ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង មិនជំទាស់ការរកអនុផលផ្លែសំរងទេ តែស្នើពលរដ្ឋកុំកាប់បំផ្លាញដើម
លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង អះអាងថា លោកមិនជំទាស់ទៅនឹងការរកអនុផលផ្លែសំរងរបស់ពលរដ្ឋនោះទេ ប៉ុន្តែស្នើកុំកាប់បំផ្លាញដើមវាយកផលដែលបង្កឱ្យផុតពូជ។

ការរកអនុផលផ្លែសំរងក្នុងព្រៃក្នុងតំបន់ការពារធម្មជាតិលក្ខណៈឡើងបេះពីលើដើម ជារឿងគួរលើកទឹកចិត្ត ប៉ុន្តែបើសិនជាកាប់បំផ្លាញដើមវា ដើម្បីរកផ្លែជារឿងផ្ទុយនឹងច្បាប់ការពារធម្មជាតិ។ នេះជាការលើកឡើងរបស់ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត។
លោកអភិបាលរងខេត្ត បន្ថែមថា លោក និងមន្ទីរជំនាញពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងស្រុកកោះកុង ដោយលោកមិនជំទាស់ទេការរកអនុផលផ្លែសំរងលក្ខណៈបែបប្រពៃណីដូនតាបន្សល់ទុកឱ្យ តែស្នើសុំដល់ពួកគាត់កុំកាប់រំលំវា ដើម្បីយកផលផ្លែសំរងទៅលក់ ព្រោះទៅអនាគត វានឹងផុតពូជ។ រីឯប្រជាពលរដ្ឋដែលកាប់ផ្លែសំរង ងាយនឹងរងទោសទណ្ឌ បំផ្លាញធនធានព្រៃឈើក្នុងតំបន់ការពារ។

លោកអភិបាលរងខេត្ត ក៏បំផុសស្មារតីដល់ប្រជាពលរដ្ឋ ចូលរួមដាំដុះស្តាកូនដើមសំរងឡើងវិញនៅតាមសហគមន៍ ឬក្បែររបងផ្ទះរបស់ខ្លួន មិនត្រូវពឹងផ្អែកតែការទៅកាប់យកផលក្នុងព្រៃតែមួយគត់នោះឡើយ។ លោកថា ការដាំដុះកូនសំរង ងាយស្រួលដាំ ហើយ ៥ ឆ្នាំ អាចទទួលផលដូចនៅក្នុងព្រៃភ្នំដែរ។ ដើមផ្លែសំរង វានៅក្នុងព្រៃឈើជ្រៅ ហើយដើមខ្ពស់ៗ អាយុកាលរាប់ឆ្នាំផងដែរ។ បច្ចុប្បន្នពលរដ្ឋរកអនុផលព្រៃឈើមួយនេះ តាមរយៈការកាប់ដើមវា មិនបានឡើងបេះដូច ១០ ទៅ ២០ ឆ្នាំមុនឡើយ។ កត្តាប្រឈមនេះហើយ ទើបធ្វើឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ សម្តែងការព្រួយបារម្ភពីការបាត់បង់ព្រៃឈើ និងផុតពូជផ្លែសំរង ក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូល។ ផ្លែសំរងទុំ គេយកកែច្នៃធ្វើជាបង្អែមសម្រាប់ពិសា ដោយគេជឿថា វាអាចសម្រកទម្ងន់ បញ្ចុះខ្លាញ់ និងអាចធ្វើក្នុងរូបរាងការត្រជាក់ជាដើម។ ការប្រមូលអនុផលព្រៃឈើនេះដែរ ផ្តើមធ្វើឡើង ៥ ទៅ ១០ ឆ្នាំម្តង នៅចន្លោះខែកុម្ភៈ ដល់ខែមេសា ដែលជារដូវពេញការប្រមូលផល។ ចំពោះអត្រាទិញលក់ផ្លែសំរង របស់ប្រជាពលរដ្ឋឃុំអណ្តូងទឹក គឺ ក្នុង ១ ថ្ងៃ ពួកគាត់អាចទិញលក់ផ្លែសំរងបានពី ២០០ ទៅ ៣០០ គីឡូក្រាម ទៅឈ្មួញនៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា និងឈ្មួញនៅវៀតណាមជាដើម។ ផ្លែសំរងប្រភេទចាស់ ក្នុង ១ គីឡូក្រាម ថ្លៃ ១៥ ០០០ ទៅ ២ ម៉ឺនរៀល រីឯផ្លែសំរងដែលហាលស្ងួតហើយ ក្នុង ១ គីឡូក្រាម ថ្លៃ ៧ ម៉ឺនរៀល ឡើងទៅ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


