ព័ត៌មានជាតិ
សម្ដេច ស ខេង ថា អំពើឆបោកតាមអនឡាញកាន់តែស្មុគស្មាញ ដែលត្រូវប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហាញក្ដីបារម្ភជុំវិញអំពើឆបោកតាមអនឡាញ ដែលបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញ ដែលទាមទារឱ្យអាជ្ញាធរ ពលរដ្ឋ និងផ្នែកពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់នូវបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង បានថ្លែងថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សក្តី ក៏ប៉ុន្តែ ការបារម្ភក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ សម្ដេចក្រឡាហោម បានលើកឡើងនូវទិដ្ឋភាពជាក់ស្តែង នៃរូបភាពអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាដើម។

សម្ដេចក្រឡាហោម ថ្លែងដូច្នេះថា «អ្វីក៏ដោយ វាតែងតែមានទំនាស់ វាមិនអាចថាស្អីល្អឥខ្ចោះទេ បានមួយអត់មួយ អ៊ីចឹង ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនេះ វាក៏មានមុខសកម្ម ក៏ប៉ុន្តែ ក៏មានមុខអសកម្ម ពួកក្រុមឧក្រិដ្ឋជន វាប្រើបច្ចេកវិទ្យាដែរ ដើម្បីធ្វើសកម្មភាពបោកបញ្ឆោត កេងបន្លំ រកផលប្រយោជន៍។ នេះជាការជាក់ស្ដែងដែលកំពុងកើតមាន មិនថានៅកម្ពុជាយើងទេ គឺនៅគ្រប់ប្រទេសទាំងអស់នៅលើសកលលោក គ្រាន់តិច ឬច្រើន»។
ក្នុងន័យនេះ សម្ដេច ស ខេង បានសំណូមពរឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ សិស្សានុសិស្សដែរ រួមទាំងប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។
ការលើកឡើងខាងលើនេះ ក្នុងឱកាសដែលសម្ដេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកម៉ូតូដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានបង្កើតគណៈកម្មការដើម្បីបង្កើនការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមបណ្តាបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា។ បតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មការចំពោះកិច្ចនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលរាជធានី-ខេត្តទាំង២៥ ជាអនុប្រធាន ព្រមទាំងសមាជិកមួយចំនួន។

គណៈកម្មការចំពោះកិច្ចដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត មានភារកិច្ចបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្រ បណ្តារាជធានី-ខេត្ត និងប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញ និងកំណត់ដោយប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការសម្របសម្រួលប្រតិបត្តិការជាក់ស្តែងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធិចាប់បញ្ជូនជនល្មើស និងវត្ថុតាង ព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។ ក្នុងករណីជនល្មើសជាជនបរទេស ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


