ព័ត៌មានជាតិ
មិនថាថ្ងៃសីល ឬថ្ងៃធម្មតា ពលរដ្ឋមកបន់ស្រន់លោកតាដំបងក្រញូង ជឿមានបារមីពូកែស័ក្តិសិទ្ធិ
ប្រជាពលរដ្ឋនិងមហាជនមកពីទីជិតឆ្ងាយ បាននាំគ្នាមកបន់ស្រន់រូបសំណាកលោកតាដំបងក្រញូងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជំនឿមានបារមីពូកែស័ក្កសិទ្ធ។
ជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃឧបោសថសីលនិងថ្ងៃបុណ្យទានធំៗ គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងមានប្រារព្ធពិធីសាសនាផ្សេងៗដើម្បីទទួលបានសេចក្តីសុខចាកផុតគ្រោះចង្រៃ ឬបានបំពេញបំណងដល់បុគ្គលដែលបានបន់ស្រន់ មិនថាប្រជាពលរដ្ឋសាមញ្ញឬមន្ត្រីរាជការជាដើម។
ក្នុងសកម្មភាពបន់ស្រន់ ដោយនាំទាំងដង្វាយមកថ្វាយផងនោះ យុវជនឈ្មោះគឹម សុង បានឲ្យដឹងថា ការនាំមកនូវដង្វាយនេះ គឺជាការដឹងគុណដែលខ្លួនបានបន់ស្រន់កាលពីថ្ងៃកន្លងទៅ ហើយការបន់ស្រន់នោះក៏បានដូចបំណង ទើបខ្លួនយកដង្វាយតាមការសន្យាកាលណោះមកថ្វាយតែម្តង។

មិនខុសគ្នានោះដែរ អ្នកស្រី ចាន់នី ក្នុងវ័យជាង ៤០ ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា “កាលពីម្សិលមិញត្រូវនិងថ្ងៃសីលផង ខ្ញុំបាននាំយកដង្វាយមកថ្វាយលោកតាដំបងក្រញូងលាបំណន់ ដែលកូនខ្ញុំបានប្រឡងជាប់ដូចបំណងដែលខ្ញុំបានបន់”។
ជុំវិញការបន់ស្រន់នៅរូបសំណាកលោកតាដំបងក្រញូង មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តបាត់ដំបងបានលើកឡើងថា ការបន់ស្រន់នេះពិបាកក្នុងការវិនិច្ឆ័យលើបារមីយ៉ាងណា ជារួមវាអាស្រ័យទៅលើនិស្ស័យបុគ្គលម្នាក់ៗប៉ុណ្ណោះ ដែលអ្នកខ្លះក៏បានដូចបំណង ហើយខ្លះក៏មិនដូចបំណងដែលប៉ង។

លោកបន្តថា បើនិយាយទៅ ទំនៀមទម្លាប់ក្នុងការជឿទៅលើការបន់ស្រន់ អ្នកខ្លះក៏បានផលដោយចៃដន្យ ដូច្នេះលោកក៏មិនដឹងថា លោកតាដំបងក្រញួងមានបារមីពិតឬយ៉ាងណានោះទេ អាស្រ័យលើលទ្ធផលអ្នកដែលបានបន់ស្រន់ប៉ុណ្ណោះ តែឃើញមានអ្នកមកគោរពប្រតិបត្តិស្ទើររាល់ថ្ងៃដែរ។
ក្នុងវ័យ ៧៦ ឆ្នាំ ជាអតីតគ្រូបង្រៀន លោក សំរឹត បានឲ្យដឹងដែរថា “តាមពិតទៅ លោកតាដំបងក្រញួង ល្បីថាស័ក្តសិទ្ធតាំងពី ខ្ញុំនៅក្មេង ហើយខ្ញុំក៏មានជំនឿខ្លះដែរលើការបន់ស្រន់ ហើយនៅក្នុងខេត្តបាត់ដំបង ខ្ញុំសង្កេតឃើញកន្លែងដែលប្រជាជនភាគច្រើនក្នុងខេត្ត គឺមានតែ២ទីតាំងនោះទេ ដែលពលរដ្ឋច្រើនតែនាំគ្នាទៅស្បថឬបន់ស្រន់ជឿថាមានបារមីស័ក្កសិទ្ធិ ក្នុងនោះ មានរូបសំណាកលោកតាដំបងក្រញួង និង១ទៀត នៅប្រាសាទបាណន់“។
រូបសំណាកលោកតាដំបងក្រញួង មានកម្ពស់ ៦,៥ ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និង ខេត្ដបន្ទាយមានជ័យ។ រូបសំណាកនេះត្រូវបានសាងសង់ដំបូងក្នុងសម័យសង្គមរាស្ដ្រនិយម ដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ:តាមជំនឿរបស់អ្នកស្រុក និងត្រូវបានគេជឿថា មានបារមីបំផុតលើជំនឿសាសនា ពិសេសការបន់ស្រង់នានា។
ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


