វប្បធម៌ ជំនឿ
អ្នកជំនាញ២រូប ជំរុញឱ្យអាជ្ញាធរបន្តហៅគ្រូបារមីផ្សេងទៀតធ្វើកិច្ចសន្យាឈប់បំពុលមហាជន
អ្នកឃ្លាំមើលសង្គម២រូប គឺបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ បានជំរុញឱ្យអាជ្ញាធរបន្តកោះហៅគ្រូបារមីផ្សេងទៀតដែលអួតថា ខ្លួនមានបារមីទៅធ្វើរឿងមិនត្រឹមត្រូវក្នុងសង្គម ឱ្យធ្វើកិច្ចសន្យាឈប់បំពុលសង្គមទៀត។

កាលពីពេលថ្មីៗនេះ មានគ្រូបារមី១រូប ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ដែលអះអាងថា ខ្លួនត្រូវបានព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត និងបំពុលពេញបណ្តាញសង្គម។ នារីម្នាក់នេះ ក៏ត្រូវបានអាជ្ញាធរកោះហៅកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ទៅសួរនាំ និងឱ្យធ្វើកិច្ចសន្យាឈប់បន្តសកម្មភាពបំពុលសង្គមរបស់ខ្លួនទៀត។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា មិនបានហាមប្រាមពលរដ្ឋក្នុងការគោរព និងប្រកាន់យកជំនឿណាមួយឡើយ ហើយអ្នកគោរពប្រតិបត្តិនោះ គោរពសាសនាណាមួយក៏បាន កុំឱ្យតែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ការដែលអាជ្ញាធរកោះហៅនារីខាងលើធ្វើកិច្ចសន្យាឈប់បំពុលសង្គមទៀតនេះ គឺត្រឹមត្រូវ ព្រោះដោយសារនារីខាងលើធ្វើខុសនឹងរដ្ឋធម្មនុញ ប៉ះពាល់ដល់វប្បធម៌ និងរំលោភលើសេចក្តីទុកចិត្តរបស់អ្នកជឿនេះឯង។

លោកបណ្ឌិតបានលើកឡើងថា៖ “ខ្ញុំគិតថា អាជ្ញាធរគួរបន្តធ្វើតទៅទៀត ហើយការធ្វើរបស់អាជ្ញាធរ គឺធ្វើគ្រប់បុគ្គលទាំងឡាយណា ទោះបីថា បុគ្គលនោះមានខ្នងបង្អែក ឬអត់ខ្នងបង្អែក គឺត្រូវធ្វើដូចគ្នាឱ្យតែប្រព្រឹត្តខុសច្បាប់ ដែលគាត់បំពុលសង្គម”។ បន្ថែមពីនេះ លោកក៏ផ្តាំដល់អ្នកអនុវត្តច្បាប់ គួរអនុវត្តឱ្យបានខ្ជាប់ខ្ជួន កុំចាំទាល់តែមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីទើបចេញសកម្មភាព ព្រោះរឿងរ៉ាវមួយចំនួនថ្នាក់ដឹកនាំកំពូលមិនបានដឹងនោះឡើយ។ ដូច្នេះ ការអនុវត្តច្បាប់ ក៏មានការយឺតយ៉ាវដូចគ្នា។
រីឯ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា វិញយល់ថា បើនិយាយពីបារមី គឺជាអំណួតអួតអាងដែលចេញពីបុគ្គលមួយចំនួនគិតថា ខ្លួនឯងអាចស្រូបទាញអ្នកជឿ និងមានការបម្រើជាភាពល្បី ឬធនធានជាដើម ហើយចំណុចនេះ ក៏កើតមានជាយូរមកហើយនៅក្នុងសង្គមខ្មែរ ហើយក៏អាចក្លាយជាប្រពៃណីផងដែរ មានទាំងវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់លោកសាស្ត្រាចារ្យផ្ទាល់ ចំពោះបារមីក្នុងពេលបច្ចុប្បន្ននេះ លោកមិនបានរកឃើញពីចំណុចវិជ្ជមាននោះឡើយ ច្រើនតែអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងជំរុញឱ្យមនុស្សងប់ងុលហួសហេតុបង្កជាផលប៉ះពាល់ជាច្រើន។

ចំណុចដែលក្រសួងបានកោះហៅនារីម្នាក់ដែលសំអាងថាព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតនោះ លោកសាស្រ្តាចារ្យយល់ថា ជារឿងមួយដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះកិត្តិនាមរបស់ទ្រង់។ លោកបន្តថា ក្រសួងធ្វើកិច្ចការនេះ គឺជាការត្រឹមត្រូវ ព្រោះចៀសវាងធ្វើឱ្យខូចខាតដល់វប្បធម៌ខ្មែរកាន់តែខ្លាំង។ សម្រាប់ករណីដទៃទៀត ប្រសិនជាមានបុគ្គលផ្សេងទៀតអួតអាងថា ខ្លួនមានបារមី និងបំពុលសង្គមនៅក្នុងបណ្តាញសង្គមដោយចេតនាអាក្រក់នោះ គឺហៅទៅអប់រំត្រឹមត្រូវហើយ។ លោកបន្ថែមថា មិនមែនសុទ្ធតែអ្នកមានបារមីអាក្រក់ទាំងអស់ឡើយ គឺត្រូវមើលពីទង្វើ ផលប៉ះពាល់ដែលបុគ្គលនោះប្រព្រឹត្តដែរ ទើបអាចយករឿងទាំងនោះ មកដោះស្រាយបានដោយសំអាងលើច្បាប់ដែលបានចែង។
ចំពោះករណីនេះ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ស្នើដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលមានបារមីនោះថា តើបុគ្គលនោះធ្វើឱ្យប៉ះពាល់ដល់ប្រជាជនដែរទេ? ឬធ្វើឱ្យខូចខាតដល់វប្បធម៌ខ្មែរដែរទេ? ជាពិសេស អាជ្ញាធរត្រូវតាមដានឱ្យខ្លាំងថា តើបារមីនោះធ្វើឱ្យមានការរំលោភបំពានដល់នារីភេទដែរទេ? ទាំងនេះហើយសុទ្ធតែជាករណីត្រូវតែមានចំណាត់ការតាមផ្លូវច្បាប់ដែលអាជ្ញាធរមិនអាចមើលរំលងបានឡើយ៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


