ព័ត៌មានជាតិ
ឥណ្ឌា គ្រោងរៀបចំទិវាម្ហូបអាហារ នៅតំបន់ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម
ភ្នំពេញ ៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារនៅរាជធានីភ្នំពេញ។

ទិវានេះ នឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសកម្ពុជា ថៃ ឡាវ វៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២២មីនា ឆ្នាំ ខាងមុខនេះ។

ការស្នើបែបនេះរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ខែមីនានេះ ខណៈលោក ចូលជួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍លើកឡើងថា ឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ ,ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់នូវអាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។

បន្ថែមពីនេះ ឥណ្ឌាក៏បានជួយកម្ពុជា ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួន ពិសេសការជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ។
លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបន្តថា តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជានិងឥណ្ឌានេះ យើងក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយយើងនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀត។

លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង ៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ។

លោក ពិតជាថ្លែង នូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌា ដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីការកកើត រាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនា ធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។

ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់ ធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានីបាននឹងកំពុងដោះស្រាយ។

ជុំវិញការស្នើសុំរបស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង ក្នុងការធ្វើទិវាម្ហូបអាហារនៅរាជធានីភ្នំពេញ លោកឃួង ស្រេង បានឯកភាព ជាមួយនឹងការអនុញ្ញាតឱ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Streetនៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំពិធីម្ហូបអាហារខាងលើដំណើរការទៅបានស្រួល។

លោកឃួង ស្រេង បញ្ជាក់ផងដែរថា រដ្ឋបាលរីករាយភ្នំពេញក្រោយពីបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street បានធ្វើឱ្យកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍កើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ លោកសង្ឃឹមថា នៅពេលស្ថានទូតរៀបចំឱ្យមានទិវាម្ហូបអាហារនៅទីតាំងនេះ វានឹងធ្វើឱ្យកំណើនភ្ញៀវទេសចរណ៍កើនឡើងថែមទៀត៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន