ព័ត៌មានជាតិ
តើតំណាងរាជរដ្ឋាភិបាលកម្ពុជារូបណាខ្លះ ធ្លាប់ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ?
នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឡើងថ្លែងមហាសន្និបាត ក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិករួចរាល់ហើយ។

ឆ្លៀតក្នុងឱកាស ដែលសម្ដេច ហ៊ុន ម៉ាណែត បានថ្លែងក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិនេះ រួចរាល់ កម្ពុជាថ្មី សូមជម្រាបជូនប្រិយមិត្តអំពី បណ្ដានាយករដ្ឋមន្ត្រី តំណាងរដ្ឋាភិបាលកម្ពុជា ដែលមានវត្តមានឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកអង្គការសហប្រជាជាតិកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ រហូតមកដល់បច្ចុប្បន្ន។
១/ លោក នង គឹមនី តំណាងកម្ពុជា ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិជាលើកដំបូង
ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិនៅអង្គការសហប្រជាជាតិ លោក នង គឹមនី តំណាងឲ្យកម្ពុជា បានថ្លែងអរគុណអង្គការសហប្រជាជាតិ ដែលបានបញ្ចូលកម្ពុជាជាសមាជិក ជាមួយគ្នានេះ លោក នង គឹមនី ក៏បានសម្តែងការខកចិត្ត ចំពោះការខ្ទាស់បេក្ខភាពក្នុងបញ្ជីតែមួយ ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។ កាលណោះ លោក នង គឹមនី ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ប្រជាជនកម្ពុជា ទូទាំងប្រទេសបានសោកស្ដាយជាខ្លាំង ព្រោះកម្ពុជាបានដឹងច្បាស់ថា កម្ពុជាបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ លើសពីនេះ លោក នង គឹមនី មិនបានប្រកាសពីបន្ទាត់នយោបាយអព្យាក្រឹតភាពរបស់កម្ពុជានៅឡើយទេ ទោះកម្ពុជាបានចូលរួមសន្និសីទទីក្រុងបាន់ដុង ជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនាឆ្នាំ១៩៥៥ មុនពេលប្រកាសនេះប៉ុន្មានខែនោះ។

យ៉ាងណា នៅខែកញ្ញា ឆ្នាំ១៩៥៦ ថ្លែងក្នុងឋានៈជាសមាជិកពេញសិទ្ធិនៅមហាសន្និបាតជាលើកដំបូង ទើបលោក នង គឹមនី បានបញ្ជាក់ពីអព្យាក្រឹតភាពរបស់កម្ពុជា ដែលមានព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានយាងចូលរួមសន្និសីទចលនាមិនចូលបក្សសម្ព័ន្ធនាទីក្រុងបាន់ដុងនាឆ្នាំ១៩៥៥។
មកដល់ចំណុចនេះ សូមជម្រាបថា ការប្តូរពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយ មិនបានធ្វើឲ្យអាសនៈរបស់រដ្ឋមួយនៅអង្គការសហប្រជាជាតិបាត់បង់នោះទេ។
យ៉ាងណា នៅក្នុងរបបសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់ លោក លន់ នល់ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មិនមានឯកសារណាមួយដែលបានបញ្ជាក់ពីអ្នកតំណាងកម្ពុជា ទៅចូលរួមថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឡើយ។
២/ តំណាងខ្មែរក្រហមឡើងថ្លែងនៅ មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោយឆ្នាំ១៩៧៩
ចាប់ពីឆ្នាំ១៩៧៩ រដ្ឋាភិបាលខ្មែរក្រហម ជាតំណាងស្របច្បាប់ នៅអង្គការសហប្រជាជាតិ។ តំណាងខ្មែរក្រហមតែងតែឡើងថ្លែង រៀងរាល់មហាសន្និបាតអង្គការសហប្រជាជាតិ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការផ្លាស់ប្ដូរអ្នកផ្សេងជំនួសរដ្ឋាភិបាលខ្មែរក្រហម។

៣/ លោក ស៊ឺន សាន ជាតំណាងឲ្យកម្ពុជាប្រជាធិបតេយ្យ ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៨៩
លោក ស៊ឺន សាន ជាអ្នកតំណាងឱ្យរបបកម្ពុជាប្រជាធិបតេយ្យ បានឡើងថ្លែង នៅមហាសន្និបាតអង្គការសហប្រជាជាតិនាឆ្នាំ១៩៨៩។

៤/ សម្ដេចនរោត្ដម សីហនុ ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩១
នៅឆ្នាំ១៩៩០ ជាពេលដែលអាសនៈ កម្ពុជាត្រូវទុកឲ្យនៅទំនេរ ពេលដែលកម្ពុជាកំពុងស្ថិតក្នុងអន្តរកាល។ រហូតដល់ឆ្នាំ១៩៩១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាពលើការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខ ទើបអាសនៈកម្ពុជានៅមហាសន្និបាតត្រូវប្រគល់ឲ្យឧត្តមក្រុមប្រឹក្សាជាតិនេះឯង។ ដូច្នេះហើយ ទើបគេឃើញសម្តេច នរោត្តម សីហនុ បានឡើងថ្លែងនៅមហាសន្និបាតក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា នៅខែកញ្ញា ឆ្នាំ១៩៩១។

៥/សម្ដេចតេជោ ហ៊ុន សែន ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩៩
សម្តេច ហ៊ុន សែន បានអញ្ជើញឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញា ឆ្នាំ១៩៩៩។ សម្ដេចតេជោ ហ៊ុន សែន បានបន្តឡើងថ្លែងចាប់តាំងពីពេលនោះ រហូតមកដល់ឆ្នាំ២០២២ ដែលជាលើកចុងក្រោយបង្អស់ នៃការឡើងថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។

៦/ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២៣នេះ
នេះជាលើកទីមួយហើយ ដែលសម្ដេច ហ៊ុន ម៉ាណែត ត្រូវឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន៖ បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ