Connect with us

ព័ត៌មានជាតិ

ខេត្ត​រតនគិរី​ជាប់​លេខ ៣ មាន​ផ្ទៃដី​ដាំដុះ​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ ​បន្ទាប់​ពី​ខេត្ត​កំពង់ធំ និង​ក្រចេះ

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា​ ខេត្ត​រតនគីរី​មាន​ភូមិសាស្ត្រ​អំណោយ​ផល​ដោយ ៨០% នៃផ្ទៃដីគឺជាប្រភេទដីក្រហមដែលមានជីជាតិល្អ។

លោក​អភិបាល​ខេត្ត​បាន​លើក​ឡើង​វិស័យ​សំខាន់ៗ​ចំនួន ៣ ដែល​ខេត្ត​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ក្នុង​នោះ​មាន​វិស័យ​កសិកម្ម ទេសចរណ៍ និង​ធនធាន​រ៉ែ​ធម្មជាតិ។

លោក​អភិបាល​ខេត្ត​បាន​លើក​​ពី​ដំណាំ​​សក្តានុពលក្នុង​ខេត្ត​​មាន​ដូចជា ស្វាយចន្ទី​ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ ១០ ម៉ឺន​ហិចតា ​កៅស៊ូ​មាន​ប្រមាណ ៧ ទៅ ៨ ម៉ឺន​ហិចតា រួម​ទាំង​ដំណាំ​ផ្សេង​ទៀត​មាន​ចេក​អំបូង​លឿង ទុរេន ម្រេច ដំឡូងមី សណ្ដែក កាកាវ និង​កាហ្វេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ដំណាំ​ស្វាយចន្ទី លោកអភិបាល​ខេត្ត​បានអះអាង​ថា ​តាម​លោក​ដឹង​ខេត្ត​រតនគីរី​ជាប់លេខ​២ ឬ​លេខ ៣ បន្ទាប់​ពី​ខេត្ត​ក្រចេះ និង​កំពង់ធំ ដែលមានផ្ទៃដីដាំដុះ​ដំណាំស្វាយចន្ទីច្រើនជាងគេ

បើទោះបី​ជា​ខេត្ត​មាន​សក្តានុពលលើដំណាំ​កសិឧស្សាហកម្ម​ ប៉ុន្តែ​​ខេត្ត​ខ្វះខាត​រោងចក្រកែច្នៃដែលអាជ្ញាធរ​បាន​កំពុង​​ជំរុញ​ឲ្យ​មាន​​ការ​វិនិយោគបន្ថែម​​ ដើម្បី​ចៀស​វាង​ការ​នាំ​ចេញ​តែវត្ថុធាតុដើម​ទៅក្រៅប្រទេសដោយផ្ទាល់។

ក្នុង​ការផ្តល់​បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចក្នុងខេត្តរតនគិរិ លោក ញ៉ែម សំអឿន ក៏​បានលើកឡើងពី​ការ​វិនិយោគកសិដ្ឋាន​ចិញ្ចឹម​គោ​រាប់​ម៉ឺន​ក្បាល​ពីសំណាក់​​​ក្រុមហ៊ុនវិនិយោគ​ក្នុង​ខេត្ត​​ធំៗ​​ និង​​មាន​គោល​ដៅ​ពង្រីក​ការ​ចិញ្ចឹម​ដល់ ១០ ម៉ឺនក្បាល ជាមួយ​គោល​នយោបាយ​ចែក​កូន​គោព្រមទាំង​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ​ជុំវិញ​ដើម្បី​ចិញ្ចឹម រួច​ក្រុមហ៊ុន​ប្រមូល​ទិញ​យក​មក​វិញ​។

បន្ថែមពីនេះ​លោកអភិបាលខេត្ត​បានបញ្ជាក់​ថា ខេត្ត​រតនគិរី​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧ ក្រុមហ៊ុន ក្នុង​នោះ​ក្នុង​ស្រុក​ចំនួន ១០ ក្រុមហ៊ុន​ចិន​ចំនួន ៣ ក្រុមហ៊ុន​វៀតណាម​ចំនួន ១៣ និង​ក្រុមហ៊ុន​មកពី​សិង្ហបុរី​ចំនួន ១ ដែល​ផ្ដោត​លើ​វិស័យ​កសិកម្ម។

ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ខេត្ត​មាន​ផ្ទៃដី​គ្រប​ដណ្តប់​ដោយ​ព្រៃឈើ​ប្រមាណ ៨០ ម៉ឺន​ហិចតា និង​មាន​ឧទ្យានជាតិ ដែន​ជម្រក​​សត្វព្រៃ​ដែល​មាន​សត្វ​កម្រ​ដូចជា ស្វាកន្ទុយ​លឿង និង​ទោច​ថ្ពាល់​លឿង។ ខេត្ត​មាន​បឹង​ធម្មជាតិ​ធំៗ​ជាច្រើន​ដូច​ជា​​បឹង​យក្សឡោម បឹង​លំកុដ បឹង​កន្សែង និង​ទឹកជ្រោះ​នៅ​ជាប់ៗ​គ្នា​ជា​ច្រើន​កន្លែង​មាន​ទឹកជ្រោះ​កាចាញ ចាអុង កាទៀង អូរស៊ីនលែរ​ជាដើម។

ខណៈ​ដែល​ខេត្តភាគ​ឦសាន​នេះ​មាន​មាន​ការ​វិនិយោគ​ដំណាំ​កសិកម្ម​ជាមួយ​ចម្ការ​ធំៗ ​កំពុង​ក្លាយ​ជា​ទីតាំង​ទាក់​ទាញ​ទេសចរណ៍​កសិកម្ម ដែលផ្តល់អារម្មណ៍ដូចនៅបរទេសផងដែរ។ លោក​អភិបាលខេត្ត​បន្ថែម។

ផ្សារ​ភ្ជាប់​សក្ដានុពល​របស់​ខេត្ត​ លោក​អភិបាល​ខេត្ត​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ទាំង​ក្នុងនិង​ក្រៅ​ប្រទេស ឱ្យ​មក​វិនិយោគ​បន្ថែមជាពិសេស​លើ​វិស័យ​កសិឧស្សាហកម្ម តាមរយៈ​ការ​បង្កើត​រោង​ចក្រ​កែ​ច្នៃ​និង​វេច​ខ្ចប់ រួម​ទាំង​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ-វប្បធម៌ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​សក្ដានុពល​ដ៏​ធំធេង និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ។

ពលរដ្ឋ​ជិត ៦០% ក្នុង​ខេត្ត​រតនគិរី គឺជា​ជនជាតិ​ដើម​ភាគតិច​មាន​ដូចជា ទំពួន ចារាយ គ្រឹង កាចក់ កាវែត គុយ និង​ពូណង។ តាមរយៈ​​វប្បធម៌ របាំ សំលៀកបំពាក់​ប្រពៃណី រួម​ទាំង​ស្រា​ពាង​ជា​អត្តសញ្ញាណ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផលិតផល​ភូមិ ១ ផលិតផល ១ របស់​ខេត្ត​ភាគ​ឦសាន​មួយ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម