ព័ត៌មានជាតិ
អាជ្ញាធរកំពុងផ្សព្វផ្សាយស្វែករកអ្នកផ្ទុកមេរោគអេដស៍ជាង ៤ ០០០ នាក់ឱ្យមកទទួលសេវាព្យាបាល
រដ្ឋាភិបាលកម្ពុជា ណែនាំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយស្វែងរកអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណជាង ៤ ០០០នាក់ ដែលមិនទាន់បានដឹងពីស្ថានភាពរបស់ពួកគេឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលទាន់ពេល និងខិតខំកាត់បន្ថយអត្រាបោះបង់ការថែទាំ និងព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍។ ការណែនាំនេះ ធ្វើឡើងតាមរយៈសារលិខិតរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស”។

ការណែនាំនេះ ខណៈនៅឆ្នាំ២០២៤ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៦ ០០០នាក់ ដែលក្នុងនេះអ្នកផ្ទុកមេរោគ អេដស៍ចំនួន ៧១ ៧១៦នាក់ បានទទួលការធ្វើតេស្តរកមេរោគ និងបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ របស់ពួកគេ និងបានទទួលសេវាថែទាំនិងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅមូលដ្ឋាន សុខាភិបាលរបស់រដ្ឋនៅទូទាំងប្រទេស ស្មើនឹង១០០% ដែលជាអត្រាគ្របដណ្តប់ខ្ពស់ជាងគេនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ ប៉ុន្តែអ្នកផ្ទុកមេរោគអេដស៍ជាង ៤០០០ នាក់ទៀតពុំទាន់បានមកទទួលសេវាធ្វើតេស្តឬព្យាបាលនៅឡើយទេ។
ទោះជាបែបនេះក្តី ករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ជាក់ស្តែងការឆ្លងថ្មីនៃមេរោគអេដស៍បានធ្លាក់ចុះពី ១ ៥០០ករណីក្នុងឆ្នាំ២០២៣ មកនៅត្រឹម ១ ២០០ករណីក្នុងឆ្នាំ២០២៤។ ចំណែកឯចំនួនអ្នកស្លាប់ ដោយសារមេរោគអេដស៍ក៏បានធ្លាក់ចុះពី ១ ១០០ករណីក្នុងឆ្នាំ២០២៣ មកនៅត្រឹម ១ ០០០ករណី ក្នុងឆ្នាំ២០២៤។
អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រដែលកំពុងទទួលបាន នូវផលប្រយោជន៍នៃកម្មវិធីគាំពារសង្គមកាន់តែទូលំទូលាយ។ គិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធី ក្នុងត្រីមាសទី១ ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៣ ៨២១នាក់ បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាល ស្មើនឹង ៧៥% នៃអ្នកផ្ទុកមេរោគអេដស៍ សកម្មចំនួន ៧១ ៧១៦នាក់។
ជាមួយនឹងសមិទ្ធផលខាងលើ នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយស្វែងរកអ្នកផ្ទុកមេរោគអេដស៍ឱ្យមកទទួលសេវា ដើម្បីការពារសមិទ្ធផលសម្រេចបាន ព្រមទាំងរុញការឆ្លើយតប នឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ ក្នុងសារលិខិតសង្កត់ធ្ងន់ថា៖«មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ។ ជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណៈមួយដែលបាន ប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន រួមទាំងជះផលអវិជ្ជមានដល់សង្គម សេដ្ឋកិច្ច នៅទូទាំងពិភពលោក»។
ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយ ការប្រឈមថ្មីនានា រួមទាំងការកាត់បន្ថយថវិកាពីអ្នកផ្តល់ជំនួយអន្តរជាតិ ក៏ដូចជាដើម្បីបង្ហាញពីចីរភាពនិងភាពធន់ របស់ប្រទេស និងសហគមន៍ដែលក្រោកឈរយ៉ាងរឹងមាំក្នុងការការពារសមិទ្ធផលសម្រេចបាន ព្រមទាំងរុញការឆ្លើយតប នឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
សារលិខិតបញ្ជាក់ថា ប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យសំខាន់ក្នុងការជំរុញ ឱ្យសង្គមខិតខំប្រឹងប្រែងបន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាព រឹងមាំជាងមុន។ ការរំខានដូចជា ការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ កង្វះការយល់ដឹងត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធាន ឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធដែលតម្រូវឱ្យយើងទាំងអស់ពង្រឹងកិច្ចសហការគ្រប់តួអង្គ ដើម្បីគាស់រំលើងឧបសគ្គទាំងនោះ ហើយជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយ ក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


