Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងកើនឡើង ជំរុញដោយទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងសម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញដោយ​ការបន្ថែមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក​លើ​ពាណិជ្ជកម្មប្រេងកាតរបស់អ៊ីរ៉ង់ ខណៈសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេង​ (OPEC) ​មួយចំនួន​គ្រោងកាត់បន្ថយផលិតកម្មជាថ្មី។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ៥៦ សេន ឬ ០,៨៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៦,៤១ ដុល្លារ/បារ៉ែល។ ​ចំណែកឯប្រេងឆៅ ម៉ាក​ West Texas Intermediate (WTI) របស់អាមេរិកវិញ បាន​កើនឡើង ៦៥ សេន ឬ​ ១,០៤ ភាគរយ ដោយជួញដូរនៅ ៦៣,១២ ដុល្លារ/បារ៉ែល។ ​

​តម្លៃប្រេងទាំង ២ បានកើនឡើងជាង ២ ភាគរយ ពេល​បញ្ចប់ការជួញដូរកាលពីថ្ងៃពុធ ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៣ មេសា​។

កំណើនទាំងនេះ កើតឡើងក្រោយរដ្ឋបាលរបស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​បានប្រកាសដាក់ទណ្ឌកម្មថ្មីលើការនាំចេញប្រេងរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធ រួមទាំងទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងរបស់ចិនតូចមួយ ដើម្បីបង្កើនសម្ពាធលើ​អ៊ីរ៉ង់ ​ចំពេលកិច្ចចរចានុយក្លេអ៊ែរនៅតែបន្ត។

បន្ថែមលើការព្រួយបារម្ភនៃការផ្គត់ផ្គង់ OPEC បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានទទួលផែនការថ្មីៗពី​អ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងប្រទេសជាសមាជិក​ផ្សេងទៀត​ អំពីការកាត់បន្ថយ​ផលិតកម្ម​បន្ថែមទៀត ​ដើម្បីប៉ះប៉ូវលើការបូមប្រេងលើសកូតានាពេលកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ កំណើន​ប្រេងនៅមានកំណត់ ដោយសារតែក្ដីបារម្ភពីកម្សោយតម្រូវការ ជុំវិញភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែលបង្កឡើងដោយគោលនយោបាយពន្ធគយរបស់​លោក ត្រាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម