ព័ត៌មានជាតិ
សារមន្ទីរខេត្តបាត់ដំបង នឹងលក់សំបុត្រសម្រាប់ភ្ញៀវបរទេសចូលទស្សនា ចាប់ពីដើមខែមករា តទៅ
សារមន្ទីរខេត្តបាត់ដំបង នឹងចាប់ផ្ដើមលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះតទៅ ហើយចំពោះភ្ញៀវទេសចរជាជនជាតិខ្មែរ មិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានឲ្យដឹងថា តម្លៃសំបុត្រចូលទស្សនាសារមន្ទីរខេត្តបាត់ដំបង សម្រាប់ភ្ញៀវជនជាតិខ្មែរ មិនមានការគិតថ្លៃនោះទេ។ ហើយភ្ញៀវបរទេសអាយុក្រោម ១០ឆ្នាំ ខាងមន្ទីរ ក៏មិនគិតថ្លៃសំបុត្រដូចគ្នា ប៉ុន្តែជនបរទេសដែលមានអាយុចាប់ពី ១០ឆ្នាំ ឡើងទៅ តម្លៃសំបុត្រ ១២,០០០រៀល ក្នុង ១ នាក់ (មានសុពលភាព០១ថ្ងៃ)។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា សម្រាប់ជនបរទេស មានអាយុក្រោម ១០ឆ្នាំ មិនតម្រូវឲ្យទិញសំបុត្រ តែត្រូវបង្ហាញឯកសារពាក់ព័ន្ធ ឬលិខិតឆ្លងដែនទៅកាន់បញ្ជរលក់សំបុត្រ ឬមន្ត្រីឆែកសំបុត្រ។ ករណីពុំមានឯកសារបញ្ជាក់ច្បាស់លាស់ ភ្ញៀវត្រូវបង់ប្រាក់ចូលទស្សនាតាមការកំណត់ដូចក្នុងសេចក្ដីជូនដំណឹង។

ជាមួយគ្នានេះ មន្ត្រី នៃមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានលើកឡើងដែរថា សារមន្ទីរ ជាកន្លែងប្រមូលផ្តុំនូវគ្រប់ផ្ទាំងទស្សនីយភាពដែលរួមបញ្ចូលនូវផ្នែកវប្បធម៌ សិល្បៈ ចម្លាក់ ក្បូរក្បាច់រចនា និងសំណង់ស្ថាបត្យកម្មដ៏ល្អឯក។ ហើយសារមន្ទីរខេត្តបាត់ដំបង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៦៨ ដោយស្ថាបត្យករ យាង (Yieng) ដែលជាស្ថាបត្យករប្រចាំខេត្តបាត់ដំបង និងធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូន នាសម័យនោះផងដែរ។

យ៉ាងណាមិញ សារមន្ទីរ និងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបង ក៏ត្រូវបានជួសជុលឡើងក្រោមការឧបត្ថម្ភគាំទ្រពីអង្គការមិត្តវប្បធម៌ខ្មែរ FOKCI ដោយចំណាយថវិកាជាង ២៧ម៉ឺនដុល្លារអាមេរិក និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការម្ដងទៀត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ងួន រតនៈ កាលដែលលោកនៅជាអភិបាលខេត្តបាត់ដំបង។

ទន្ទឹមនោះដែរ លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានឲ្យដឹងថា រូបចម្លាក់ និងវត្ថុបុរាណផ្សេងៗ ទៀត ដែលមានក្នុងសារមន្ទីរខេត្តបាត់ដំបង សព្វថ្ងៃនេះមានប្រមាណ ១,៥០០រូប ក្នុងនោះមានរូបចម្លាក់ ឬវត្ថុបុរាណ សាងសង់ពីថ្ម ឈើ មាស សំរឹទ្ធ ស្ព័ន ដីដុត។ ហើយរូបចម្លាក់ ឬវត្ថុបុរាណខ្លះ ក៏មានអាយុកាលរហូតដល់ទៅជាង ៧ម៉ឺនឆ្នាំមកហើយដែរ ដែលបានកសាងតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។

គួរជម្រាបថា សារមន្ទីរខេត្តបាត់ដំបង មានទីតាំងស្ថិតនៅតាមដងផ្លូវលេខ០១ ខាងជើងវិមានឯករាជ្យប្រហែល ១០០ម៉ែត្រ ចំកណ្ដាលក្រុងបាត់ដំបង៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


