ជីវិតកម្សាន្ដ
ភាពយន្តខ្នាតធំកម្ពុជា ឈានដល់ទីផ្សាររោងភាពយន្តប្រទេសក្នុងអាស៊ី
ភាពយន្តខ្នាតធំកម្ពុជា បានឈានចូលដល់ទីផ្សាររោងភាពយន្តនៅតាមបណ្ដាប្រទេសទ្វីបអាស៊ី ដោយនៅថ្ងៃនេះ ភាពយន្តមួយរបស់ សាស្ត្រាហ្វៀម នឹងចាប់សម្ភោធនៅរោងភាពយន្ត នៃប្រទេសជិតខាងកម្ពុជា។

លោក ពេជ វិស្សុត នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន សាស្ត្រា ឯ.ក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យ កម្ពុជាថ្មី ដឹងថា ខ្សែភាពយន្តខ្នាតធំរឿង “ហាមបិទភ្នែក” ដែលផលិតដោយសាស្ត្រាហ្វៀម បានចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ឥឡូវបានចរាចរណ៍នៅទីផ្សារក្រៅប្រទេស ដោយរួមមានប្រទេសឡាវ ប្រទេសតៃវ៉ាន់ និងប្រទេសវៀតណាម។

លោក ពេជ វិស្សុត បានបញ្ជាក់បន្ថែមថា៖ “ដោយប្រទេសឡាវ នឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃទី៦ ខែកក្កដា ២០២៣ នៅគ្រប់រោងភាពយន្តទំនើបរបស់ខ្លួនតទៅ។ ដោយឡែក ២ប្រទេសទៀត កំពុងកំណត់ថ្ងៃចាក់បញ្ចាំង ហើយពួកយើងនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត”។

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន សាស្ត្រា ឯ.ក រូបនេះបានឱ្យដឹងថា ក្រុមការងារមានសេចក្តីរំភើបខ្លាំង ព្រោះខ្សែភាពយន្តខ្នាតធំមួយនេះ ជាប្រភេទរឿងរន្ធត់ទី១ ដែល សាស្ត្រាហ្វៀម បានផលិត ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងស្រុក ព្រមទាំងក្លាយជាខ្សែភាពយន្តទី១ របស់សាស្ត្រាហ្វៀម ដែលមានវត្តមាននៅក្នុងរោងភាពយន្តក្រៅស្រុក។

លោក ពេជ វិស្សុត បានលើកឡើងថា ការផលិតរបស់ សាស្ត្រាហ្វៀម គឺបានផ្តោតទៅលើស្តង់ដា និងគុណភាពតាំងពីចំណុចចាប់ផ្តើម មិនថាភាពយន្តសម្រាប់ចាក់បញ្ចាំងក្នុងស្រុក ឬក្រៅស្រុកនោះទេ គឺសុទ្ធតែមានគុណភាព និងអត្ថន័យបង្កប់ នៅក្នុងខ្សែភាពយន្តនីមួយៗ។

លោក ពេជ វិស្សុត បញ្ជាក់បន្ថែមថា៖ “ខ្សែភាពយន្តខ្នាតធំរឿង “ហាមបិទភ្នែក” នេះមិនត្រូវបានកែប្រែឡើងវិញមុនលក់ចេញទៅក្រៅប្រទេសនោះទេ គឺពួកយើងរក្សាភាពដើមទាំងស្រុង ដោយគ្រាន់តែបញ្ចូលសំឡេងនិយាយ (Dubbing) ទៅតាមភាសា នៃប្រទេសនីមួយៗប៉ុណ្ណោះ។ អ្វីដែលខ្ញុំចង់បន្ថែមនោះគឺ នៅពេលដែលមានការគាំទ្រពីបងប្អូនក្នុងស្រុក គឺវាជាផ្នែកមួយដែលធ្វើឱ្យទីផ្សារក្រៅស្រុកងាយស្រួលទទួលស្គាល់ផលិតផលរបស់យើងដូចគ្នា”។

លោក ពេជ វិស្សុត បានឱ្យដឹងបន្តថា ខ្សែភាពយន្តរបស់សាស្ត្រាហ្វៀម នឹងបន្តលក់ចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ទៀត ដែលក្នុងនោះក៏មានខ្សែភាពយន្តខ្នាតធំរឿងបែបរន្ធត់ រឿង ផ្ទះតៃហោង ដែលកំពុងត្រៀមខ្លួនចាក់បញ្ចាំងក្នុងស្រុកក្នុងពេលឆាប់ៗនេះ ហើយនឹងបន្តចាក់បញ្ចាំងនៅក្រៅស្រុកដូចគ្នា។ ចំពោះប្រទេសដែលត្រូវចាក់បញ្ចាំង និងថ្ងៃចាក់ផ្សាយ សាស្ត្រាហ្វៀម នឹងបង្ហាញបន្ទាប់ពីការចាក់បញ្ចាំក្នុងស្រុកចប់រួចរាល់ ដោយ សាស្ត្រាហ្វៀម ផ្តល់អទិភាពទៅដល់អ្នកគាំទ្រខ្សែភាពយន្តខ្មែរនៅក្នុងស្រុកជាមុន គឺចាក់បញ្ចាំងតាមរោងភាពយន្តក្នុងស្រុកសិន ទើបរៀបចំកំណត់ថ្ងៃចាក់បញ្ចាំងនៅក្រៅស្រុកបន្តទៀត។

លោក ពេជ វិស្សត បង្ហាញចំណាប់អារម្មណ៍ថា លោកសង្ឃឹមការគាំទ្រលើខ្សែភាពយន្តខ្មែរ ដែលផលិតដោយសាស្ត្រាហ្វៀម និងផលិតកម្មក្នុងស្រុកផ្សេងៗទៀត នៅតែបន្តមានពីបងប្អូនប្រជាជនខ្មែរកាន់តែច្រើន ដែលជាផ្នែកមួយលើកស្ទួយវិស័យភាពយន្តក្នុងស្រុកឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ លោកជឿថា ការគាំទ្រ និងលើកស្ទួយរបស់បងប្អូន គឺជាចំណែកមួយដ៏ធំមួយដែលធ្វើឱ្យទីផ្សារភាពយន្តខ្មែរកាន់តែរីកធំទូលាយ និងមានការទទួលស្គាល់គុណភាព ក៏ដូចជាធ្វើឱ្យទីផ្សារភាពយន្តខ្មែរកាន់តែរឹងមាំ។

គួរបញ្ជាក់ថា សាស្ត្រាហ្វីម ជាក្រុមហ៊ុនផលិតភាពយន្ត បង្កើតដោយកូនខ្មែរ ដែលមានផលិតភាពយន្តភាគ ភាពយន្តអប់រំ ភាពយន្តខ្សែជីវិត ដាក់ទូរទស្សន៍ និង App ផ្ទាល់ខ្លួន។ សាស្ត្រាហ្វីម កំពុងទទួលបានការគាំទ្រពីមហាជន ដោយសារការផលិតភាពយន្តប្លែកៗ មានខ្លឹមសារអប់រំសង្គម និងមានគុណភាពអាចទទួលយកបាន ទាំងភាពយន្តភាគ រឿងខ្លី ភាពយន្តបញ្ចាំងរោងកុន បែបតថភាពសង្គម និងបែបអប់រំ ព្រមទាំងរឿងជាតក បានជាង ៤០០រឿង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


