Connect with us

សេដ្ឋកិច្ច

​រដ្ឋាភិបាលជំរុញផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី ​ឱ្យលើសផែនការ ​២៥% នាពេល ៣ ឆ្នាំខាងមុខ​

បានផុស

នៅ

រាជរដ្ឋាភិបាលកំពុងផ្ដោតលើការលើកស្ទួយវិស័យកសិកម្ម ​ដោយលើកកម្ពស់ឧស្សាហកម្មកែច្នៃ ​តាម​រយៈការជំរុញឱ្យមានការវិនិយោគលើកសិផលដែលមានសក្ដានុពល ​ក្នុងនោះដំណាំស្វាយចន្ទី​ក៏ជា​ដំណាំអាទិភាពមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍នៅថ្ងៃទី ០៤ ខែមិថុនា ២០២៤នេះថា បច្ចុប្បន្នផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកសម្រេចបាន ១២ ភាគរយ ដែលជាចំនួនតិចតូចនៅឡើយ ក្រៅពីនេះ គឺកម្ពុជានាំគ្រាប់ស្វាយចន្ទីឆៅ​ចេញទៅក្រៅ​ប្រទេស ដែលធ្វើឱ្យយើងបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងស្រុកយ៉ាងច្រើន។​

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បញ្ជាក់ថា ​រាជរដ្ឋាភិបាលកំពុងជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ​និងដៃគូអភិវឌ្ឍ​ស្វែងរកដៃគូវិនិយោគទាំងក្នុង និងក្រៅស្រុកបន្ថែមទៀត ដើម្បីកែច្នែគ្រាប់​ស្វាយចន្ទី​ឱ្យ​សម្រេចបានលើសគោលដៅ ២៥% ស្របតាមកម្មវីធី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីក្លាយទៅជាអធិរាជស្វាយចន្ទី។

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា​បានឱ្យដឹងថា បច្ចុប្បន្នការកែច្នៃចន្ទីនៅកម្ពុជា​មានកំណើន​តិចតូច​ត្រឹម ១០ ភាគរយ ​ខណៈឧស្សាហកម្មស្វាយចន្ទីកម្ពុជាត្រូវការដើមទុន​បង្វិលប្រមាណ ៣០០ លានដុល្លារក្នុងមួយឆ្នាំ គាំទ្រ​ដល់ខ្សែចង្វាក់ផលិតកម្មកែច្នៃ។

​យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅក្នុង​រយៈពេល ៥ ខែ ចាប់​ពីខែ​មករា-ឧសភា ​ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ​សម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុង​នោះ​នាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើងជាង ៣០ ភាគរយ ​បើប្រៀប​​ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ដែលគិតជាទឹក​ប្រាក់ចំនួន ៨៥១ លានដុល្លារ។

នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទី​ឆៅទៅ​ទីផ្សារ​​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ។

របាយការណ៍របស់ក្រសួងកសិកម្មបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៥២ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧២ ម៉ឺនតោន ក្នុងនោះនំាចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិប្រមាណ ៦២ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ចិន ជប៉ុន បង់ក្លាដែស ឥណ្ណា ថៃ និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម