ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ក្រើនរំលឹកបេក្ខជនប្រឡងសិស្សពូកែខិតខំសិក្សា និងស្រាវជ្រាវបន្ថែម ដើម្បីឈានទៅរកភាពជោគជ័យ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ និងក្រើនរំលឹកដល់បេក្ខជនសិស្សពូកែទូទាំងប្រទេសទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែម ដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងការប្រកួតប្រជែងនៅដើមសប្ដាហ៍ក្រោយនេះ។

លោកស្រី បានបន្តថា ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេសឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ នាវិទ្យាល័យជាស៊ីមសន្ធរម៉ុក ដែលតាមការគ្រោងទុកមានបេក្ខជនចូលរួមប្រឡងចំនួន ២៤០ នាក់។
លោកស្រី បានបន្តទៀតថា «ក្រសួងអប់រំ បានរៀបចំលក្ខណៈរួចរាល់ហើយ រង់ចាំតែថ្ងៃដែលអនុវត្ត និងបើកការប្រឡងនៅថ្ងៃទី ១២ ឧសភា ខាងមុខ»។

លោកស្រី បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ សូមបន្តការខិតខំប្រឹងប្រែងថែទាំសុខភាពឱ្យបានល្អ និងបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីមានបញ្ញាភ្លឺស្វាងក្នុងការចូលរួមប្រកួតប្រកបដោយជោគជ័យ ព្រោះថាការដែលបេក្ខជនទទួលបានសិទ្ធក្នុងការប្រឡងនេះបានឆ្លងកាត់វគ្គជម្រុះជាច្រើនដងហើយ ឆ្លងកាត់វិញ្ញាសាក៏ច្រើនដែរ។ ដូច្នេះ បេក្ខជន ត្រូវមានការជឿជាក់លើសមត្ថភាពរបស់ខ្លួន និងបន្តខិតខំស្រាវជ្រាវលំហាត់បន្ថែមទៀត ដើម្បីប្រកួតប្រជែងមានលទ្ធផលល្អ ហើយសង្ឃឹមថា បេក្ខជន ក៏នឹងក្លាយជាធនធានល្អ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសក្នុងពេលអនាគត។
លោកស្រី បានបន្ថែមថា សម្រាប់ឆ្នាំនេះក្រសួងជ្រើសរើសយកតែចំណាត់ថ្នាក់ទី ១ ដល់ទី ៥ ខណៈឆ្នាំមុនៗ ជ្រើសរើសពីចំណាត់ថ្នាក់ទី ១ ដល់លេខ ១០។ ក្នុងនោះចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជ័យលាភីអាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។

លោកស្រី បានពន្យល់ថា ការជ្រើសរើសត្រឹមជ័យលាភីត្រឹមចំណាត់ថ្នាក់ទី ៥ ក្នុងទិសដៅឱ្យបេក្ខជនកាន់តែបង្កើនការដុសខាត់ចំណេះដឹងឱ្យកាន់តែមុតស្រួច ស្របពេលដែលក្រសួងកំពុងផ្តល់អាទិភាពលើការអនុវត្តស្តង់ដារសាលារៀនគំរូនៅគ្រប់រាជធានីខេត្តក្រុង ដែលស្តង់ដារនេះ នឹងលើកកម្ពស់គុណភាព នៃការអប់រំឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នៅវិទ្យាល័យនេតយ៉ង់ នៃទីរួមខេត្តបាត់ដំបង៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


