ព័ត៌មានជាតិ
ក្មេងលក់វត្ថុអនុស្សាវរីយ៍នៅប្រាសាទតាព្រហ្មទសវត្សរ៍ឆ្នាំ ៦០ រំលឹកបទពិសោធន៍ថតភាពយន្ត និងឱកាសបានជិះយន្តហោះមិនដឹកស្មានដល់
លោក ឡិក សារួន ត្រូវបានគេជ្រើសរើសឲ្យចូលរួមថតសម្តែងនៅក្នុងខ្សែភាពយន្តនាអំឡុងឆ្នាំ ១៩៦៤ ដែលពេលនោះលោកទើបតែមានអាយុប្រហែល ១៤ ឆ្នាំ និងកំពុងរៀននៅថ្នាក់កុមារដ្ឋាន។
លោក ឡឹក សារួន បានរំលឹកថា កាលនោះលោកគ្រាន់តែជាក្មេងដើរលក់ត្រដោកគោ និងវត្ថុអនុស្សាវរីយ៍ឲ្យភ្ញៀវទេសចរនៅក្នុងប្រាសាទតាព្រហ្មក្នុងតំបន់អង្គរប៉ុណ្ណោះ។

លោកបានចែករំលែកបទពិសោធន៍ដែលនាំឲ្យមានការចាប់ផ្តើម និងការជ្រើសរើសឲ្យលោកចូលរួមសម្ដែងក្នុងភាពយន្តកាលពីសម័យយុគមាសនៃការរីកចម្រើននៃឧស្សាហកម្មភាពយន្តខ្មែរនាទសវត្សរ៍ឆ្នាំ ៦០។
លោកបានរំលឹកថា បុរសម្នាក់ឈ្មោះ សំ សំអែល បានកត់សម្គាល់ពីរូបរាងរបស់លោក និងបានជ្រើសរើសលោកនៅក្នុងចំណោមក្មេងៗជាច្រើនឲ្យចូលរួមថតសម្តែងក្នុងខ្សែភាពយន្ត ដោយសារតែឃើញទឹកមុខញញឹមស្រស់ និងទឹកមុខមិនចេះក្រញូវប្រកបដោយភាពទាក់ទាញរបស់លោក។
មុននឹងយកទៅថតក្នុងភាពយន្ត លោកថា អ្នកដឹកនាំបានទៅជួបសុំការអនុញ្ញាតពីឪពុកម្តាយ និងបងប្អូនសាច់ញាតិរបស់លោក ហើយលោកមានក្ដីរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំងដោយមិនប្រកែកឡើយ ក្នុងឱកាសបានចូលរួមថតសម្តែងភាពយន្តជាលើកដំបូងនេះ។

បទពិសោធន៍នៃការថតកុន
នៅក្នុងសាច់រឿង លោក ឡិក សារួន ត្រូវបានគេឲ្យដើរតួជាក្មេងនាំផ្លូវ ដោយមានកាន់កាំភ្លើងដើរពីមុខគេដើម្បីមើលឆ្វេងស្ដាំ និងមានលាបរមៀតលើខ្លួនប្រាណឡើងរលោងថែមទៀត។
ការថតមានរយៈពេលប្រហែលជាង ៣ ខែ ដោយធ្វើឡើងនៅទីតាំងចំនួន ៣ សំខាន់ៗគឺ៖ ប្រាសាទព្រះខ័ន ប្រាសាទអង្គរវត្ត និងនៅខេត្តកំពត។
លោក ឡិក សារួន បានឲ្យដឹងថា ជារៀងរាល់ព្រឹក គេតែងតែយកឡានមកទទួលលោកនៅផ្ទះ ហើយពេលខ្លះលោកត្រូវគេងនៅសណ្ឋាគារជាមួយតួឯកល្បីៗ រួមទាំងតួឯកស្រីបរទេសសម្បុរខ្មៅដ៏ស្រស់ស្អាតម្នាក់តាមលោកចាំ។

ការផ្លាស់ប្តូរជីវភាពគ្រួសារ
ឱកាសបានថតកុនជាមួយតារាល្បីៗ បានជួយផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោក ឡិក សារួន ដែលធ្លាប់តែក្រីក្រលំបាក ឲ្យមានជីវភាពធូរធារជាងមុនយ៉ាងខ្លាំង។
បើតាមលោក ឡិក សារួន ក្នុងការចូលរួមថតសម្តែង លោកទទួលបានប្រាក់កម្រៃប្រមាណ ៣០០ រៀលក្នុងមួយខែ ដែលចំនួននេះនៅសម័យនោះគឺមានតម្លៃថ្លៃណាស់ ពោលគឺស្មើនឹងមាសមួយជី។
តាមរយៈប្រាក់កម្រៃទទួលបាន គ្រួសារលោក ឡិក សារួន អាចមានលទ្ធភាពសាងសង់ផ្ទះធំជាងមុន ហើយរូបលោកផ្ទាល់ក៏ទទួលបានភាពល្បីល្បាញរហូតដល់បានឱកាសជិះយន្តហោះថែមទៀតផង។
ការរកឃើញខ្សែភាពយន្តឡើងវិញ និងមោទនភាពសម្រាប់លោក ឡិក សារួន
អស់រយៈពេលជាច្រើនទសវត្សរ៍ លោក ឡិក សារួន អះអាងថា មិនដែលបានទស្សនាខ្សែភាពយន្តដែលខ្លួនបានថតសម្តែងនោះទេ។
រហូតដល់ចន្លោះឆ្នាំ ២០១៥ ទៅ ២០១៦ ទើបមានអ្នកស្រាវជ្រាវបរទេសម្នាក់គឺលោក Andy បានស្រាវជ្រាវរកឃើញរឿងនេះឡើងវិញ ហើយកូនរបស់លោកនៅសហរដ្ឋអាមេរិកបានផ្ញើឯកសាររឿងមកឲ្យលោកមើល។
លោក ឡិក សារួន មានភាពភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងដែលបានឃើញសកម្មភាពដ៏រស់រវើក ទឹកមុខញញឹម និងកាយវិការសម្តែងរបស់ខ្លួនកាលពីក្មេង។
លោកចាត់ទុកថា ការដែលរឿងរ៉ាវរបស់លោកត្រូវបានគេស្រាវជ្រាវ និងចងក្រងជាសៀវភៅ គឺជាសំណាងដ៏កម្រមួយ និងជាផ្នែកមួយក្នុងការអភិវឌ្ឍការចងចាំប្រវត្តិសាស្ត្រនៃតំបន់អង្គរ សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយបានដឹង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


