱ្យក្រុមសិល្បករកម្ពុជាចំនួន ១២រូប ដឹកនាំដោយ លោក លី វណ្ណា អនុរដ្ឋលេខាធិការ ចូលរួមកម្មវិធី “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-អាស៊ានលើកទី១” នៅទីក្រុងណាននីង នៃខេត្តក្វាងសុី សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន” នៃទីក្រុងណាននីង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌អរូបីនេះ ក្រុមសិល្បករកម្ពុជាបាននាំយកសកម្មភាពចូលរួមសំខាន់ៗចំនួន៣៖

១. ការចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន និងការធ្វើបទបង្ហាញអំពី “សមិទ្ធិផលសំខាន់ៗនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” នៅក្នុងកម្មវិធីវេទិកាវប្បធម៌អរូបីចិន-អាស៊ាន របស់ លោក លី វណ្ណា អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

២. ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរចំនួន ៦ទម្រង់ និងការតាំងពិព័រណ៍អំពីផលិតផលក្នុងស្រុកធ្វើដោយដៃ ដែលក្នុងនោះរួមមាន សម្លៀកបំពាក់ប្រពៃណី សំពត់ហូលពិដាន មុខខ្មុក ស្បែកតូច ក្រមា បណ្តោងសោ ស្ទីកគ័រគំនូរបុរាណ រូបគំនូរបុរាណ តែខ្ញី និងវត្ថុអនុស្សាវរីយ៍ដទៃទៀត។ ក្រុមនិស្សិតចិនដែលកំពុងរៀនភាសាខែ្មរ និងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តក្វាងសុី បានមកចូលរួមជួយរៀបចំការដាក់តាំងពិព័រណ៍នេះផងដែរ និងបាននាំយកនំបញ្ចុក ទឹកសណ្តែក និងបង្អែមចេកខ្ទិះ មកដាក់តាំង និងចែកជូនភ្ញៀវទស្សនិកជនពិសាដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរ។ ជាមួយនឹងការដាក់តាំងពិព័រណ៍នេះ ក្រុមសិល្បករខ្មែរបានសម្តែងរបាំឆៃយ៉ាំ ជូនភ្ញៀវទស្សនា និងនាំភ្ញៀវទស្សនិកជនរាំកម្សាន្តយ៉ាងសប្បាយកុះករ។ របាំឆៃយ៉ាំ និងការច្រៀងរាំកម្សាន្តនេះ បានទាក់ទាញភ្ញៀវទស្សនិកជនចិន អាស៊ាន និងជនបរទេសដទៃទៀតចូលរួមយ៉ាងច្រើន និងសប្បាយរីករាយក្រៃលែង។

៣. សម្តែងសិល្បៈ ដោយលើកយកល្ខោនខោល ល្ខោនស្រមោលស្បែកធំ និងរបាំឆៃយ៉ាំ ជូនទស្សនិកជនចិន និងបណ្តាភ្ញៀវអន្តរជាតិដែលមកចូលរួមកម្មវិធីសប្តាហ៍វប្បធម៌អរូបីនេះ។

នៅក្នុងព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១” នេះ មានអ្នកចូលជាច្រើនរយនាក់ដែលក្នុងនោះ រួមមាន សិល្បករមកពីប្រទេសអាស៊ានចំនួន ៦ដូចជា កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេសុី) និងក្រុមសិល្បករ និងអ្នកជំនាញវប្បធម៌អរូបីចិនមកពីខេត្តចំនួន២៥ បានចូលរួមធ្វើបទបង្ហាញក្នុងវេទិកាវប្បធម៌អរូបីចិន-អាស៊ាន, ដាក់តាំងបង្ហាញផលិតផលសិល្បៈ និងវប្បធម៌ ព្រមទាំងសម្តែងសិល្បៈប្រចាំតំបន់របស់ខ្លួនតាមកម្មវិធីដែលបានគ្រោងទុក។

ព្រឹត្តិការណ៍វប្បធម៌អរូបីនេះ ពិតជាបានផ្តល់ឱកាសឱ្យកម្ពុជាបានផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសដល់ប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនដែលបានអញ្ជើញមកចូលរួម ព្រមទាំងទទួលបានចំណេះ និងបទពិសោធន៍ថ្មីៗពីបណ្តាប្រទេសដទៃជាពិសេសចិន និងអាស៊ានក្នុងវិស័យអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់៕



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


