ព័ត៌មានជាតិ
ថៃនៅពុំទាន់បង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ OCA
លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃបានឱ្យដឹងថា រដ្ឋាភិបាលថៃនៅពុំទាន់បង្កើតចេញជារូបរាងនៃគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរនៅឡើយនោះទេគិតត្រឹមដើមខែធ្នូនេះ។

យោងតាមសារព័ត៌មានថៃ Bankgkok Post បានដកស្រង់សម្តី លោក Phumtham កាលពីថ្ងៃទី៦ ខែធ្នូ អំពីព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនៃការបង្កើត JTC សម្រាប់ការចរចាជាមួយកម្ពុជា ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ (MoU ៤៤) ដែលបម្រើជាក្របខណ្ឌសម្រាប់កិច្ចពិភាក្សាស្តីពីតំបន់ឧស្ម័នត្រួតស៊ីគ្នារវាងប្រទេសថៃ និងកម្ពុជានោះនៅពុំទាន់ចេញជារូបរាងនៅឡើយនោះទេ។
លោកបានទទួលស្គាល់ថា៖«រហូតមកដល់ពេលនេះមិនមានការរីកចម្រើនទេ ព្រោះការពិភាក្សាកំពុងបន្តដើម្បីកំណត់ជំហានបន្ទាប់។ បញ្ហានេះស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងការបរទេស ហើយមិនទាន់ដឹងថានឹងត្រូវលើកយកទៅប្រជុំគណៈរដ្ឋមន្ត្រីនៅពេលណានោះទេ»។

កាលពីដើមខែវិច្ឆិកា ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ នៅទីក្រុងគុនមីង ប្រទេសចិននាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានបញ្ជូនសារទៅកាន់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតថា ការចរចាលើតំបន់ដែនសមុទ្រមានជម្លោះក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ (OCA)នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសចំរុះ (JTC) ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែវិច្ឆិកានេះ។
លោកស្រីថាការបង្កើត JTC ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពេលដែលនាងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ១៨ ខែវិច្ឆិកាពីកិច្ចប្រជុំកំពូល Apec នៅប្រទេសប៉េរូដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៦ ខែវិច្ឆិកា។ លោកស្រីនិយាយថា៖«នៅពេលនោះ JTC នឹងបន្តការពិភាក្សាក្រោម MoUដែលមានស្រាប់»។
តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា-ថៃ មានទំហំប្រហែល ២៦ ០០០ គីឡូម៉ែត្រការ៉េក្នុងឈូងសមុទ្រថៃ និងត្រូវបានប៉ាន់ប្រមាណពីមុនថា អាចមានកំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលានហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេងកាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាងថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀងដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បានរួមចំណែកធ្វើឱ្យការពិភាក្សាស្ដីពីតំបន់ត្រួតស៊ីគ្នាត្រូវជាប់គាំង។

បើតាមលោកស្រីផែតងតាន បានបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជនថៃថា ថៃនឹងមិនមានការលំបាកក្នុងការចរចាក្រោម MoU នោះទេ។ «ប្រទេសទាំងពីរបានបកស្រាយនូវ OCA ខុសគ្នា។ នោះហើយជាមូលហេតុដែល MoU ចាំបាច់ដើម្បីដោះស្រាយលើភាពខុសគ្នានេះ» ។
កាលពីចុងខែតុលា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក លោក Geoffrey R. Pyatt និងលោក Andrew Light បានជួបសន្ទនាទ្វេភាគីជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី គាំទ្រផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


