ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ នឹងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពការងាររបស់ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

យោងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវជ្រើសឡើង តាមការបោះឆ្នោតអសកល។ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លូន។ ក្រុមប្រឹក្សាមានអាណត្តិ ០៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង។
ផ្អែកតាមច្បាប់ដដែល លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រុមប្រឹក្សាត្រូវចាត់វិធានការសមស្រប ដើម្បីដោះស្រាយវិវាទនៅមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គួរកត់សម្គាល់ថា វិវាទមូលដ្ឋាន គឺជាវិវាទមានលក្ខណៈឯកជនរវាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្សេងគ្នា។ ចំណែកឯការដោះស្រាយវិវាទទាំងនោះ ក្រុមប្រឹក្សាត្រូវផ្អែកតាមពាក្យបណ្ដឹងរបស់ភាគីណាមួយ ឬភាគីទាំងសងខាងនៅក្នុងវិវាទ ទៅក្រុមប្រឹក្សា ដែលភាគីនោះ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ច។

បើតាមលោកបណ្ឌិត ទូច សុឃៈ ច្បាប់ក៏បានតម្រូវឱ្យក្រុមប្រឹក្សាសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ដោយផ្អែកតាមលក្ខណៈ ដែលអាចទទួលយកបានដោយភាគីនៅក្នុងវិវាទទាំងសងខាង។ ក្នុងករណីភាគីណាមួយក្នុងវិវាទមិនអាចទទួលយកបាននូវការសម្រុះសម្រួលដោះស្រាយ ក្រុមប្រឹក្សាត្រូវណែនាំភាគីនោះអំពីនីតិវិធីតាមផ្លូវច្បាប់សម្រាប់បន្តដោះស្រាយវិវាទនោះ។
លោក បន្តថា ក្នុងករណីមានសំណូមពរ ឬការតវ៉ានានាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាត្រូវពិនិត្យ និងដោះស្រាយសំណូមពរ ឬការតវ៉ានោះឱ្យបានសមស្រប។ ម្យ៉ាងទៀត ក្នុងករណីមានសំណូមពរ ឬការតវ៉ា ក្រុមប្រឹក្សា ត្រូវតែចាត់វិធានការដោះស្រាយ រួចហើយត្រូវជូនដំណឹងទៅប្រជាពលរដ្ឋវិញ។ និងករណីមានសំណូម ឬការតវ៉ានោះមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវរាយការណ៍ជូនក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬក្រុមប្រឹក្សាដែលពាក់ព័ន្ធដើម្បីដោះស្រាយ។

យ៉ាងណាក៏ដោយ បើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងការសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ក្រុមប្រឹក្សា មិនត្រូវធ្វើសេចក្ដីសម្រេចទៅលើបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធករណី រួមមាន៖ ១.ការលែងលះ ២.អំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទល្មើសឧក្រិដ្ឋ ឬមជ្ឈិម ៣.បទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬករណីដែលស្ថិតនៅក្នុងក្របខ័ណ្ឌសណ្ដាប់ធ្នាប់សាធារណៈ ៤.វិវាទដែលកំពុងដោះស្រាយដោយតុលាការ ឬដែលមានសេចក្ដីសម្រេចពីតុលាការ ៥.វិវាទដែលច្បាប់ ឬដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យ ស្ថាប័ន ឬយន្តការជាក់លាក់។ ចំពោះនីតិវិធីក្នុងការដោះស្រាយវិវាទនៅមូលដ្ឋាន ត្រូវផ្អែកតាមច្បាប់ ឬអនុក្រឹត្យ។
ក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិចំនួន៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាលក្ខណៈសម្បត្តិទី៥។ អ្នកនាំពាក្យរង បញ្ជាក់ថា នៅឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងគុណភាពការងារ ពិសេសតួនាទីរបស់ក្រុមប្រឹក្សា រួមទាំងការទទួលសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ