Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងពិនិត្យខ្លឹមសារច្បាប់ថ្មីមួយសម្រាប់ដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម

បានផុស

នៅ

កម្ពុជា កំពុងរៀបចំ និងពិនិត្យខ្លឹមសារលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីកំណត់ការដាក់ទោសចំពោះជនណាដែលមិនទទួលស្គាល់ ក៏ដូចជាបដិសេធថា ពុំមានឧក្រិដ្ឋកម្មក្នុងសម័យប្រល័យពូជសាសន៍។ គោលបំណងនៃច្បាប់នេះ គឺធានាបាននូវយុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអន្តរក្រសួង លើកមកពិភាក្សាក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ក្រោមវត្តមានដឹកនាំលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មុននឹងត្រូវដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅដើមឆ្នាំ២០២៥ ខាងមុខ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។​

សេចក្តីព្រាងច្បាប់នេះ គឺកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក.» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងកេរដំណែលនៃការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) ទិដ្ឋភាពទម្រង់ និងខ្លឹមសារពាក់ព័ន្ធទៅនឹងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណេវ ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ និងទម្លាប់អន្ដរជាតិ ព្រមទាំងរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា និយាយថា «កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍»។ ថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​​ជា​អធិបតីពិធីបិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍» សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការតាក់តែងច្បាប់នេះ គឺមិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម