ព័ត៌មានជាតិ
មជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្សាំដើមស្វាយចន្ទីឥតគិតថ្លៃដល់កសិករ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី (TVET) បានចុះស្រង់ឈ្មោះប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជំនាញកាត់ត និងផ្សាំដើមស្វាយចន្ទីដោយឥតគិតថ្លៃ ក្នុងគោលបំណងជួយឱ្យប្រជាកសិករ ជាពិសេសជនជាតិដើមភាគតិច អាចផលិតកូនពូជស្វាយចន្ទីដោយខ្លួនឯង កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម។

សកម្មភាពចុះឈ្មោះនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលារោងភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរីដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២៥នាក់ ក្នុងនោះមានបុរស ៨នាក់។ កម្មវិធីនេះមានគោលដៅជួយឱ្យកសិករមិនចាំបាច់ចំណាយប្រាក់ទិញកូនស្វាយចន្ទីផ្សាំពីខាងក្រៅទៀតឡើយ ដោយអាចរៀនបច្ចេកទេស និងអនុវត្តដោយខ្លួនឯង។
លោក ទិត សុខរិន គ្រូបង្រៀននៃមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរី បានប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីការចុះឈ្មោះរួចរាល់ វគ្គបណ្តុះបណ្តាលបច្ចេកទេសកាត់តស្វាយចន្ទី នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារោងភូមិទៀមលើដដែល។ លោកបន្តថា មជ្ឈមណ្ឌលមានគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ អាចផ្តល់ចំណេះដឹងជាក់ស្តែងដល់ប្រជាកសិករ ដើម្បីឱ្យពួកគេអាចកាត់ត និងផ្សាំពូជស្វាយចន្ទីដោយខ្លួនឯង។ គោលបំណងសំខាន់គឺកាត់បន្ថយការពឹងផ្អែកលើការទិញកូនពូជពីខាងក្រៅ និងកាត់បន្ថយចំណាយដើមទុនផលិតកម្ម ខណៈដែលកសិករក៏អាចជ្រើសរើសពូជដែលមានគុណភាព និងផ្តល់ទិន្នផលខ្ពស់សម្រាប់ចម្ការរបស់ខ្លួនផងដែរ។
លោក ទិត សុខរិន បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ឱ្យចូលរួមសិក្សាជំនាញនេះឱ្យបានច្រើន ដោយសារជំនាញបច្ចេកទេសកាត់តស្វាយចន្ទីអាចជួយបង្កើនម្ចាស់ការលើការផលិតកូនពូជ និងលើកកម្ពស់ជីវភាពគ្រួសារនាពេលអនាគត។

លោកបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋ ១ លាន ៥ សែននាក់ ដែលផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់ជំនាញដែលអាចយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា ក្រុមការងាររបស់មជ្ឈមណ្ឌលបានចុះផ្សព្វផ្សាយ និងចុះឈ្មោះសិក្ខាកាមនៅតាមស្រុកនានាទូទាំងខេត្តរតនគិរី ដើម្បីធានាថាប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក៏អាចទទួលបានឱកាសសិក្សាជំនាញវិជ្ជាជីវៈផងដែរ។ ជំនាញកសិកម្មដែលកំពុងបណ្តុះបណ្តាលរួមមាន ដំណាំស្វាយចន្ទី កៅស៊ូ ធុរេន និងចេក ដែលស្របតាមតម្រូវការទីផ្សារ។

លោក ស្វែង បាន មេភូមិទៀមលើ បានលើកឡើងថា វគ្គបណ្តុះបណ្តាលបច្ចេកទេសកាត់តស្វាយចន្ទីនេះ មានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាកសិករក្នុងមូលដ្ឋាន ព្រោះអាចជួយពង្រឹងសមត្ថភាពកសិកម្ម និងកាត់បន្ថយការចំណាយក្នុងគ្រួសារ។ លោកបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល កសិករនឹងទទួលបានជំនាញជាក់ស្តែង ដែលអាចយកទៅអនុវត្តបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើការទិញកូនពូជពីខាងក្រៅ៕
ដោយ៖ ខៀវ ចាប
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


