Connect with us

ព័ត៌មានជាតិ

គម្រោង​វិនិយោគ​​​ទុន​ចាប់​ពី​​​ ៥ លាន​ដុល្លារ​ ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​​​ក្រុម​ប្រឹក្សា​អភិឌ្ឍ​ន៍​កម្ពុជា

បានផុស

នៅ

គម្រោង​វិនិយោគ​ដែល​មាន​ទំហំ​ទឹកប្រាក់​ចាប់​ពី ៥ លាន​ដុល្លារ​ ត្រូវ​ឆ្លងកាត់​ការ​​ចុះ​បញ្ជី​នៅ​​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា។ នេះបើតាម​នាយករដ្ឋមន្រ្តីកម្ពុជា​ថ្លែង​នៅ​ក្នុងពិធី​ “សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា” កាលពី​ព្រឹក​ម្សិលមិញ​នេះ។

ត្រី​មាស​ទី ១ ឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ជាង ១៧០ គម្រោង ខណៈ​ឆ្នាំ ២០២៥ រំពឹង​នឹង​ទទួល​បាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាលសម្តេច​ធិបតី ហ៊ុន ម៉ាណែត ​​ថ្លែង​ក្នុងពិធី​ “សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា” កាលពី​ព្រឹក​ម្សិលមិញ​នេះ ដោយ​​គូស​បញ្ជាក់​ថា ឆ្នាំ ២០២៤ កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ក្នុង​ការ​ទទួល​បាន​គម្រោង​វិនិយោគ​ប្រមាណ ៤០០ គម្រោង​ ជាមួយ​ទុន​វិនិយោគ​​​ជាង ៦ ពាន់​លាន​ដុល្លារ។

​ទំហំ​វិនិយោគ​ដែល​មាន​ទុន​ចាប់​ពី ៥ លាន​ដុល្លារ​ ត្រូវឆ្លងកាត់​ការ​ចុះ​បញ្ចីនៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា ក្នុង​នោះ​​មិន​រាប់បញ្ចូល​​​គម្រោង​វិនិយោគ​​ដែល​មាន​ទុន​ក្រោម ៥ លាន​ដុល្លារ​ នៅ​​ក្រោមដែន​សមត្ថកិច្ច​ពីរដ្ឋបាល​ថ្នាក់ក្រោមជាតិ។ សម្តេចធិបតី​​បញ្ជាក់បន្ថែម​។

​នាយករដ្ឋមន្រ្តីកម្ពុជា​បាន​បញ្ជាក់ថា​ គម្រោង​វិនិយោគ​ដែលមាន​ការ​ធ្វើ​កិច្ច​សន្យា​ច្បាស់លាស់ មាន​ទីតាំង​វិនិយោគ​ពិតប្រាកដ​ ទើប​​​រាប់​បញ្ចូល​ក្នុង​​គម្រោង​វិនិយោគក្នុង​ប្រទេស​កម្ពុជា​ ខុស​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​រាប់តាំងពីការ​ដាក់ពាក្យ​​ស្នើ​សុំ​រាប់បញ្ចូល​​ជា​គម្រោង​វិនិយោគ។

ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា គ្រាន់តែ​ដាក់ពាក្យស្នើសុំ ដោយ​មិន​ទាន់​បោះជំហាន​ណាមួយ​ ដូចជា​ការ​ធ្វើកិច្ចសន្យាជាក់លាក់ ការ​មាន​ទីតាំង​វិនិយោគ​ច្បាស់លាស់​ គឺ​មិន​ទាន់អាច​​រាប់​បញ្ចូលក្នុង​គម្រោង​វិនិយោគ​នៅ​ឡើយ​ទេ​សម្រាប់​ប្រទេស​កម្ពុជា។

នៅ​ត្រីមាស​ទី ១ ឆ្នាំ២០២៥ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៧២ គម្រោង ក្នុងនោះ​វិនិយោគិន​ចិនឈរនៅលំដាប់លេខ១ ដែលមានចំណែករហូតដល់ជិត៨០%។

​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគម្រោង​វិនិយោគ​កម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាត​ឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធ​អនឡាញ​បានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល។

ប្រព័ន្ធ cdcIPM មានមុខងារពិសេសមួយ ដែលអនុញ្ញាតឱ្យអ្នកដាក់ពាក្យស្នើសុំ ក៏ដូចជាថ្នាក់ដឹកនាំ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អាចធ្វើការពិនិត្យ​ពីវឌ្ឍនភាព​របស់ពាក្យស្នើសុំ​បានគ្រប់ពេលវេលា ដើម្បីធានាបានថាគម្រោងវិនិយោគដែលបានស្នើសុំ ត្រូវបានអនុម័តក្នុងរយៈពេល ២០ថ្ងៃ នៃថ្ងៃធ្វើការ ដោយស្របទៅតាមច្បាប់ស្ដីពីវិនិយោគមានជាធរមាន​។

នៅក្នុង​ពិធី​បើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា BYD CAMBODIA នៅខេត្តព្រះសីហនុនៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជាអនុប្រធាន​ទី ១ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានលើកទឹកចិត្តដល់​វិនិយោគិន ដែលមានបំណងស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោង​វិនិយោគ​ថ្មី ឬពង្រីក​គម្រោង​វិនិយោគ​​ដែលមានស្រាប់ អាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដើម្បីភាពងាយស្រួលនិងចំណេញ​ពេលវេលា។

គិត​ត្រឹមខែមីនា ឆ្នាំ២០២៥ របាយការណ៍​របស់​ក្រសួង​ការងារ​បាន​បង្ហាញ​ថា ចំនួន​រោងចក្រ​សហគ្រាសដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កើន​ឡើង​ពី​ចំនួន ៤៤ ៧៩៨ ដល់​ចំនួន ៤៥ ២៥៥ សហគ្រាស ហើយ​កម្មករ​បាន​កើន​ឡើង​ពី​ចំនួន​ប្រមាណ ១.៨១ លាន​នាក់ ដល់​ចំនួន​១.៨៥​ លាន​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម