ព័ត៌មានជាតិ
៨៣ ភូមិទៀតនឹងទទួលបានអគ្កីសនីប្រើប្រាស់ពីបណ្តាញជាតិនៅឆ្នាំ ២០២៤
អាជ្ញាធរអគ្គិសនីកម្ពុជានិងអគ្គិសនីកម្ពុជា បានធ្វើការសិក្សារួមគ្នាអំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីប្រើប្រាស់ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជា និងទាំងរបស់សេវាករឯកជន។

នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នមានភូមិទូទាំងប្រទេសដែលពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីចំនួន ១៦០ ភូមិ ដែលក្នុងនោះមានភូមិ ១៤៣ ស្ថិតក្នុងដែនអាជ្ញាបណ្ណដែលបានផ្តល់ឱ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ១៧ ស្ថិតនៅក្រៅដែនអាជ្ញាបណ្ណ។
ផ្អែកតាមការសិក្សា ក្នុងឆ្នាំ២០២៤ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិទៅកាន់ភូមិចំនួន ៨៣ ភូមិទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៤ នៅសល់ភូមិចំនួន ៧៧ ទៀត ត្រូវជា ០.៥៤% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។
ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក៏បានរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗជូនភូមិដែលនៅសល់ទាំង ៧៧ តាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យប្រព័ន្ធទោល ដែលអាចជាប្រភពទុនរបស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន។
គិតមកត្រឹមចុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែលបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៨៨% នៃចំនួនភូមិទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៣នេះ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន ០.៦០% នៃចំនួនភូមិថែមទៀត ធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួចបានកើនឡើងពី ៩៨.២៧% នៅចុងឆ្នាំ២០២២ មក ៩៨.៨៧% នៅចុងឆ្នាំ២០២៣។
ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនឡើងពី ៣,៥៣៣,៩៣៥ ទីតាំង នៅចុងឆ្នាំ២០២២ មក ៣,៧០៥,៥០៧ ទីតាំង នៅចុង ឆ្នាំ២០២៣។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៣ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួចមានចំនួន ៣,៤៥៩,៣៧២ ស្មើនឹង ៩៤.០២% នៃលំនៅឋានសរុប៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


