សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីបណ្ណជំនាញ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ណជំនាញ (Skills Voucher) ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន។
ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តកម្មវិធីបណ្ណជំនាញនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះកំណើនប្រកបដោយបរិយាបន្ន។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម និងការបណ្តុះបណ្តាលជំនាញគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ភាពប្រកួតប្រជែង និងសុខុមាលភាពនៃពលរដ្ឋគ្រប់រូប។

«រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃ សមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចចូលរួមចំណែកយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិដោយចីរភាព។» លោករដ្ឋមន្រ្តី បន្ថែមបែបនេះ។
លោក ហែម វណ្ណឌី បានបន្តថា ប្រភេទមុខរបរដូចជាសិប្បកម្ម ផលិតកម្ម ការកែច្នៃចំណីអាហារ កសិ-ឧស្សាហកម្ម សុទ្ធតែទាមទារនូវការផ្ដល់បច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផ្សេងៗ ដើម្បីឈានទៅធ្វើអន្តរកាលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
បណ្ណនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងជាសហគ្រិនខ្នាតមីក្រូ ឱ្យទទួលបានជំនាញសមរម្យ និងមានឱកាសប្រែក្លាយ និងសមាហរ័ណអាជីវកម្មរបស់ខ្លួនទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។

គួរគូសបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះជោគជ័យ នឹងទទួលបណ្ណជំនាញអេឡិចត្រូនិកដោយស្វ័យប្រវត្តិ មានតម្លៃស្មើ ៦០០.០០០ រៀល សម្រាប់សិក្សាជំនាញនៅតាមគ្រឹះស្ថានដៃគូរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ។ ពួកគាត់អាចប្រើប្រាស់ប័ណ្ណនេះដោយគ្រាន់តែចូលទៅកាន់ គេហទំព័រផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ហើយជ្រើសរើសវគ្គបណ្តុះបណ្តាលណាមួយតាមតម្រូវការ។
គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលពាក្យស្នើសុំចុះឈ្មោះចំនួន ២៧៤.២២១ សំណើ ដែលគ្របដណ្តប់បុគ្គលស្វ័យនិយោជន៍ សហគ្រាសធុនមីក្រូ បុគ្គលិកនៃសហគ្រាសធុនមីក្រូ និងកម្មករម្តងម្កាលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះហើយអាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងកាន់តែទូលំទូលាយ រួមទាំងការលើកទឹកចិត្ត និងការលើកលែងផ្នែកពន្ធដារ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសេវានានារបស់ស្ថាប័នរដ្ឋ និងឯកជន ដូចជាបេឡាជាតិរបបសន្តិសុខសង្គម និងសេវាគាំពារសង្គម។

អត្ថប្រយោជន៍ថ្មីៗបន្ថែម រួមមានដំណោះស្រាយឌីជីថលសម្រាប់សហគ្រាស ក្រោមកម្មវិធី Enterprise Go Digital អត្ថប្រយោជន៍ធានារ៉ាប់រងដែលផ្តល់ដោយដៃគូក្នុងវិស័យឯកជន និងកម្មវិធីបណ្ណជំនាញដែលទើបដាក់ឱ្យអនុវត្តនេះ ដែលអត្ថប្រយោជន៍ទាំងអស់ មានគោលដៅពង្រឹងសមត្ថភាព បង្កើនផលិតភាព និងគាំទ្រសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


