ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ ពលរដ្ឋកម្ពុជា ៩៨% ហើយ មានអគ្គិសនីប្រើប្រាស់សម្រួលដល់ការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានអះអាងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៩៨% ហើយ ទទួលបានអគ្គិសនីប្រើប្រាស់ក្នុងការជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ ខណៈនៅសល់ ២% ទៀត រស់នៅរាយប៉ាយ និងឆ្ងាយៗ ពីគ្នា ដែលមិនអាចបញ្ជូនប្រព័ន្ធបណ្ដាញអគ្គិសនីទៅដល់បាន។

ថ្លែងបើកសិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលបង្កើនប្រភពថាមពលកកើតឡើងវិញអថេរទៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិដោយមានជំនួយពីបច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពលអគ្គិសនីនៅព្រឹកថ្ងៃទី ១៦ ឧសភានេះ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានបន្តថា «មែនទែនទៅ យើងបានលើសគោលដៅបាត់ទៅហើយតាមការសិក្សារបស់ធនាគារពិភពលោកឆ្នាំ ២០០០ បានដាក់ទិសដៅថា នៅឆ្នាំ ២០៣០ ធ្វើយ៉ាងណាផ្គត់ផ្គង់អគ្គិសនីគ្របដណ្ដប់ដល់ប្រជាពលរដ្ឋឱ្យបាន ៧០%។ ឥឡូវនេះ យើងបានភ្ជាប់ ៩៤% ពីប្រព័ន្ធបណ្ដាញជាតិបញ្ជូនអគ្គិសនី និងមាន ៤% ភ្ជាប់ប្រព័ន្ធសូឡា ឬពន្លឺព្រះអាទិត្យដូចជាភូមិបណ្តែតទឹកតាមតំបន់ភ្នំនៅឆ្ងាយៗ ដែលមិនអាចបញ្ជូនខ្សែបណ្ដាញទៅដល់ ព្រោះវាត្រូវចំណាយខ្ពស់ ។ ដូច្នេះយើងផ្តល់ជូនគាត់នូវផ្ទាំងសូឡា ឬពន្លឺព្រះអាទិត្យ អាចដាំស្លបាន»។
លោកបណ្ឌិត បានបន្តទៀតថា ចំណែកនៅសល់ ២% ទៀត ប្រជាពលរដ្ឋរស់នៅឆ្ងាយៗ ពីគ្នា តែយើងនឹងខិតខំផ្តល់ផ្ទាំងពន្លឺព្រះអាទិត្យដើម្បីឱ្យពួកគាត់មានភ្លើងប្រើប្រាស់បានគ្រប់ៗ គ្នា។

លោកបណ្ឌិត បានបញ្ជាក់ថា «ជាធម្មតាទេ នៅចុងក្រោយគេ ប្រទេសណាក៏ជួបការលំបាកដែរ ពេលផ្តល់បានលឿនអីចឹងទៅដល់ជិតគ្របដណ្ដប់បាន ១០០% មានការលំបាក ហើយមិនដឹងថា គាត់នៅកន្លែងណាខ្លះទៀត យើងពិបាកទៅដល់ មានតែផ្តល់ផ្ទាំងពន្លឺព្រះអាទិត្យជូនពួកគាត់»។
យ៉ាងណាក៏ដោយ អគ្គិសនីកម្ពុជា គ្រោងនឹងប្រើបច្ចេកវិទ្យាទំនើបស្តុកថាមពលអគ្គិសនីសម្រាប់បង្កើនផលិតកម្មចេញពីប្រភពថាមពលស្អាតកកើតឡើងវិញដូចជាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីជំនួសប្រភពថាមពលអគ្គិសនីដែលមិនស្អាតដូចជាធ្យូងថ្ម និងប្រេងជាដើម។

លោកបណ្ឌិត បានបន្តឱ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជាថាមពលដែលកកើតពីពន្លឺព្រះអាទិត្យមានប្រមាណ ១៥% ហើយយើងគ្រោងបន្ថែមឱ្យបានច្រើន ពី ២០ ទៅ ៣០ ទៅជំនួសថាមពលអគ្គិសនីចេញពីប្រភពធ្យូងថ្ម និងប្រភពផ្សេងៗ ទៀត ព្រោះថាពន្លឺថ្ងៃនៅប្រទេសយើងមានច្រើន។ ដូចនេះយើងត្រូវការបច្ចេកវិទ្យាថ្មីទំនើបពីសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលអ្នកជំនាញ នឹងជួយសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលមន្ត្រីអគ្គិសនីកម្ពុជាយើងឱ្យចេះលើការបង្កើនផលិតកម្មពីថាមពលកកើតឡើងវិញអថេរទៅក្នុងប្រព័ន្ធបញ្ជូនអគ្គិសនីជាតិដោយប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពល ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់បំពេញតម្រូវការអគ្គិសនីក្នុងពេលអនាគត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


