ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី រំលឹកថា ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាភាពជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំលឹកថា ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាភាពជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំលឹកបែបនេះ ក្នុងឱកាស ឯកឧត្ដម ប្រកាសចូលរួមអបអរសាទរខួបលើកទី ៣១ តំបន់រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានរំលឹក និងលើកឡើងថា «ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាភាពជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ និងក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ»។

ឯកឧត្ដម លើកឡើងបន្ថែមថា ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាការសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសគ្រប់ៗ ជំនាន់ ក្នុងអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
ឯកឧត្ដម សង្កត់ធ្ងន់ថា ប្រាង្គប្រាសាទអង្គរ គឺជាដួងព្រលឹងជាតិ និងជានិមិត្តរូប នៃភាពរុងរឿងថ្កុំថ្កើង នៃអារ្យធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរ។

គួរជម្រាបថា នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ គឺជាខួបលើកទី ៣១ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៣)។
ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយ បានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ ១៩៩៣ ក្រោមការផ្ដួចផ្ដើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើង នាខែធ្នូ ឆ្នាំ ១៩៩៣។
តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១ គីឡូម៉ែត្រក្រឡា។
នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត ១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


