ព័ត៌មានជាតិ
លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ ជាហត្ថលេខីម្នាក់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ស្ថិតក្នុងចំណោមទេសរដ្ឋមន្ត្រីចំនួន២១រូប នៃសមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី៧នេះ លោក អៀង មូលី ត្រូវបានបន្តតំណែងជាទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដដែល ខណៈលោក បានដឹកនាំស្ថាប័ននេះ តាំងពីឆ្នាំ២០១៣។ អតីតភាពរបស់លោក អៀង មូលី ជាអ្នកនយោបាយចាស់វស្សា និងជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។

លោក អៀង មូលី ជាអ្នកតស៊ូក្រៅប្រទេស ដែលបានចាកចេញពីប្រទេសបារាំងដើម្បីចូលរួមជាមួយរណសិរ្យជាតិរំដោះប្រជាជនខ្មែរ ដឹកនាំដោយលោក សឺន សាន នៅទល់ដែនកម្ពុជា-ថៃ។ ក្នុងដំណាក់កាលអន្តរកាល ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩០ ដែលមានសមាជិកចំនួន ១២រូប មកពីភាគីជម្លោះកម្ពុជាទាំង ៤ ដោយក្នុងនោះ លោក អៀង មូលី ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាជាតិ SNC នេះដែរ ដែលតំណាងឱ្យរណសិរ្យលោក សឺន សាន។ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ SNC លោក អៀង មូលី ក៏បានក្លាយជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ក្រោយពេលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានលេចចេញជារូបរាង ការបោះឆ្នោតជាតិជាលើកដំបូងនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថា អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣។ ក្នុងការបោះឆ្នោត អាណត្តិទី១នេះ លោក អៀង មូលី បានជាប់ឆ្នោតជាសមាជិកសភា នៅមណ្ឌលខេត្តព្រៃវែង នៃកូតាគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក អៀង មូលី ជាស្ថាបនិកមួយរូបនៃការតាក់តែងច្បាប់ស្តីពីរបបសារព័ត៌មាន។

ក្រៅពីតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក អៀង មូលី ក៏ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងជាជនជាតិខ្មែរទី១ ដែលបានក្លាយជានាយកមជ្ឈមណ្ឌលកំចាត់មីននេះ។ រហូតដល់ឆ្នាំ២០០៨ លោក ត្រូវបានតែងតាំងមុខតំណែងជាទេសរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល អាណត្តិទី៤ ដោយជួយការងារនាយករដ្ឋមន្រ្តីផ្នែកកិច្ចការកំចាត់មីននេះតទៀត ខណៈនៅឆ្នាំ២០១២ លោក ត្រូវផ្លាស់មកកាន់តួនាទីជាអនុប្រធានទី១ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ នៃទីស្ដីការគណៈរដ្ឋមន្ត្រីវិញ។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ លោក អៀង មូលី បានរក្សាមុខតំណែងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសដដែល តែលោក ត្រូវទទួលបន្ទុកលើកិច្ចការថ្មីផ្សេងមួយទៀត ក្នុងតួនាទីជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏។ លោក អៀង មូលី បានដឹកនាំ គ្រប់គ្រងលើការប្រយុទ្ធនឹងជំងឺអេដស៍នេះ អស់រយៈពេល ១០ឆ្នាំមកហើយ ខណៈក្នុងអាណត្តិទី៧នេះ លោក ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់សេចក្ដីទុកចិត្ត និងប្រគល់ភារកិច្ចដល់លោកឱ្យធ្វើជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ដដែល។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ចប់ការសិក្សាសញ្ញាបត្រពាណិជ្ជសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានទៅសិក្សានៅវិទ្យាស្ថានជាតិបចេ្ចកទេសសេដ្ឋកិច្ច និងគណនេយ្យ នាទីក្រុងប៉ារីស ប្រទេសបារាំង ព្រមទាំងទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសខាងអក្សរសាស្រ្តមនុស្សជាតិ ពីសាកលវិទ្យាល័យ Armstrong រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


