ព័ត៌មានអន្ដរជាតិ
អាមេរិកពន្យារពេលដាក់ DeepSeek និងក្រុមហ៊ុនចិនជាង ១០០ ទៀត ចូលក្នុងបញ្ចីខ្មៅ ដើម្បីបញ្ចៀសភាពតានតឹង
សហរដ្ឋអាមេរិកបានពន្យារពេលដាក់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) DeepSeek ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ CXMT និងក្រុមហ៊ុនចិនជាង ១០០ ផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន ដែលអាចជាយុទ្ធសាស្រ្តដើម្បីបញ្ចៀសភាពតានតឹងរវាងប្រទេសមហាអំណាចទាំង២។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់ប្រភពដឹងពីបញ្ហានេះជាអនាមិក។

គណៈកម្មាធិការអន្តរភ្នាក់ងាររបស់អាមេរិកមួយ បានសម្រេចដាក់ក្រុមហ៊ុនទាំងនេះចូលក្នុង «បញ្ជីអង្គភាព» ឬ «បញ្ចីខ្មៅ» របស់ក្រសួងពាណិជ្ជកម្មកាលពីឆ្នាំមុន ប៉ុន្តែការដាក់បញ្ចូលនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ ជាទូទៅ ក្រុមហ៊ុនក្នុងបញ្ជីអង្គភាព មិនអាចទិញទំនិញ សុសវែរ ឬបច្ចេកវិទ្យាអាមេរិក ដោយគ្មានអាជ្ញាប័ណ្ណពិសេសនោះទេ។
ក្រុមហ៊ុន AI ចិន DeepSeek បានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកកាលពីដើមឆ្នាំ ២០២៥ ជុំវិញការដាក់ឱ្យប្រើប្រាស់នូវគំរូ AI ដ៏មានប្រសិទ្ធភាព និងចំណាយតិចរបស់ខ្លួន។ កន្លងមក មន្ត្រីអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនទាំងនេះថាគាំទ្រដល់យោធា និងសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន និងព្យាយាមទទួលបន្ទះឈីបទំនើបរបស់អាមេរិក តាមរយៈក្រុមហ៊ុនដែលមានតែឈ្មោះ (shell companies) នៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន AI Anthropic និង OpenAI ក៏បានចោទប្រកាន់ DeepSeek ថាប្រើប្រាស់ប្រព័ន្ធ AI របស់ពួកគេក្នុងលក្ខណៈមិនត្រឹមត្រូវ ដើម្បីកែលម្អគំរូ AI របស់ខ្លួនផងដែរ។
CXMT ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំឈានមុខគេរបស់ចិនវិញ ពីមុនមក ត្រូវបានកំណត់ដោយក្រសួងការពារជាតិសហរដ្ឋអាមេរិកថាជាក្រុមហ៊ុនយោធាចិន ដែលប្រឈមមុខនឹងការរឹតត្បឹតរបស់អាមេរិកលើការទទួលបានទំនិញបច្ចេកវិទ្យា។
សហរដ្ឋអាមេរិក និងចិន នៅតែជាប់គាំងក្នុងការប្រជែងគ្នាខាងបច្ចេកវិទ្យា និងសន្តិសុខជាតិ។ អាមេរិកបានប្រើប្រាស់ពន្ធគយ និងការរឹតត្បឹតការនាំចេញ ដើម្បីដាក់កម្រិតចិនពីការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ខ្លួន ខណៈចិនឯណោះវិញ រឹតត្បឹតលើការនាំចេញរ៉ែកម្រដ៏សំខាន់ៗរបស់ខ្លួន ដែលអាមេរិក និងលោកខាងលិច ត្រូវការសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ យានយន្ត និងបន្ទះឈីប។
មែនទែនទៅ អាមេរិកមិនបានដាក់ក្រុមហ៊ុនចិនថ្មីណាមួយចូលទៅក្នុងបញ្ចីខ្មៅរបស់ខ្លួនទេ រាប់តាំងពីខែតុលា ឆ្នាំ ២០២៥ មក ដែលនេះជាការពន្យារពេលដាក់ដ៏វែងបំផុតក្នុងរយៈពេលជាងមួយទសវត្សកន្លងមក។

យោងតាមប្រភពព័ត៌មាន ក្រុមហ៊ុនចិនដែលកំពុងរង់ចាំការដាក់ក្នុងបញ្ជីខ្មៅរួមមាន៖
- ក្រុមហ៊ុនចិនជាច្រើនដែលផ្គត់ផ្គង់គ្រឿងបន្លាស់ដ្រូន ដែលគេរឹបអូសនៅប៉ូឡូញ ហើយមានទំនាក់ទំនងជាមួយរុស្ស៊ី។
- ក្រុមហ៊ុនរាប់សិប រងការចោទប្រកាន់ពីបទលក់បន្ទះឈីប Nvidia ដែលអាមេរិករឹតត្បឹត ទៅឱ្យសាកលវិទ្យាល័យនានានៅចិន។
- ក្រុមហ៊ុនផលិតដ្រូន និងឆ្កែរ៉ូបូតរបស់ចិន ដែលផ្គត់ផ្គង់ដល់យោធាចិន។
- អង្គភាពចិនយ៉ាងហោចណាស់ ៧៥ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍបន្ទះឈីបទំនើប ឧបករណ៍ផលិតបន្ទះឈីប និង AI។
ប្រភពព័ត៌មានបានប្រាប់រ៉យទ័រថា មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកមានការស្ទាក់ស្ទើរក្នុងការបន្ថែមក្រុមហ៊ុនចិនក្នុងបញ្ជីចាប់តាំងពីចុងឆ្នាំ២០២៥ ដោយបារម្ភថា ទំនាក់ទំនងអាមេរិក និងចិនអាចធ្លាក់ចុះកាន់តែដុនដាប។
អ្នករិះគន់បាននិយាយថា ការពន្យារពេលនេះឆ្លុះបញ្ចាំងពីបញ្ហាកាន់តែទូលំទូលាយនៅការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) ដែលត្រួតពិនិត្យការគ្រប់គ្រងការនាំចេញ។ ពួកគេបានកត់សម្គាល់ថា BIS ក៏បានបរាជ័យក្នុងការជំនួស ឬអនុវត្តច្បាប់នាំចេញបន្ទះឈីប AI មួយចំនួនផងដែរ ដែលការណ៍នេះ អាចបង្កើតចន្លោះប្រហោងដែលអាចអនុញ្ញាតឱ្យបន្ទះឈីបទំនើបរបស់អាមេរិក ធ្លាក់ទៅដល់ដៃក្រុមហ៊ុនចិន។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ខ្លួននៅតែបន្តប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមទាំងបញ្ជីអង្គភាព ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ប៉ុន្តែមិនបានពន្យល់ពីមូលហេតុពីការពន្យារពេលដាក់ក្រុមហ៊ុនចិនក្នុងបញ្ចីខ្មៅនោះទេ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


