Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសថ្លែងនៅUN ពី​ការបំពានរបស់ថៃលើទឹកដី និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​ថាទោះបីជាមានបទ​ឈប់បាញ់​ក្ដី​តែ​ប្រទេស​ជិតខាង​ដែលលោកសំដៅ​លើ​ប្រទេស​ថៃបានបន្តធ្វើ​សកម្មភាពដោយ​ឯកតោភាគីដណ្ដើម​អធិបតេយ្យភាព​ទឹកដី​របស់​កម្ពុជា ប្រើកម្លាំង​បណ្ដេញពលរដ្ឋ​ខ្មែរ​ចេញពី​ផ្ទះ​សំបែង​ដែលពួក​គេ​រស់​នៅ​រាប់​ទស្សវត្សមក​ហើយ គឺ​ជា​សកម្មភាពដែលបំផ្លាញ​ដល់​ការ​ទុកចិត្ត​ មិនគោរព​នូវ​កិច្ច​ព្រមព្រៀង សន្និសញ្ញាអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា នៅ​ញ៉ូវយ៉ក ត្រូវ​នឹង​វេលាយប់ម៉ោង​ប្រមាណ​១១​នៅ​កម្ពុជា​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សកម្មភាព​រាប់​មិន​អស់​របស់​ថៃ​លើ​កម្ពុជាបាន​បំផ្លាញ​ដល់​កិច្ច​ខិតខំប្រឹង​ប្រែង​កសាង​ទំនុកចិត្ត និង​សន្ដិភាព។ ក្រៅពី​ការ​លើក​ឡើង​ពី​ការ​បំពារបំពាន​ទឹក​ដី​កម្ពុជា​ដោយ​ប្រើប្រាស់​ផែន​ទី​​ឯកតោភាគីរបស់​ថៃ លោក ប្រាក់ សុខុន បាន​លើក​ឡើង​ពី​ការ​បណ្ដេញពលរដ្ឋ​កម្ពុជា​ចេញពី​ផ្ទះសំបែងពួកគេដោយ​កង​ទ័ព​ថៃ​ព្រមទាំងគំរាម​កំហែង​ប្រើច្បាប់ថៃ​ប្រឆាំង​ពលរដ្ឋ​កម្ពុជាថែមទៀត​ផង។

លោកថា​៖ «នៅ​ក្នុងដំណើ​ការនេះ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​ត្រូវ​បាន​រំលោភ ហើយ​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូររបស់​ប្រជាជន​កម្ពុជា​ជាច្រើន​ត្រូវ​បាន​រំលោភបំពាន​»។


ជាមួយ​គ្នា​នេះ​លោកឧបនាយករដ្ឋមន្ត្រីបានថ្លែង​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​គោរព​បទ​ឈប់បាញ់ និងបង្ហាញពី​តម្លាភាព​ពេញ​លេញ​នៃ​ការ​អនុវត្តន៍​របស់​ខ្លួន​ផងដែរ។ លោកបានស្វែង​រក​ការគាំទ្រពី​អាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្ថាប័នរបស់​UN និង​មេដឹក​នាំពិភព​លោកដើម្បីជួយបន្ថយភាព​តានតឹងរវាង​កម្ពុជា-ថៃ និង​លើក​ទឹកចិត្ត​ដល់​ការ​ស្វែង​រក​ដំណោះស្រាយ​ដោយសន្ដិវិធីទប់ស្កាត់​សោកនាដកម្ម​បន្ត​ទៀត។

លោកបន្ថែម​ថា៖ «កម្ពុជា​ជា​ប្រទេស​តូចមួយ​ដែល​ផ្តោត​លើការ​កសាង​សេដ្ឋកិច្ចរបស់​យើង​ឡើងវិញ និង​លើក​កម្ពស់​សុខុមាលភាពរបស់​ប្រជាជនយើង។ យើង​មិនបង្កការ​គំរាម​កំហែងដល់​អធិបតេយ្យភាព​របស់​ប្រទេស​ណាមួយ​ឡើយ​»។

ជាមួយ​នឹង​ការ​ប្ដេជ្ញាការ​ពារទឹកដី​ បូរណភាព​ទឹកដី​របស់​ខ្លួន​ជា​និច្ច លោកឧបនាយករដ្ឋមន្ត្រីថា​កម្ពុជា​នឹង​បន្ត​ខិតខំ ប្រឹងប្រែងស្តារឡើងវិញនូវទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម