ព័ត៌មានជាតិ
កម្ពុជា នឹងប្រើបច្ចេកវិទ្យាទំនើបបង្កើនផលិតកម្មចេញពីប្រភពថាមពលស្អាតកកើតឡើងវិញ ជំនួសថាមពលមិនស្អាត
មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា អគ្គិសនីនៅកម្ពុជា នឹងប្រើបច្ចេកវិទ្យាទំនើបស្តុកថាមពលអគ្គិសនីសម្រាប់បង្កើនផលិតកម្មចេញពីប្រភពថាមពលស្អាតកកើតឡើងវិញដូចជាថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីជំនួសប្រភពថាមពលអគ្គិសនីដែលមិនស្អាត។

ថ្លែងបើកសិក្ខាសាលាស្តីពីការបណ្ដុះបណ្ដាលបង្កើនប្រភពថាមពលកកើតឡើងវិញអថេរទៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិដោយមានជំនួយពីបច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពលអគ្គិសនីនៅព្រឹកថ្ងៃទី ១៦ ឧសភានេះ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនផលិតកម្មចេញពីថាមពលស្អាតកកើតឡើងវិញជាប្រភេទអថេរដែលមានន័យថាប្រភពថាមពលមិនមានស្ថិរភាព ឬការផលិតចេញមកអត់មានស្ថិរភាព ព្រោះវាផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ វាអាស្រ័យទៅលើបរិយាកាស និងអាកាសធាតុ។
លោកបានបន្តថា «គោលនយោបាយសកលលោកចង់បានថាមពលស្អាត ហើយវារីអគ្គិសនីកាន់តែអស់ទីតាំងធ្វើ អីចឹងនៅសល់ខ្យល់ និងពន្លឺព្រះអាទិត្យដែលអាចធ្វើបាន ហើយធ្វើម៉េចចូលឱ្យកាន់តែច្រើន យើងត្រូវការប្រើបច្ចេកវិទ្យាទំនើបដើម្បីស្តុកថាមពលឱ្យបានច្រើន ដើម្បីជំនួសប្រភពអគ្គិសនីមួយចំនួនដូចជា ធ្យូងថ្ម ប្រេងដែលជាប្រភពមិនស្អាត»។

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះនៅកម្ពុជាថាមពលដែលកកើតពីពន្លឺព្រះអាទិត្យមានប្រមាណ ១៥% ហើយយើងគ្រោងបន្ថែមឱ្យបានច្រើន ពី ២០ ទៅ ៣០ ទៅជំនួសថាមពលអគ្គិសនីចេញពីប្រភពធ្យូងថ្ម និងប្រភពផ្សេងៗ ទៀត ព្រោះថាពន្លឺថ្ងៃនៅប្រទេសយើងមានច្រើន។ ដូចនេះយើងត្រូវការបច្ចេកវិទ្យាថ្មីទំនើបពីសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលអ្នកជំនាញនឹងជួយសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលមន្ត្រីអគ្គិសនីកម្ពុជាឱ្យចេះលើការបង្កើនផលិតកម្មពីថាមពលកកើតឡើងវិញអថេរទៅក្នុងប្រព័ន្ធបញ្ជូនអគ្គិសនីជាតិដោយប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពល ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់បំពេញតម្រូវការអគ្គិសនីក្នុងពេលអនាគត។
លោកបណ្ឌិត បានបញ្ជាក់ថា «ដើម្បីឱ្យការដាក់បញ្ចូលនេះបានច្រើនជាអតិបរមា បំពេញតម្រូវការកើនឡើង ចាំបាច់ត្រូវការបច្ចេកវិទ្យាទំនើប និងថ្មីៗ ដែលក្នុងនោះប្រទេស-ស្ថាប័នដៃគូអភិវឌ្ឍន៍ បានរីករាយក្នុងការជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងអស់នេះ ដូចជាសិក្ខាសាលានេះដែលមាន USAID និង Australia Aid បានយល់ព្រមជួយសិក្សា ផ្ដល់បច្ចេកវិទ្យាប្រព័ន្ធស្ដុកថាមពល ដើម្បីយកទៅអនុវត្តឱ្យប្រភពផ្តល់ថាមពលនេះអាចស្តុកបាននៅពេលលើស ហើយបន្តយកទៅប្រើនៅពេលខ្វះ ហើយអាចគ្រប់គ្រងបញ្ហាបាន ព្រមទាំងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចឱ្យមានថ្លៃសមរម្យ អាចធ្វើអាជីវកម្មបាន»។

លោកបណ្ឌិត សង្ឃឹមថា ការបន្តសហប្រតិបត្តិការនេះ នឹងចេញជាផ្លែផ្កា ផ្តល់ចំណេះដឹងដល់អ្នកជំនាញរបស់អគ្គិសនីកម្ពុជា ដើម្បីយកបច្ចេកវិទ្យាទៅអនុវត្តនៅពេលដែលបង្កើនការដាក់បញ្ចូលថាមពលកកើតឡើងវិញអថេរឱ្យបានកាន់តែច្រើនក្នុងពេលអនាគតដ៏ខ្លីនេះ ចូលរួមចំណែកកាត់បន្ថយការសាយភាយឧស្ម័នកាបូនិចទៅបរិយាកាស ប្រែប្រួលអាកាសធាតុ ដើម្បីថែរក្សាភពផែនដីរបស់យើងឱ្យនៅបន្តស្រស់បំព្រង។
លោកបណ្ឌិត បានបន្ថែមថា ជាមួយគោលនយោបាយចូលរួមការពារបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ នៅ COP 26 ដោយពុំមានការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីបន្ថែម និងពុំមានការសាងសង់រោងចក្រវារីអគ្គិសនីនៅលើដង ទន្លេមេគង្គ ក៏ដូចជាគោលដៅ អព្យាក្រឹតភាពកាបូន នៅឆ្នាំ ២០៥០ តម្រូវឱ្យយើងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលក្រសួងរ៉ែ និងថាមពល បានដាក់គោលដៅឱ្យបាន ៧០% ថាមពលកកើតឡើងវិញនៅឆ្នាំ ២០៣០ ជាពិសេសប្រភេទអថេរគឺសំដៅទៅប្រភពពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


