Connect with us

សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់​អះអាងថា ​កម្ពុជា​ត្រូវត្រៀមខ្លួន​ដោះស្រាយ​បញ្ហាប្រឈម​កង្វះថាមពលអគ្គិសនី​នៅ ​៣ ឆ្នាំ ខាងមុខ​

បានផុស

នៅ

​លោក កែវ រតនៈ រដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ០៣ ​ខែមិថុនា ឆ្នាំ ២០២៤នេះថា ​នៅចំពោះមុខ ៣ ឆ្នាំ ខាងមុខ (២០២៥-២០២៧) គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ​ដែលហៅថា អន្តរកាលថាមពល ហើយក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃ​ថាមពល​អគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់​បង្កើនថាមពលបៃតងឱ្យបានច្រើន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈបានបន្តថា ​សព្វថ្ងៃនេះ កម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈកម្ពុជាចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយក​ថាមពល​បៃតងក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសមកបង្កើតការងារឱ្យពលរដ្ឋខ្មែរ។

​លោក កែវ រតនៈ បញ្ជាក់ថា៖« យើងនៅមានបញ្ហាប្រឈមដែល​ត្រូវខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀត ពីព្រោះប្រសិនបើយើង មិនធ្វើការអភិវឌ្ឍទៀតទេ យើងប្រាកដជាខ្វះ ប៉ុន្តែបើរួមគ្នាគាំទ្រការអភិវឌ្ឍ បញ្ហាខ្វះខាត នឹងត្រូវបានកាត់បន្ថយ»។

​លោក កែវ រតនៈ បញ្ជាក់ថា កម្ពុជាត្រូវតែខិតខំធ្វើការអភិវឌ្ឍថាមពលអគ្គិសនីបន្ថែមទៀត ដើម្បី​ប្រើប្រាស់​ក្នុងស្រុកផង ហើយកម្ពុជានៅតែបន្តប្រឹងប្រែងដើម្បីជជែកជាមួយបណ្ដា​ប្រទេសជាសមា​ជិអាស៊ាន​ដើម្បី​បង្កើតឱកាសឱ្យកម្ពុជា​អាចដំឡើងថាមពលពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ ថាមពល​វារីអគ្គិសនីដើរដោយទឹក ដើម្បីយកថាមពលមួយចំនួន​ យកទៅលក់នៅបរទេស​ដើម្បី​បង្កើន​ចំណូលជាតិ។

​សូមជំរាបថា កម្ពុជា និងសិង្ហបុរី ​បានផ្ដួចផ្ដើមតភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានទាំង ១០ ប្រទេស​ ដើម្បី​ការការ​ពារ​បរិស្ថាន ជំរុញថាពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។

​នៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងមានកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ថាមពល​អាស៊ាននៅទីក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ហើយកម្ពុជា និងសិង្ហបុរី នឹងលើកបញ្ហានេះ ចូលលើតុថ្នាក់​រដ្ឋមន្ត្រី ដើម្បីធ្វើការប្រជុំឱ្យមានការតភ្ជាប់បណ្ដាញ​អគ្គិសនីរវាងអាស៊ានទាំង ១០ ប្រទេស៕

អត្ថបទ៖ ឡេង​ ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម