ព័ត៌មានជាតិ
ពលរដ្ឋគាំទ្រសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង
ប្រជាពលរដ្ឋ បានសម្ដែងការគាំទ្រចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង តាមអនឡាញ ខណៈដែលកន្លងមក ពលរដ្ឋខ្លះ បានអះអាងថា មានការភ្នាល់ល្បែងតាមអនឡាញ មិនថា ឡូតូ មាន់ជល់ ក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង។
លោក ចាន់ ផាន ពលរដ្ឋរស់នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរមួយរូប លោក ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងគាំទ្រយ៉ាងពេញទំហឹង នៅពេលដែលបានឮសារសំឡេងរបស់ សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១៤ កុម្ភៈ ម្សិលមិញនេះ ដែលសម្ដេចបានបញ្ជាឱ្យ អភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យមើលតាមមូលដ្ឋានរបស់ខ្លួន ចំពោះល្បែងស៊ីសងតាមអនឡាញ ជាបន្ទាន់។
លោក ចាន់ ផាន បន្ថែមទៀតថា ចំណាត់ការមួយនេះ ជារឿងដែលប្រពៃណាស់ ពីព្រោះថា ប្រសិនបើ នៅតែបន្តឱ្យមានការបើកល្បែងស៊ីសង តាមអនឡាញ យ៉ាងគគ្រឹកគគ្រេងបែបនេះ អ្នកដែលរងគ្រោះធំបំផុត គឺជាប្រជាពលរដ្ឋនេះតែម្ដង។
លោក ចាន់ ផាន បញ្ជាក់ទៀតថា ប្រសិនបើ ពលរដ្ឋនាំគ្នាលេងតែល្បែង គ្មានពេលរកស៊ីចិញ្ចឹមប្រពន្ធកូន ខាតបង់ថវិកា នាំឱ្យមានជម្លោះក្នុងគ្រួសារ ឬអាចកើតចេញជាអំពើហិង្សាក៏ថាបាន។ ម៉្យាងទៀត ស្របពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះ ពលរដ្ឋមិនគួរនាំគ្នាលេងល្បែងនោះទេ ផ្ទុយទៅវិញ ពលរដ្ឋគួរតែរកមុខរបរធ្វើបន្ថែម ដូចជាការដាំដុះបន្លែ ត្រី សាច់ តាមផ្ទះវិញទើបប្រសើរ។ នេះជាការលើកឡើងរបស់ លោក ចាន់ ផាន។
ចំណែក អ្នកស្រី ស៊ាន យាង ពលរដ្ឋរស់នៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា អ្នកស្រី សូមសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់សម្ដេចធិបតី ដែលដាក់បទបញ្ជាឱ្យអាជ្ញាធរ គ្រប់បណ្ដារាជធានី-ខេត្ត ចុះពិនិត្យទីតាំងល្បែងតាមអនឡាញ នៅតាមមូលដ្ឋានរបស់ខ្លួន។
អ្នកស្រី បន្ថែមថា កន្លងមកនៅតាមមូលដ្ឋានរបស់អ្នកស្រី ក៏ឃើញមានការភ្នាល់ល្បែងតាមអានឡាញ ដូចជា ៖ មាន់ជល់ ឡូតូ យ៉ាងសកម្ម ផងដែរ។ ពលរដ្ឋរូបនេះ បន្ដថា ប្រសិនបើរាជរដ្ឋាភិបាល សម្រេចបិទល្បែងទាំងអស់នេះ ពលរដ្ឋដែលចូលចិត្តភ្នាល់ល្បែងទាំងនោះ នឹងងាកទៅរកការប្រកបមុខរបរ ឬការងារ តាមជំនាញរៀងៗខ្លួនវិញ ដែលនឹងអាចឱ្យសេដ្ឋកិច្ចគ្រួសារក៏បានប្រសើរឡើង ផងដែរ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានចេញសារសំឡេងជាបទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច៕
អត្ថបទ ៖ សួស សិត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង