ព័ត៌មានជាតិ
មកស្គាល់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីធំៗក្នុងប្រទេស ប្រមូលទិញស្វាយចន្ទីរាប់ម៉ឺនតោន កែច្នៃនាំចេញទៅក្រៅប្រទេស
កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសនាំចេញស្វាយចន្ទីដ៏ធំមួយនៅលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក និងជាអធិរាជស្វាយចន្ទីនាពេលអនាគត។
យ៉ាងណាមិញ គ្រាប់ស្វាយចន្ទីមួយភាគធំ ដែលប្រមូលផលបានត្រូវបាននាំចេញទៅក្រៅប្រទេសជាពិសេសប្រទេសវៀតណាម ដោយមិនបានកែច្នៃ។
ស្របជាមួយសក្តានុពលនិងការជំរុញលើកទឹកចិត្តពីរដ្ឋាភិបាល បច្ចុប្បន្នឃើញថាមានក្រុមហ៊ុនមួយចំនួនបានបោះទុនវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់ផ្គង់ផ្គត់ទីផ្សារក្នុងស្រុក និងបានចូលរួមទប់ស្កាត់ការហូរចេញគ្រាប់ស្វាយចន្ទីឆៅមិនបានកែច្នៃជាចំណែកលើកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជាឱ្យឈានទៅកាន់ពិភពលោក។
ក្រុមហ៊ុន CSNC Agriculture
កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន CSNC Agriculture ដែលមានមូលដ្ឋានមកពីប្រទេសសឹង្ហបុរីបានបោះទុនវិនិយោគប្រមាណ ១២ លានដុល្លារ សាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅលើផ្ទៃដីទំហំ ១៤ ហិកតា នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រោងចក្ររបស់ក្រុមហ៊ុន CSNC ប្រមូលទិញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ពីសហគមន៍កសិករ និងអ្នកប្រមូលទិញមួយចំនួន ខណៈរោងចក្រធ្វើការកែច្នៃផងនិងនាំចេញផង។
រោងចក្រ CSNC មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ៤០ តោនក្នុងមួយថ្ងៃឬស្មើនឹង ១ ម៉ឺន ២ ពាន់តោន ក្នុងមួយឆ្នាំ ខណៈក្រុមហ៊ុនមានផែនការទិញគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេចពីសហគ្រាសក្នុងស្រុក ដើម្បីយកទៅកែច្នៃបន្តលក់ទៅក្រៅប្រទេស ដែលក្រុមហ៊ុនមានទីផ្សារលក់រាយនៅប្រទេសចិន និងអឺរ៉ុប។
ក្រុមហ៊ុនជប៉ុន MIRATH GREEN TECH
ក្រុមហ៊ុនជប៉ុន MIRATH GREEN TECH បានសម្ពោធដាក់ឱ្យដំណើរការរោងចក្រកាលពីឆ្នាំ ២០២៤ នៅខេត្តកំពង់ធំ។ ក្រុមហ៊ុនបានបោះទុនវិនិយោគជាង ១ លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយសមត្ថភាពកែច្នៃបានចំនួន ១,៥០០ តោន នៅឆ្នាំដំបូង និងពង្រីកដល់ ៣ ០០០ តោននៅឆ្នាំបន្តបន្ទាប់ ដើម្បីនាំចេញទៅទីផ្សារប្រទេសជប៉ុននិងសហភាពអឺរ៉ុប។

ដើម្បីបំពេញក្នុងខ្សែសង្វាក់ផលិតកម្ម ក្រុមហ៊ុនបានចុះប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រមទាំងសហគមន៍ទំនើបទាំង ៣ ស្ថិតក្នុងខេត្តកំពង់ធំ។
ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទីលក់លើទីផ្សារ ក្រុមហ៊ុនក៏មានគម្រោងផលិតប្រេងជីវឥន្ធនៈចេញពីសំបកគ្រាប់ស្វាយចន្ទី រួមទាំងផែនការនាំយកគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនសម្រាប់បម្រើឱ្យការកែច្នៃក្នុងរោងចក្រ។
ក្រុមហ៊ុន Khmer Agro Cashew
សហគ្រាស Khmer Agro Cashew បង្កើតឡើងនៅក្នុងឆ្នាំ ២០២៥ មានទិសដៅប្រមូលទិញគ្រាប់ស្វាយចន្ទីដែលមានស្ដង់ដាគុណភាព ដើម្បីយកទៅកែច្នៃហើយនាំចេញ ដើម្បីចូលរួមចំណែកជួយលើកកម្ពស់ជីវភាពកសិករនៅក្នុងសហគមន៍។
សហគ្រាស Khmer Agro Cashew គ្រោងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅពាក់កណ្ដាលឆ្នាំ ២០២៦ ជាមួយសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ៥០ តោនក្នុងមួយថ្ងៃ ដែលទីផ្សារនាំចេញគឺទៅប្រទេសជប៉ុន កោះតៃវ៉ាន់ និងទីផ្សារអឺរ៉ុប។

កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើមចំនួន ៦ ០០០ តោន ពីសហគមន៍កសិកម្មចំនួន ៦ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កិច្ចសន្យាទិញ-លក់គ្រាប់ស្វាយចន្ទីជាមួយសហគមន៍កសិកម្ម ក្នុងតម្លៃប្រហាក់ប្រហែលជាមួយឈ្មួញកណ្ដាល។
ក្រុមហ៊ុន Giant Cashew Enterprise
សហគ្រាស Giant Cashew Enterprise ក៏ជាសហគ្រាសកសិកម្មឈានមុខគេមួយ ដែលមានឯកទេសក្នុងការដាំដុះ ដំណើរការ និងចែកចាយគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់នៅទូទាំងពិភពលោក។ សហគ្រាសមានប្រមូលទិញ ហាលសម្ងួត កែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់រោងចក្រ សិប្បកម្មក្នុងស្រុក និងបរទេស។
ក្រុមហ៊ុន Pinex Agro
វត្តមានរបស់រោងចក្រ Pinex Agro ជាជំហានដ៏សំខាន់បំផុតមួយ ក្នុងការចូលរួមចំណែកជំរុញវិស័យដាំដុះស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។
ខណៈស្វាយចន្ទីគឺជាដំណាំដែលមានសក្តានុពលធំជាងគេក្នុងខេត្ត រោងចក្រនេះបានបង្កើតឱកាសការងារយ៉ាងច្រើននៅក្នុងសហគមន៍ផ្ទាល់ ដែលជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើនៅជិតផ្ទះ ជួយសម្រួលដល់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។
ក្រុមហ៊ុន Harvest Center Cambodia
ក្រុមហ៊ុន Harvest Center (Cambodia) ក៏ជាក្រុមហ៊ុនក្នុងស្រុកដែលប្រមូលទិញស្វាយចន្ទីក្នុងការកែច្នៃនាំចេញទៅក្រៅប្រទេស។ ក្នុងជំនួបជាមួយតំណាងសហគមន៍កសិកម្មនៅខេត្តកំពង់ធំកាលពីថ្ងៃទី ២២ ខែកុម្ភៈ ក្រុមហ៊ុន Harvest Center (Cambodia) នៅក្នុងចំណោមក្រុមហ៊ុនធំៗក្នុងស្រុកចំនួន ៦ ដែលបានសន្យាក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករក្នុងតម្លៃប្រកួតប្រជែងនារដូវប្រមូលផលឆ្នាំ ២០២៦ នេះ។

ក្រុមហ៊ុន TL Agri Foods Import Export Co.,Ltd
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ TL Agri Foods Import Export Co.,Ltd ជាក្រុមហ៊ុនក្នុងស្រុក ១០០% ដែលមានឧកញ៉ា ឡាង ទីលាង ជាអគ្គនាយក ដែលបានវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងទុនវិនិយោគប្រមាណ ១.៥ លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។

ជាមួយការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ រោងចក្រដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៥ មានសមត្ថភាពបកគ្រាប់ស្វាយចន្ទីបានប្រមាណ ៥០ តោនក្នុងមួយថ្ងៃ។
ខណៈដែលការវិនិយោគសាងសង់រោងចក្រនេះ ក្រុមហ៊ុនមានចម្ការដាំដុះស្វាយចន្ទីដោយខ្លួនឯងនៅលើផ្ទៃដីប្រមាណ ១០ ហិតា និងប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ថែមពីប្រជាពលរដ្ឋ ដោយក្នុង ១ ឆ្នាំៗ ក្រុមហ៊ុនគ្រោងទិញចូលគ្រាប់ស្វាយចន្ទីប្រមាណ ១០ ម៉ឺន ដើម្បីបំពេញតម្រូវការខ្សែសង្វាក់ផលិតកម្ម និងសម្រាប់កែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះរោងចក្រធុនមធ្យមមានចំនួន ៦ (សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ។
នៅក្នុងរដូវប្រមូលផលគ្រាប់ស្វាយចន្ទីឆ្នាំ ២០២៦ រំពឹងសម្រេចបាន ៨០ ម៉ឺនតោន ដល់ ១ លានតោន ដោយសារការកើនឡើងនៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ ម៉ឺនហិកតា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


