ព័ត៌មានជាតិ
បណ្ឌិត ដៀប សុផល៖ កម្មវិធីនយោបាយរបស់រដ្ឋាភិបាលថ្មី នឹងលើកស្ទួយការអភិវឌ្ឍសង្គមដោយចីរភាព
អ្នកតាមដានសង្គម លោកបណ្ឌិត ដៀប សុផល បានចាត់ទុកកម្មវិធីនយោបាយទាំង៦ របស់រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលើកស្ទួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែខ្លាំងក្លា និងប្រកបដោយចីរភាព។

ដើម្បីបន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្រថ្មីមួយ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ យុទ្ធសាស្ត្របញ្ចកោណនេះ ក្រោមបាវចនា ៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ខណៈពេលជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ប្រកាសអនុវត្តលើកម្មវិធីនយោបាយជាអាទិភាពចំនួន៦ ដើម្បីជំរុញកម្លាំងសេដ្ឋកិច្ចកម្ពុជាកាន់តែលូតលាស់ថែមទៀត។
លោកបណ្ឌិត ដៀប សុផល បានពិនិត្យឃើញថា កម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ គឺមានលក្ខណៈមុតស្រួច ដែលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសង្គមជាតិ ពិសេសនឹងចូលរួមលើកស្ទួយសង្គមចំនួន៤ចំណុច។ ចំណុចទី១ នឹងចូលរួមលើកស្ទួយធនធានជាតិរបស់កម្ពុជា ដែលសំដៅដល់ការលើកកម្ពស់ធនធានមនុស្ស គឺចំណេះចេះដឹងរបស់ប្រជាជន។ បណ្ឌិត ដៀប សុផល បានលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ ជាពិសេសយុវជន ត្រូវបានចាត់ទុកជាធនធានជាតិមួយ ដោយហេតុថា អ្នកទាំងនោះ នឹងមានចំណេះជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ផ្សារភ្ជាប់ជាមួយនឹងការលើកស្ទួយធនធានមនុស្សនេះ ក៏នឹងនាំទៅដល់ការលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ក្រោមការជួយរបស់រដ្ឋាភិបាល។ ត្រង់ចំណុចទី២នេះ ត្រូវបានលោកបណ្ឌិត ដៀប សុផល រៀបរាប់ថា រាជរដ្ឋាភិបាលបានផ្ដោតយកចិត្តទុកដាក់ទៅលើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ ក៏ដូចជាក្រុមជនរងហានិភ័យ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច ឬគ្រាមានអាសន្ន តាមរយៈកម្មវិធីលើកកម្រិតជីវភាពប្រជាជន និងការផ្ដល់ជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីមានលទ្ធភាពស្វែងរកការងារល្អៗធ្វើ ហើយបានប្រាក់ចំណូលខ្ពស់។
រីឯ ចំណុចទី៣ លោកបណ្ឌិត ដៀប សុផល មើលឃើញថា នឹងផ្ដល់ការលើកស្ទួយដល់ខាងបច្ចេកវិទ្យាទំនើប ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលតាមរយៈយុទ្ធសាស្ត្របញ្ចកោណ បានលេចឡើងនូវរាជរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ លោកបណ្ឌិត បានបញ្ជាក់ថា ទាំងនេះជាបច្ចេកវិទ្យាទំនើបមិនអាចខ្វះបាន ហើយរាជរដ្ឋាភិបាលឌីជីថល ក៏ដូចជាសេដ្ឋកិច្ចឌីជីថល នឹងជួយជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីដើរឱ្យទាន់ទៅតាមរបត់សេដ្ឋកិច្ចពិភពលោក។
លោកបណ្ឌិត បានសង្កត់ធន់ថា ការលើកកម្ពស់បច្ចេកវិទ្យាទំនើប គឺជាភាពចាំបាច់ ដែលរាជរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានយកមកអនុវត្តក្នុងកម្មវិធីនយោបាយសម្រាប់អាណត្តិថ្មីនេះ។ បើតាមលោកបណ្ឌិត ដៀប សុផល កម្មវិធីដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់ និងការជំរុញសកម្មភាពកសិកម្ម រួមទាំងការរៀបចំសមាគមកសិករនៅជនបទផងនោះ ក៏ជាការជួយជំរុញឱ្យប្រជាកសិករទទួលបាននូវបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មផងដែរ។

ជាមួយគ្នានេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញលើការពង្រឹងសេវាថែទាំសុខភាពសាធារណៈ នឹងលើកស្ទួយដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា។ បណ្ឌិត ដៀប សុផល អះអាងថា ការលើកកម្ពស់សុខមាលភាពប្រជាជន ប្រៀបបានដូចជាការលើកកម្ពស់កម្លាំងពលកម្មជាតិ នៅពេលប្រជាជនត្រូវបានធានានូវសុខមាលភាពល្អប្រសើរនោះ នឹងជំរុញឱ្យសេដ្ឋកិច្ចកាន់តែដើរលឿនទៅមុខ។
ជារួម លោកបណ្ឌិត ដៀប សុផល សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តបេសកកម្មពីសម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន ប្រកបដោយសក្តានុពល ក៏ដូចជានាំមកនូវស្ថិរភាពសង្គម និងវឌ្ឍនភាពល្អប្រសើរទ្វេដង៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


