សេដ្ឋកិច្ច
ធនាគារពិភពលោក៖ កំណែទម្រង់ចំគោលដៅ ជួយកម្ពុជាទប់ទល់នឹងសម្ពាធសេដ្ឋកិច្ច
សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថានឹងមានកំណើន ៤,៨ ភាគរយ គឺធ្លាក់ចុះពី ៦ ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការប្រឈមក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។

គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយកំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ច ទៅថ្ងៃមុខ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ជម្នះការប្រឈម (Coping with Shocks)» ធ្វើការពិនិត្យមើលថាតើ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។
ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យបានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈដែលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។
លោកស្រីបន្ថែមទៀតថា៖ «វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកដែលទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការចាំបាច់ណាស់។ ជាមួយគ្នានេះ ការកែលម្អបរិយាកាសអាជីវកម្ម ការជួយដល់សហគ្រាសក្រៅប្រព័ន្ធ និងការបង្កភាពងាយស្រួលសម្រាប់អាជីវកម្មចុះបញ្ជីផ្លូវការ គឺមានសារៈសំខាន់ណាស់ដើម្បីពង្រីកសក្តានុពលកំណើន បង្កលក្ខណៈស្មើភាពសម្រាប់ការធ្វើអាជីវកម្ម និងបង្កើតការងារដែលមានគុណភាពកាន់តែប្រសើរឡើង»។
កម្ពុជាបានមកដល់ដំណាក់កាលមានសម្ពាធខ្លាំង ដោយនាំមកជាមួយនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានទ្រនាប់ការពាររឹងមាំគួរសម។ ទុនបម្រុងអន្តរជាតិនៅតែមានភាពល្អប្រសើរ ដែលអាចធានាការនាំចូលបានប្រមាណ ៧,៥ ខែ ខណៈដែលបំណុលសាធារណៈមានកម្រិតទាប គឺប្រហែល ២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

អតិផរណានៅស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យម ២,៧ ភាគរយក្នុងឆ្នាំនេះ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបាន ២,៣ ប៊ីលានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ កើនឡើង ២៨,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ដែលជួយប៉ះប៉ូវដល់អតុល្យភាពនៅខាងក្រៅបានដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់រដ្ឋាភិបាលត្រូវបានរំពឹងថានឹងមិនកើនទេ ដោយសារតម្រូវការប្រើប្រាស់ខ្សោយជាងមុន ហើយឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរីកកាន់តែធំ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ របាយការណ៍បានលើកឡើងនូវវិធានការបន្ទាន់មួយចំនួន ដូចជាការផ្តល់ប្រាក់សង្គ្រោះបន្ទាន់ ការបណ្តុះបណ្តាល និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុកដែលបានត្រឡប់មកវិញ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ និងគាំទ្រដល់តម្រូវការក្នុងស្រុក។
កំណែទម្រង់រយៈពេលមធ្យម គួរតែផ្តោតលើការកាត់បន្ថយថ្លៃដើមក្នុងការធ្វើអាជីវកម្ម ការកែលម្អលទ្ធភាពឱ្យសហគ្រាសខ្នាតតូចអាចទទួលបានហិរញ្ញវត្ថុយកធ្វើដើមទុន និងការសម្រួលពាណិជ្ជកម្មនិងភស្តុភារតាមរយៈឌីជីថលូបនីយកម្ម។
ជំពូកផ្តោតពិសេសស្តីពី «ការមើលស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ពិនិត្យមើលលក្ខណៈ និងសមិទ្ធកម្មនៃអាជីវកម្មក្រៅប្រព័ន្ធ ដែលមានចំនួនប្រហែល ៩០ ភាគរយនៃសហគ្រាសទាំងអស់ និង ៨៨ ភាគរយនៃការងារនៅកម្ពុជា។ ចំនួននេះសបញ្ជាក់ពីសារៈសំខាន់របស់អាជីវកម្មក្រៅប្រព័ន្ធ និងការងារនៅតាមអាជីវកម្មទាំងនោះ ក្នុងការទ្រទ្រង់ប្រាក់ចំណូលគ្រួសារ និងគាំទ្រភាពធន់នៃសេដ្ឋកិច្ច ក្នុងពេលមានការប្រឈមថ្មីៗនេះ។
ការវិភាគរកឃើញថា ក្រុមហ៊ុនក្រៅប្រព័ន្ធ ជាមធ្យម មានផលិតភាពទាបជាងក្រុមហ៊ុនក្នុងប្រព័ន្ធ ២,៦ ដង។ ទោះជាយ៉ាងណាក៏ដោយ វិស័យក្រៅប្រព័ន្ធមានទិដ្ឋភាពសម្បូរបែប រាប់តាំងពី «សហគ្រាសរកស៊ីត្រដាបត្រដួស (Survival Enterprises)» ដែលផ្តល់ជីវភាពជាមូលដ្ឋានសម្រាប់គ្រួសារងាយរងគ្រោះ រហូតដល់ «សហគ្រាសមានសមិទ្ធកម្មខ្ពស់ (High Performers)» ដែលអាចមានផលិតភាពស្មើ ឬលើសក្រុមហ៊ុនក្នុងប្រព័ន្ធ ហើយជួនកាលរកស៊ីប្រកួតប្រជែង នៅលើទីលានមួយដែលមិនស្មើភាពគ្នា។
របាយការណ៍នេះ ផ្តល់អនុសាសន៍ឱ្យពង្រីកកិច្ចគាំពារសង្គមសម្រាប់ម្ចាស់ «សហគ្រាសរកស៊ីត្រដាបត្រដួស» ជួយអាជីវកម្មក្រៅប្រព័ន្ធដែលមានសក្តានុពលឱ្យរីកចម្រើន និងបង្កើនផលិតភាពរបស់ពួកគេ និងជួយអាជីវកម្មក្រៅប្រព័ន្ធ ដែលមានផលិតភាព ខ្ពស់បំផុតឱ្យចូលក្នុងប្រព័ន្ធ តាមរយៈការបញ្ចុះថ្លៃចុះបញ្ជី ការពង្រីកសេវាកម្មឌីជីថល និងការផ្តល់ប្រការលើកទឹកចិត្តច្បាស់លាស់៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


