ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ លើកទឹកចិត្តឱ្យលក់នំចំណីខ្មែរតាមសាលាបន្ថែមទៀត ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា បានជំរុញនិងលើកទឹកចិត្តឱ្យលក់នំចំណីរបស់ខ្មែរនៅតាមសាលារៀនឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស និងចូលរួមលើកស្ទួយវប្បធម៌របស់ខ្មែរយើង។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៣ កញ្ញា នេះថា បន្ទាប់ពីក្រសួងបានចេញសេចក្តីជូនដំណឹងហាមឃាត់ការលក់នំចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍ គ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ ព្រមទាំងចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម និងតំណាប់ផ្អែមគ្រប់ប្រភេទនៅតាមសាលារៀនរួចមកឃើញថា គ្រប់សាលារៀនបានអនុវត្តបានយ៉ាងល្អប្រសើរ ទាំងនៅរាជធានីភ្នំពេញ ទីប្រជុំជន និងសាលានៅជនបទ។
លោកស្រីបានបន្តថា មិនត្រឹមតែប៉ុណ្ណោះមានសាលាខ្លះបានផ្លាស់ប្តូរលក់នំចំណីជាកញ្ចប់ទៅជាលក់នំចំណីដែលជារបស់ខ្មែរមិនមានគីមីដែលនេះជាគំរូមួយដ៏ល្អ ព្រោះថាមិនត្រឹមតែជួយលើកកម្ពស់សុខភាពសិស្សានុសិស្សប៉ុណ្ណោះទេ ថែមទាំងឱ្យសិស្សបានស្គាល់ពីនំចំណីដែលធ្វើដោយស្នាដៃខ្មែរ ចូលរួមលើកស្ទួយវប្បធម៌ខ្មែរយើង។

លោកស្រី បានស្នើដល់សាលារៀនជួយបំផុសឱ្យមានការលក់នំចំណីដែលជារបស់ខ្មែរឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារខ្មែរមួយចំនួនដែលជាអ្នកប្រកបមុខរបរលក់នំចំណីខ្មែរឱ្យពួកគាត់បន្តរបរនេះបានយូរអង្វែងបន្សល់ស្នាដៃដល់ក្មេងជំនាន់ក្រោយ។
គួរបញ្ជាក់ថា ក្រៅពីអាហារហាមឃាត់ខាងលើនេះ ក៏មានអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព ក៏ត្រូវហាមឃាត់នៅតាមគ្រឹះស្ថានសិក្សាដែរនោះ មានដូចជា ចំណីអាហារដែលមានជាតិស្ករខ្ពស់ ចំណីអាហារផ្អែមខ្លាំង ប្រើមេស្ករ ឬ ល័ក្ដ ចំណីអាហារមានខ្លាញ់ច្រើនដូចជា នំកញ្ចប់ អាហារចៀន អាហារបំពង ចំណីអាហារមានជាតិប្រៃខ្លាំងដូចជា មីកញ្ចប់ អាហារត្រាំ អាហារផ្អាប់ ជ្រក់ លៀសហាល ដំឡូងបំពងដាក់កំប៉ុង ចំណីអាហារដែលចម្អិនមិនបានល្អ និងរៀបចំទុកដាក់មិនបានត្រឹមត្រូវ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


