ព័ត៌មានជាតិ
បុរសជនជាតិអាមេរិកប្រាប់អព្ភូតហេតុ ប្រាសាទបុរាណខ្មែរហាក់មានថាមពលពិសេស អាចឆ្លងឆ្លើយទៅសាច់ញាតិនៅទីសែនឆ្ងាយ
អ្នកទេសចរអាមេរិកដែលមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ បានរៀបរាប់បទពិសោធន៍ដែលបានមកទស្សនានិងរស់នៅខេត្តសៀមរាប ខណៈដែលលោកជឿជាក់ ហាក់ទទួលបានអារម្មណ៍ពិសេសនៃព្រលឹងប្រាសាទបុរាណខ្មែរនៅតំបន់អង្គរ។
លោក Craig Dodeg បានមកទស្សនាខេត្តសៀមរាបជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩។ ជិត ២០ ឆ្នាំ នេះ លោកបានផ្សារភ្ជាប់ក្តីស្រលាញ់ជាមួយវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ លោកបានប្រាប់ពីជំនឿមួយ ដែលប្រាសាទខ្មែរហាក់អាចឲ្យលោកផ្ញើសារឬជជែកទៅសាច់ញាតិនៅទីសែនឆ្ងាយបាន។

លោក Craig Dodeg ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន
លោក Craig Dodeg ប្រាប់ថា ទោះបីជាលោកមិនសូវដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍ខ្លាំងបំផុតគឺព្រលឹងនិងស្មារតី ដែលស្ថិតនៅក្នុងប្រាសាទបុរាណខ្មែរ។
លោកបានលើកយកទីតាំងចំនួនពីរដែលធ្វើឲ្យលោករំជួលចិត្តបំផុត គឺនៅពេលលោកបានទៅទស្សនានៅក្លោងទ្វារខ្មោចនៃប្រាសាទអង្គរធំ ដែលលោកបានរៀបរាប់ពីទិដ្ឋភាពនៅទីនោះមានភាពស្ងាត់ជ្រងំ ដែលធ្វើឲ្យលោកមានអារម្មណ៍ថាអាចទាក់ទងឬនិយាយជាមួយសាច់ញាតិនៅទីដ៏សែនឆ្ងាយ។
លោករៀបរាប់ដូច្នេះថា «កាលពីប៉ុន្មានឆ្នាំមុន ពេលដែលឪពុករបស់ខ្ញុំកំពុងឈឺធ្ងន់រៀបនឹងលាចាកលោកទៅនៅសហរដ្ឋអាមេរិក ខ្ញុំបានឡើងទៅលើភ្នំក្រោម ហើយនិយាយបណ្តែតតាមខ្យល់ប្រាប់ឪពុកថា បើដល់ពេលត្រូវទៅហើយ ពុកក៏ទៅចុះ។ ត្រឹមតែ ១៥ នាទីបន្ទាប់ពីខ្ញុំចុះមកដល់ផ្ទះវិញ ខ្ញុំទទួលបានទូរសព្ទប្រាប់ថាឪពុកខ្ញុំបានស្លាប់បាត់បង់ជីវិតមែន»។
លោកបានរំលឹកហេតុការណ៍នេះធ្វើឲ្យលោកជឿថា តំបន់អង្គរមានថាមពលពិសេសម្យ៉ាងដែលប៉ះពាល់ដល់ព្រលឹង និងអាចបញ្ជូនសាររបស់គាត់បាន។
លោកក៏បានលើកឡើងពីបទពិសោធន៍ពេលលោកមកទស្សនាតំបន់អង្គរជាលើកទីមួយជាមួយក្រុមទេសចរណ៍ លោកកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើនចូលចិត្តដើរប្រញាប់ប្រញាល់ ដែលធ្វើឲ្យពួកគេរំលងតម្លៃពិតប្រាកដនៃតំបន់អង្គរ។

លោកប្រាប់ថា «ដើម្បីស្គាល់អង្គរឲ្យច្បាស់ គេមិនត្រូវដើរប្រញាប់ពេកទេ គឺត្រូវចំណាយពេលដើរយឺតៗ ស្ដាប់ភាពស្ងាត់ស្ងៀម និងសំឡេងធម្មជាតិដូចជាសំឡេងសត្វចាប ដើម្បីទទួលយកបរិយាកាស និងថាមពលផ្លូវចិត្តនៅទីនោះ»។
ការដើរទស្សនានៅតំបន់អង្គរ លោក Craig Dodeg ចូលចិត្តទៅកន្លែងដែលមិនសូវមានភ្ញៀវទេសចរទៅដល់ ដូចជាជិះកង់ឬដើរតាមផ្លូវដីក្នុងព្រៃដែលកើតចេញពីការដើរចុះឡើងរបស់អ្នកភូមិ ជាជាងការដើរតាមផ្លូវចាក់សាប ដោយវាផ្តល់នូវអារម្មណ៍រុករកពិតៗ ដូចជាការផុសចេញពីព្រៃមកប្រទះនឹងប្រាសាទតែម្ដង។

ពាក់ព័ន្ធសម្បត្តិវប្បធម៌ខ្មែរដែលបន្សល់ទុកនេះ បុរសជនជាតិអាមេរិករូបនេះមានការស្ញប់ស្ញែងចំពោះសមត្ថភាពរបស់បុព្វបុរសខ្មែរកាលជំនាន់មុន។ លោកស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះឆន្ទៈ ភាពព្យាយាម និងសមត្ថភាពរបស់មនុស្សសម័យមុន ដែលអាចដឹកថ្មឡើងភ្នំ និងសាងសង់សំណង់ដ៏អស្ចារ្យនេះបាន។
លោកក៏លើកឡើងពីបាតុភូតសមរាត្រី (Equinox) ដែលព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត។
លោកជឿជាក់ថា បុព្វបុរសខ្មែរសម័យមុនពូកែសង្កេតមើលផ្កាយ ព្រះអាទិត្យ និងគន្លងតារា ទើបអាចគណនាប្លង់សាងសង់បានយ៉ាងត្រឹមត្រូវបែបនេះ។ ក្រៅពីនេះ លោកក៏មានការកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំប្រព័ន្ធទឹក និងធារាសាស្ត្ររបស់ដូនតាខ្មែរនាសម័យនោះផងដែរ។
បន្ថែមពីនេះ លើសពីការអភិរក្សប្រពៃណីវប្បធម៌បុរាណ លោកក៏ចង់ឲ្យពិភពលោកបានឃើញនិងផ្តល់តម្លៃដល់សិល្បៈបែបទំនើប ឬសហសម័យរបស់កម្ពុជាផងដែរ ដូចជា សិល្បៈសៀក តន្ត្រីករ អ្នកគូរគំនូរជីវចល និងអ្នកបង្កើតមាតិកាតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្ហាញពីការវិវឌ្ឍចម្រុះនៃវប្បធម៌ខ្មែរនាពេលបច្ចុប្បន្ន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


