ព័ត៌មានជាតិ
យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ មានក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០០០នាក់ចូលរួម
យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលឱ្យកាន់តែច្រើន ដើម្បីអនាគត់មុខរបរការងារ និងប្រាក់ចំណូលគ្រួសារពួកគាត់កាន់តែរីកចំរើន។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយការ ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ (នៅដី ហ្គ្រេន ធីរេស “The Grand Terrace”ខណ្ឌទួលគោក ដែលមានក្រុមសេដ្ឋកិច្ច ក្រៅប្រព័ន្ធជាង១០០០នាក់ចូលរួម។

លោក ឃួង ស្រេង បានមានប្រសាសន៍បន្តថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយ ពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ហើយការចុះឈ្មោះនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ។ លោកក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួល គាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តទៀតថា ការចុះឈ្មោះនេះ គឺអាចបញ្ជាក់ពីអត្តសញ្ញាណអាជីវកម្មច្បាស់លាស់ដែលអាចយកប្រើការផ្សេងៗបាន ព្រមទាំងផ្តល់ប្រយោជន៍លើការបណ្តុះបណ្តាលជំនាញថែមទៀតផង។ ក្រោយចុះឈ្មោះ និង ទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់ពួកគាត់ដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ហែម វណ្ណឌី បានមានប្រសាន៍លើកឡើងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅភ្នំពេញមានរហូតរាប់លាននាក់ ដែលទាមទារឱ្យយើងរៀបចំឱ្យមានការជួបជុំថ្ងៃនេះ ក្នុងការរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា។ កន្លងមកពលរដ្ឋជាម្ចាស់អាជីវកម្មអាចចុះឈ្មោះបាននៅតែច្រកចេញ ចូលតែមួយ។ តែសម្រាប់ពេលនេះ ពួកគាត់អាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើតែអត្តសញ្ញាណប័ណ្ណ និងរូបថតគឺរួចជាស្រេច។

លោក ហែម វណ្ណឌី បានបន្តថា សម្រាប់ការចុះដោយប្រព័ន្ធឌីជីថលនេះ ពួកគាត់អាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារដែលមាននៅទូទាំងប្រទេស ឬក៏ទៅរកសេវានេះ នៅធានាគារចំនួន៥ គេនឹងបំពេញការងារចុះឈ្មោះនេះឱ្យដោយមិនយកប្រាក់ ជាមួយនឹងការប្រើប្រាស់ពេលវេលានៃការចុះឈ្មោះប្រមាណ១០នាទីប៉ុណ្ណោះ។

លោក ហែម វណ្ណឌី បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ហើយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។ នេះជាការគិតគូរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់ចូលរដ្ឋឡើយ។

លោក ហែម វណ្ណឌី បានបញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែនេះ ពោលគឺចាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤មក មានពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះបានជាង១២០០នាក់ ដែលទាមទារ សូមឱ្យពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះឈ្មោះឱ្យបានកាន់តែច្រើន។ បើមិនចូលរួម អាជ្ញាធរមិនសហការ នោះការងារនេះពិតជាមិនទទួលបានជោគជ័យឡើយ ដូច្នេះសូមចូលរួមទាំងអស់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


