Connect with us

ព័ត៌មានជាតិ

ទឹកជ្រោះប៊ូស្រា ប្ដូរមុខមាត់ថ្មីកាន់តែស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើ​ន

បានផុស

នៅ

និយាយពីខេត្តមណ្ឌលគីរី គ្រប់គ្នាប្រាកដនឹកដល់ទឹកជ្រោះប៊ូស្រា ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីប្រចាំខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជាមួយនេះ។ ដោយសារតែភាពល្បីល្បាញនេះហើយ ធ្វើឲ្យរមណីយដ្ឋាននេះ ត្រូវបានកែលម្អមុខមាត់ជាបន្តបន្ទាប់ ដើម្បីទាក់ចិត្តទេសចរកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុនបានរៀបចំកែលម្អ ដោយរៀបចំជាវេទិកាសម្ដែងរបាំជនជាតិដើមភាគតិច រៀបចំបង្កាន់ដៃដាក់តាមស្ពាន ដើម្បីបង្កើនសម្រស់ ក៏ដូចជាផ្ដល់សុវត្ថិភាពដល់ភ្ញៀវ។ មិនត្រឹមប៉ុណ្ណោះ ក្រុមហ៊ុនក៏បាន រៀបចំទីតាំងនានា ​ដើម្បីឲ្យភ្ញៀវកាន់តែមានជម្រើស ក្នុងការថតរូបអនុស្សាវរីយ៍ផងដែរ។

យោងតាមតួលេខពីក្រុមហ៊ុនមណ្ឌល ខេ រីស៊ត បានបង្ហាញថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤ (មករា ដល់ តុលា) រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ទទួលភ្ញៀវទេសចរ ចំនួន ១០៨ ៧៦៩នាក់ កើនឡើងជិត ៣០ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។ ក្នុងចំណោមនោះ ក៏មានភ្ញៀវទេសចរបរទេស ៤៦៤៣នាក់ ផងដែរ (កើនឡើងជាង ២៦%)។

គួរបញ្ជាក់ផងដែរថា ក្រៅពីរៀបចំតុបតែង កែលម្អ បង្កើនសោភ័ណភាព នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត ក៏បានសម្រេចបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយឥតគិតថ្លៃសំបុត្រ រៀងរាល់ចុងសប្តាហ៍ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម