Connect with us

អត្ថាធិប្បាយ

បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង

បានផុស

នៅ

នៅក្នុងទស្សនវិជ្ជាស្ដីពី «កិច្ច​សន្យាសង្គម» របស់ តូម៉ាស ហប, ចន ឡក និង ហ្សង់ ហ្សាក់រូស្សូ រដ្ឋកើតឡើងពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដែលបានប្រគល់អំណាចនិងសិទ្ធិរបស់ខ្លួនទៅឱ្យរដ្ឋ ក្នុងលក្ខខណ្ឌមួយយ៉ាងច្បាស់លាស់ គឺ«រដ្ឋត្រូវតែធានាឱ្យបាននូវសន្តិសុខ យុត្តិធម៌ និងសុខុមាលភាពរបស់ពួកគេ»។ ដូច្នេះ ជំនឿទុកចិត្តរបស់រាស្ត្រមិនមែនជាទានដែលរដ្ឋត្រូវសុំនោះទេ ប៉ុន្តែវាជា«ដើមទុននយោបាយ» និងជា«ខ្យល់ដង្ហើមនៃភាពស្របច្បាប់» របស់រដ្ឋាភិបាល។ មិនមែនជាទានដែលរដ្ឋត្រូវសុំ មានន័យថា រដ្ឋាភិបាលមិនអាចគ្រាន់តែអង្វរឱ្យប្រជាជនស្រលាញ់ឬទុកចិត្តនោះទេ។ ជំនឿទុកចិត្តមិនមែនជារបស់ដែលគេឱ្យដោយឥតគិតថ្លៃ ឬដោយការសុំនោះទេ ប៉ុន្តែវាជាអ្វីដែលរដ្ឋត្រូវ «រក» ឬ «កសាង» តាមរយៈការធ្វើការងារឱ្យបាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមទុននយោបាយ ប្រៀបដូចជាការរកស៊ីដែរ បើអ្នកចង់ឱ្យអាជីវកម្មរស់បាន អ្នកត្រូវមានដើមទុន។ សម្រាប់រដ្ឋាភិបាល «ដើមទុន» មិនមែនជាលុយសុទ្ធសាធទេ ប៉ុន្តែជា «ការជឿជាក់»របស់ប្រជាជន។ កាលណាប្រជាជនជឿជាក់ច្រើន រដ្ឋាភិបាលមានកម្លាំងខ្លាំងក្នុងការដឹកនាំ។ ខ្យល់ដង្ហើមនៃភាពស្របច្បាប់ ក្នុងន័យថា មនុស្សមិនអាចរស់បានដោយគ្មានខ្យល់ដង្ហើមទេ ហើយរដ្ឋាភិបាលក៏ដូចគ្នាដែរ។ ភាពស្របច្បាប់ (សិទ្ធិអំណាចក្នុងការដឹកនាំ) នឹងត្រូវដាច់ខ្យល់ស្លាប់ ប្រសិនបើប្រជាជនលែងទុកចិត្ត។

លើសពីនេះទៀត ទំនុកចិត្តរបស់រាស្ត្រមកលើរដ្ឋកើតចេញពី«សមិទ្ធកម្ម» មិនមែនកើតពី«ពាក្យសម្តី»លួងលោមបែប​ប្រជាភិថុតិទេ។ នៅក្នុងវិទ្យាសាស្ត្រនយោបាយ ជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ មិនអាចបង្កើតឡើងតាមរយៈយុទ្ធនាការឃោសនា ឬការសុំសេចក្តីអាណិតអាសូរនោះឡើយ។ វាជាលទ្ធផលផ្ទាល់នៃ «សមិទ្ធកម្មស្ថាប័ន»។ រដ្ឋចង់បានទំនុកចិត្ត រដ្ឋត្រូវតែ «ដោះដូរ» មកវិញនូវ៖

  • យុត្តិធម៌សង្គមនិងភាពស្មើគ្នាចំពោះមុខច្បាប់។
  • សេវាសាធារណៈដែលលឿន ស្អាតស្អំ និងគ្មានអំពើពុករលួយ។
  • សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងឱកាសការងារស្មើៗគ្នា។

បើគ្មានធាតុទាំងនេះទេ ទោះបីជារដ្ឋខំប្រឹង«សុំ»ឬសន្យាយ៉ាងណាក៏ដោយ ក៏រាស្ត្រមិនអាចផ្តល់ជំនឿទុកចិត្តឱ្យបានដែរ ពីព្រោះវាក្បត់នឹងតថភាពរស់នៅជាក់ស្តែងរបស់ពួកគេ។


បើនិយាយតាមទស្សនវិជ្ជារបស់ ចន​ ឡក ប្រជាពលរដ្ឋសុខចិត្តបង់ពន្ធ និងគោរពច្បាប់របស់រដ្ឋ ក៏ពីព្រោះតែពួកគេជឿជាក់ថារដ្ឋនឹងការពារសិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិរបស់ពួកគេ។ បើរដ្ឋមិនអាចបំពេញតួនាទីនេះបានទេ កិច្ច​សន្យាសង្គមនោះនឹងលែងមានសុពលភាពទៀតហើយ។ ហេតុនេះ ការណ៍ដែលរដ្ឋធ្វើការងារបម្រើរាស្ត្រ ធ្វើកំណែទម្រង់ ឬកម្ចាត់អំពើពុករលួយ មិនមែនជាការធ្វើគុណូបការៈ ឬធ្វើបុណ្យដាក់ទានដល់រាស្ត្រនោះទេ ប៉ុន្តែវាជា«កាតព្វកិច្ចដាច់ខាតដែលរដ្ឋត្រូវតែធ្វើ» ដើម្បីរក្សាភាពស្របច្បាប់របស់ខ្លួន។

ជារួម ឃ្លានេះជាការរំលឹកដាស់តឿនដ៏មានឥទ្ធិពលមួយដល់អ្នកដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថា «ជំនឿទុកចិត្តជារបស់ដែលត្រូវខំរក មិនមែនជារបស់អាចសុំបាន»នោះទេ។ វាមិនអាចកើតឡើងដោយសារការទាមទារឬការអង្វរករឡើយ ប៉ុន្តែវាជាផ្លែផ្កាដែលកើតចេញពីភាពស្មោះត្រង់ យុត្តិធម៌ និងសមត្ថភាពពិតប្រាកដរបស់រដ្ឋក្នុងការបម្រើប្រជាពលរដ្ឋរបស់ខ្លួន។

ដើម្បីបំប្លែងការគាំទ្រកំណែទម្រង់នយោបាយឱ្យទៅជាផ្លែផ្កាជាក់ស្តែង ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ និងសីលធម៌ខ្ពស់ ដូចខាងក្រោម៖

១. ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ៖ ប្ដូរពីអំណាចបញ្ជា ទៅជាសេវាករពិតប្រាកដ

ភាពជាអ្នកដឹកនាំ គឺជាចំណុចកំពូលនៃទំនុកចិត្ត។ អ្នកដឹកនាំជាន់ខ្ពស់ និងប្រមុខក្រសួង-ស្ថាប័ន ត្រូវផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកបម្រើ» តាមរយៈ៖

  • ការអនុវត្តគោលការណ៍គណនេយ្យភាព ដែលថ្នាក់ដឹកនាំត្រូវហានទទួលខុសត្រូវរាល់លទ្ធផលការងារ និងកំហុសឆ្គងអសកម្មក្រោមសមត្ថកិច្ចរបស់ខ្លួន។ មិនត្រូវប្រើវប្បធម៌«ទម្លាក់កំហុសឱ្យថ្នាក់ក្រោម ឬយកគុណសម្បត្តិដាក់ខ្លួន» នោះឡើយ។
  • ការដឹកនាំដោយធ្វើជាគំរូ ស្របតាមទស្សនវិជ្ជារបស់ខុងជឺ«បើអ្នកដឹកនាំដើរត្រង់ ថ្នាក់ក្រោមមិនហ៊ានវៀចឡើយ»។ ភាពស្អាតស្អំ ភាពសាមញ្ញ និងសីលធម៌រស់នៅរបស់អ្នកដឹកនាំ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី​ភាពស្មោះត្រង់របស់រដ្ឋ។
  • យន្តការវាយតម្លៃលទ្ធផលការងារផ្អែកលើសមិទ្ធកម្ម រាល់ការតែងតាំង និងដំឡើងឋានៈមន្ត្រី ត្រូវធ្វើឡើងតាមប្រព័ន្ធ«គុណាធិបតេយ្យ» គឺផ្អែកលើសមត្ថភាពនិងស្នាដៃពិតប្រាកដ ជៀសវាងបក្ខពួកនិយមនិងគ្រួសារនិយម ដែលជាមហារីកបំផ្លាញទំនុកចិត្តសង្គម។

២. យុត្តិធម៌របស់តុលាការ និងការដោះស្រាយវិវាទគឺជាបង្គោលព្រំនៃសេចក្តីទុកចិត្ត

«យុត្តិធម៌ដែលយឺតយ៉ាវ គឺជាអយុត្តិធម៌» តុលាការនិងអាជ្ញាធរដោះស្រាយវិវាទគ្រប់កម្រិត គឺជាបន្ទាយការពារចុងក្រោយរបស់ប្រជាពលរដ្ឋ។ ដើម្បីឱ្យរាស្ត្រកក់ក្តៅ ស្ថាប័នទាំងនេះត្រូវ៖

  • ធានាឯករាជ្យភាពពិតប្រាកដនៃអំណាចតុលាការ៖ ព្រះរាជអាជ្ញានិងចៅក្រម ត្រូវកាត់ក្តីដោយផ្អែកលើ«អង្គហេតុ អង្គច្បាប់ និងមនសិការ» ដាច់ខាតមិនត្រូវស្ថិតនៅក្រោមសម្ពាធនយោបាយឬឥទ្ធិពលទឹកប្រាក់ឡើយ។
  • ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព៖ អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយទំនាស់ដីធ្លី ឬវិវាទផ្សេងៗដោយភាពទន់ភ្លន់ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងសមធម៌ មិនលំអៀងទៅរកអ្នកមានអំណាចឬមានទ្រព្យធនជាងនោះទេ។
  • សមភាពចំពោះមុខច្បាប់ ត្រូវបង្ហាញឱ្យរាស្ត្រឃើញជាក់ស្តែងថា មិនថាឧកញ៉ា មន្ត្រីធំ ឬពលរដ្ឋសាមញ្ញទេ ប្រសិនបើប្រព្រឹត្តខុស ត្រូវទទួលទោសដូចៗគ្នា គ្មានការលើកលែង។

៣. ខ្លឹមសារច្បាប់និងការអនុវត្តច្បាប់៖ សុចរិតភាព និងភាពជាសកល

ច្បាប់ដែលល្អ មិនមែនជាច្បាប់ដែលបង្កើតឡើងដើម្បីគៀបសង្កត់នោះទេ ប៉ុន្តែជាច្បាប់ដែលការពារសិទ្ធិសេរីភាព និងរក្សាសណ្តាប់ធ្នាប់សង្គម។

  • លក្ខណៈនៃខ្លឹមសារច្បាប់៖ ត្រូវមានភាពច្បាស់លាស់ មិនស្រពិចស្រពិល ដើម្បីបង្ការការបកស្រាយយកចំណេញផ្ទាល់ខ្លួនពីមន្ត្រីខិលខូច និងត្រូវស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
  • យុទ្ធសាស្ត្រអនុវត្តច្បាប់៖ ត្រូវអនុវត្តប្រកបដោយសច្ចធម៌និងស្មើភាព។ ការបិទភ្នែកម្ខាងបើកភ្នែកម្ខាងក្នុងការអនុវត្តច្បាប់ គឺជាអាវុធដ៏ស្រួចស្រាល់បំផុតដែលបំផ្លាញជំនឿទុកចិត្តរបស់ពលរដ្ឋលើរដ្ឋាភិបាល។

៤. ទំនើបកម្មសេវាសាធារណៈ៖ ខិតជិតរាស្ត្រ ទាន់ចិត្ត និងគ្មានលក្ខខណ្ឌ

អ្នកផ្តល់សេវាសាធារណៈគ្រប់កម្រិត គឺជាមុខមាត់ផ្ទាល់របស់រដ្ឋ ដែលប្រឈមមុខជាមួយរាស្ត្ររាល់ថ្ងៃ។

  • បរិវត្តកម្មខាងឌីជីថល ត្រូវជំរុញការផ្តល់សេវាសាធារណៈ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លិខិតអនុញ្ញាតផ្សេងៗ តាមប្រព័ន្ធអនឡាញ។ យន្តការនេះកាត់បន្ថយការជួបមុខផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ ដែលជាវិធីកាត់បន្ថយអំពើពុករលួយខ្នាតតូចបានយ៉ាងមានប្រសិទ្ធភាព។
  • វប្បធម៌សេវាកម្ម៖ មន្ត្រីត្រូវលុបបំបាត់វប្បធម៌ «ការិយាធិបតេយ្យស្មុគស្មាញ» និងពាក្យស្លោក«ចាំស្អែក»។ ផ្ទុយទៅវិញ ត្រូវអនុវត្តគោលការណ៍«ធ្វើឱ្យលឿន ធ្វើឱ្យចំ ធ្វើឱ្យតម្លាភាព» និងមានតម្លៃសេវាច្បាស់លាស់ លុបបំបាត់លុយក្រោមតុ។

៥.ញញួរនៃយន្តការត្រួតពិនិត្យ៖ អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងអធិការកិច្ច

ស្ថាប័នត្រួតពិនិត្យទាំងបីនេះ ប្រៀបដូចជា «ប្រព័ន្ធភាពស៊ាំ» ការពាររាងកាយរបស់រដ្ឋកុំឱ្យរលួយពីខាងក្នុង។

យន្តការត្រួតពិនិត្យគឺជាឆ្អឹងខ្នងនៃអំណាចរដ្ឋ ដើម្បីធានាបាននូវភាពស្របច្បាប់នៃ​«កិច្ចសន្យាសង្គម» រដ្ឋត្រូវមានយន្តការត្រួតពិនិត្យដ៏មុតស្រួចមួយចំនួន ដែលមិនមែនគ្រាន់តែជាការធ្វើឱ្យល្អមើលនោះទេ ប៉ុន្តែជាឧបករណ៍ពិតប្រាកដក្នុងការរក្សាស្មារតីទទួលខុសត្រូវ។

អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នវះកាត់ភាពមិនប្រក្រតី

យុទ្ធសាស្ត្រស្នូលគឺការ«វះកាត់»មន្ត្រីពុករលួយដោយមិនមានការយោគយល់។ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព គឺត្រូវ៖

  • អនុវត្តគោលការណ៍«ចាប់ត្រីទាំងធំទាំងតូច» រដ្ឋមិនត្រូវចាប់តែមន្ត្រីថ្នាក់ក្រោមហើយលែងមន្ត្រីថ្នាក់លើនោះទេ។
  • តាមដានទ្រព្យសម្បត្តិ៖ ការត្រួតពិនិត្យការប្រកាសទ្រព្យសម្បត្តិមន្ត្រីត្រូវធ្វើឡើងដោយភាពម៉ត់ចត់បំផុត។
  • សហប្រតិបត្តិការអន្តរជាតិ៖ បង្កើនកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបការលាងលុយកខ្វក់ឆ្លងដែន។

៦. កំណែទម្រង់រដ្ឋបាលស៊ីជម្រៅ៖ វិមជ្ឈការនិងវិសហមជ្ឈការ

ការកែទម្រង់រដ្ឋបាលតាមរយៈការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ គឺជាជំហានដ៏ចាំបាច់ដែលរដ្ឋាភិបាលត្រូវបន្តរុញអំណាច មុខងារ និងកញ្ចប់ថវិកាទៅឱ្យថ្នាក់ក្រោមជាតិ ដើម្បីធានាថាការដោះស្រាយបញ្ហាមានភាពទាន់ពេលវេលា និងចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលដឹងសុខទុក្ខនិងបញ្ហានៅនឹងកន្លែងបានច្បាស់លាស់ជាងគេ។ ប៉ុន្តែ ការផ្ទេរអំណាចនេះនឹងមិនអាចផ្តល់ផ្លែផ្កាបានឡើយ ប្រសិនបើមិនបានការកសាងសមត្ថភាពដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងធនធាន និងកង្វះយន្តការគណនេយ្យភាពផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការផ្ទេរអំណាចដែលមិនមានស្វ័យភាពហិរញ្ញវត្ថុឬយន្តការត្រួតពិនិត្យ និងតុល្យភាពច្បាស់លាស់ អាចនឹងក្លាយជាការបង្កើតប្រភពអំពើពុករលួយថ្មីនៅថ្នាក់មូលដ្ឋានទៅវិញ។ ដូច្នេះ ការធ្វើវិមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការពង្រឹងសមត្ថភាពមន្ត្រី ការផ្តល់ប្រភពចំណូលផ្ទាល់ខ្លួន និងការបង្កើតវេទិកាដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមឃ្លាំមើល និងទាមទារការទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋានបានយ៉ាងពេញលេញ។


សន្និដ្ឋាន

ការគាំទ្រកំណែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការអបអរសាទរដោយងងឹតងងល់នោះទេ ប៉ុន្តែគឺជាការចូលរួមស្ថាបនាដោយផ្អែកលើការរិះគន់ប្រកបដោយវិទ្យាសាស្ត្រ និងភាពស្មោះត្រង់។ ជំនឿទុកចិត្តរបស់រាស្ត្រមិនអាចទិញបានដោយពាក្យសន្យាដ៏ពិរោះនៅលើក្រដាសឬលើបបូរមាត់នោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងពី «តំណក់ញើសនិងភាពស្មោះត្រង់» នៃសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរគ្រប់កម្រិត។

នៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយស្មើភាព តុលាការផ្តល់យុត្តិធម៌ដោយឥត​លំអៀង មន្ត្រីបម្រើរាស្ត្រដោយបេះដូងនិងមនសិការ ហើយអំពើពុករលួយត្រូវបានលុបបំបាត់ នោះជំនឿទុកចិត្តរបស់រាស្ត្រទៅលើរដ្ឋនឹងកើតមានឡើងវិញយ៉ាងរឹងមាំដូចមហាសិលា។ នេះហើយជាគ្រឹះដ៏កក់ក្តៅ ក្នុងការដឹកនាំប្រទេសជាតិទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ៕

ដោយ បណ្ឌិត ឈត ប៊ុនថង សមាជិកមប្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម