វប្បធម៌ ជំនឿ
កម្ពុជាផលិតជាង ៥០ ភ្លេងខ្មែរស្ដង់ដារអន្តរជាតិ សម្រាប់ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣
បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ស៊ីហ្គេម លើកទី៣២ កន្លងទៅថ្មីៗនេះ នៅថ្ងៃទី៣ ខែមិថុនានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលមានព្រឹត្តិការណ៍បើក-បិទ ដោយបង្ហាញកិត្យានុភាពកម្ពុជាដល់អន្តរជាតិ តាមរយៈផ្ទាំងទស្សនីភាព និងភ្លេងស្ដង់ដាអន្តរជាតិ និពន្ធដោយជនជាតិខ្មែរ និងប្រើឧបករណ៍ភ្លេងខ្មែរ មិនក្រោម ៥០ បទ។

បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកបិទ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើភ្លេងថ្មីច្រើន មិនក្រោម ៥០ បទទេ ដោយគ្រាន់តែកាលបើកស៊ីហ្គេម មានភ្លេងជាង ២០ បទ ចំណែកពេលបិទស៊ីហ្គេម លោកបានផលិត ៥ បទ និងបានត្រៀមភ្លេងសម្រាប់ ព្រឹត្តិការណ៍ បើកបិទ ប៉ារ៉ាហ្គេម បន្តទៀត។

បណ្ឌិត សំ សំអាង មានប្រសាសន៍៖ យើងមិនកំណត់ចំនួនបទភ្លេងទេ យើងមាន ២ព្រឹត្តិការណ៍គឺ ភ្លេងកំដរកីឡា និងកម្មវិធីភ្លេងកំដរវប្បធម៌។ ចំពោះភ្លេងកំដរកីឡា ក៏ខ្ញុំធ្វើដែរ បើយើងនិយាយពីព្រឹត្តិការណ៍បើកស៊ីហ្គេម គឺមានជាង ២០បទ ព្រោះមានបទខ្លីៗដូចជា ពេលគេដង្ហែទង់ជាតិកម្ពុជាក៏មានភ្លេង, ពិធីគោរពទង់ជាតិក៏មានភ្លេង, ពេលដង្ហែទង់ស៊ីហ្គេម យើងមានភ្លេង, សូម្បីគណៈធិបតីអញ្ជើញដើរចូលមក ក៏មានភ្លេង, ពេលគេឧទ្ទេសនាម សម្ដេចពិជ័យសេនា [ទៀ បាញ់] ឯកឧត្ដម ថោង ខុន ក៏យើងមានភ្លេង, ពេលយើងឧទ្ទេសនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ក៏យើងមានភ្លេង, ពេលរត់គប់ភ្លើង ក៏យើងមានភ្លេង, ពេលសច្ចាប្រណិធាន យើងមានភ្លេង, ពេលដុតភ្លើងគប់ យើងមានភ្លេង… គឺថាគ្មានសកម្មភាពណាមួយដែលយើងគ្មានភ្លេងទេ។ ចំណែកភ្លេងកំដរវប្បធម៌ ចែកជា ៤ផែនទៀត គឺទី១ ផែនកកើតទឹកដី ផែនទី២ ភាពរុងរឿងអាណាចក្រអង្គរ ផែនទី៣ ស្នាមញញឹមខ្មែរ និងផែនទី៤ អនាគតកម្ពុជា”។

ប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា រូបនេះ លើកឡើងថា ភ្លេងដែលលោកបង្កើត ដោយមានបញ្ចូលឧបករណ៍ភ្លេងបុរាណខ្មែរ ហើយមានស្ដង់ដារអន្តរជាតិ ដោយសារដោយបានរៀនសូត្រ និងមានបទពិសោធន៍ផ្នែកភ្លេងនៅបរទេសជាង ៣០ ឆ្នាំ។

បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ខណៈខ្ញុំនៅអាមេរិកជិត ២០ឆ្នាំ នៅប្រទេសអូទ្រីស ជាង ១ឆ្នាំ ជប៉ុន ២ឆ្នាំកន្លះ នៅ ហ្វីលីពិន ៤ឆ្នាំ។ ហើយខ្ញុំរៀនបានសញ្ញាបត្របណ្ឌិតផ្នែកភ្លេង ជាអ្នកនិពន្ធបទភ្លេង ដឹកនាំវង់ភ្លេង ដែលខ្ញុំដឹងស្ដង់ដាភ្លេងអន្តរជាតិ។ ខ្ញុំមិនមែនធ្វើដោយស្មានៗទេ ខ្ញុំមើលគំរូច្រើនណាស់។ ខ្ញុំសុំបើរង្វង់ក្រចកបន្តិច ក្នុងការរៀបចំបទភ្លេងស៊ីហ្គេមនេះ រដ្ឋាភិបាលបានបញ្ជូនខ្ញុំទៅសង្កេត ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ [ប្រទេសវៀតណាម] ប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ក៏ខ្ញុំទៅសង្កេត ដើម្បីដឹងថា គេធ្វើម៉េច ហើយយើងត្រូវធ្វើម៉េច។ ចំពោះការរៀបចំរបស់កម្ពុជា គឺល្អលើសគេដាច់ឆ្ងាយ”។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា កម្ពុជាបានសហការជាមួយភាគីចិន ដោយពេលយើងប្រគំ ថត តាមឧបករណ៍ភ្លេងៗនីមួយៗរួចហើយ បានផ្ញើភ្លេងទាំងអស់ទៅភាគីចិន ឱ្យរៀបចំ និងថ្លឹងភ្លេងទាំងអស់ដាក់ជាមួយគ្នា ឱ្យមានកម្រិតអន្តរជាតិ គុណភាពខ្ពស់។

បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ដើម្បីសម្រេចបានសមិទ្ធផលបែបនេះ ដោយសារធនធានដើមខ្មែរយើងមានគុណភាព។ ជាទស្សនៈ និងការពិត គឺបើយើងមិនមានគុណភាព យើងមិនអាចបញ្ចេញផលិតផលមានគុណភាពបានទេ។ ធនធានដើមខ្មែរយើងមានគុណភាព ហើយយើងសហការបច្ចេកវិទ្យាជាមួយចិនទៀត បង្ហាញអត្តសញ្ញាណជាតិខ្មែរ ជាមោទកភាពក្នុងឆាកអន្តរជាតិ ឆ្លុះបញ្ចាំងថា ខ្មែរអាចធ្វើបាន”។

បណ្ឌិត សំ សំអាង ចាត់ទុកស្នាដៃក្នុងព្រឹត្តិការណ៍បើកបិទស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ជា មហាស្នាដៃ ព្រោះរយៈពេល ៦៤ឆ្នាំ មកនេះ កម្ពុជាអត់ដែលធ្វើលក្ខណៈរបៀបហ្នឹង គឺជាលើកទី១ និងជាមោទនភាពជាតិខ្មែរ ដែលធ្វើឱ្យខ្មែរទាំងក្នុង និងក្រៅប្រទេសមានចិត្តរំភើបជាទីបំផុត។

គួរឱ្យដឹងថា សាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក កែវ ដូរីវណ្ណ ជាម្ចាស់សំឡេង ខ្លុយ, សាស្រ្តាចារ្យ កែវ សុនន្ទកវី ជាម្ចាស់សំឡេង ឃឹម រនាត គង ស្គរ សម្ភោ និងរនាតភ្លោះ។ សាស្ត្រាចារ្យ កែវ ដូរីវណ្ណ ជាអ្នកសម្របសម្រួល បទភ្លេងក្នុងវគ្គ កកេីតទឹកដីខ្មែរ និង ភាពរុងរឿងនៃអាណាចក្រអង្គរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រារព្ធចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ កាលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កម្ពុជាបានលេចត្រដែតលើឆាកអន្តរជាតិ ពិសេសពិធីបើកដ៏ទាក់ទាញ និងប្រកបដោយផ្ទាំងទស្សនីយភាពរំភើបរញ្ជួយចិត្ត អង្រួនដួងវិញ្ញាណ នៃអ្នកទស្សនាទាំងក្នុង និងក្រៅទីលាន ទាំងក្នុង និងក្រៅប្រទេស។ ជាលទ្ធផលបច្ចេកទេស កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធិ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ប្រទេសទី៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ