Connect with us

សេដ្ឋកិច្ច

​លោក ​ហ៊ាង សុទ្ធាយុត្តិ​ ជំរុញ​ឱ្យ​ចិន​ពិចារណា​ជ្រើសរើស​កម្ពុជា​ ជា​គោលដៅ​វិនិយោគ​

បានផុស

នៅ

លោក ​ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង ​អគ្គលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ជំរុញ​ឱ្យ​សហគ្រិន ​អ្នកផ្គត់ផ្គង់​ និង​វិនិយោគិនចិន​ ពិចារណាលើការជ្រើសរើសកម្ពុជា​ ជា​គោលដៅ​បន្ទាប់​ សម្រាប់ការវិនិយោគរបស់ខ្លួន ​ដើម្បី​ទាញយកប្រយោជន៍ពីការតភ្ជាប់ទៅទីផ្សារក្នុងតំបន់អាស៊ាន ដែល​មានប្រជាជនជាង ៦០០លាននាក់ ​និង​ទៅកាន់សកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ហ៊ាង សុទ្ធាយុត្តិ បានថ្លែងក្នុងពេលដឹកនាំ​​គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ចូលរួម​វេទិកា​ផ្គូផ្គងការផ្គត់ផ្គង់សកល​ ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពីការវិនិយោគ​និង​ពាណិជ្ជកម្ម​ចិន​ភាគ​ខាង​លិច​ (8th WCIFIT) ​នៅ​ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិនកាល​ពី​ថ្ងៃ​ទី​ ២១-២៥ ឧសភា ២០២៦។​

កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យ​សំខាន់ៗ រួមមាន៖ យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ, គ្រឿងបង្គុំយានយន្ត, ការកែច្នៃផលិតផលកសិកម្ម, ភស្តុភារកម្មទំនើប, សុខាភិបាល, និងថាមពលបៃតង។​

លោក ហ៊ាង សុទ្ធាយុត្តិ ​បាន​បង្ហាញពីការបង្កបរិយាកាសវិនិយោគអំណោយផល តាមរយៈការ​អនុញ្ញាតឱ្យវិនិយោគិនបរទេស​ទទួលបានការកាន់កាប់សិទ្ធិវិនិយោគ ១០០%​ អនុញ្ញាតឱ្យមានលំហូរ​ប្រាក់ដោយសេរី ​ការពារពីការធ្វើជាតូបនីយ​កម្ម​ និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។

​គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ទទួលបានការលើកលែងពន្ធលើប្រាក់​ចំណេញ​រហូតដល់ ៩ឆ្នាំ ការលើកលែងពន្ធគយ ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមជា​បន្ទុក​រដ្ឋ សម្រាប់សកម្មភាពវិនិយោគដែលភ្ជាប់ការស្រាវជ្រាវ-អភិវឌ្ឍន៍ ​ការអភិវឌ្ឍធនធានមនុស្ស និង​ឧស្សា​ហកម្មគាំទ្រជាដើម។​

កម្ពុជាបានធ្វើទំនើបកម្ម និងសាមញ្ញកម្មការផ្តល់សេវាសាធារណៈជាមួយនឹង​ការដាក់ឱ្យដំណើរ​ការ​ប្រព័ន្ធ​គ្រប់គ្រងគម្រោង​​វិនិយោគកម្ពុជា (cdcIPM) ដោយបានប្រែក្លាយនីតិវិធីចុះបញ្ជីវិនិយោគ​បែប​ប្រពៃណី​លើក្រដាស ទៅជា​ឌីជីថលពីចម្ងាយ ទូទាត់តាមឌីជីថល កាត់បន្ថយការជួបផ្ទាល់ និងការ​ចំណាយមិនចាំបាច់នានា។ ​

គ្រប់ឯកសារចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការចេញវិញ្ញាបនបត្រ ត្រូវបានប្រើហត្ថលេខា និងត្រាអេឡិចត្រូនិក ដោយមាន QR Code ភ្ជាប់ទៅកាន់ដែន verify.gov.kh​ ​ធ្វើឱ្យឯកសារឌីជីថល​ទាំងនេះ មានតម្លៃជាឯកសារច្បាប់ដើម និងមានផ្ទុកព័ត៌មានចាំបាច់ពីការវិនិយោគរបស់ក្រុមហ៊ុន។

ប្រព័ន្ធ cdcIPM មានសមត្ថភាពកត់ត្រាដំណើរការការងាររបស់មន្ត្រីអន្តរក្រសួង-ស្ថាប័នជា​ឌីជីថល និងផ្តល់លទ្ធភាព​ឱ្យវិនិយោគិនអាចតាមដានគ្រប់ដំណាក់កាលនៃការផ្តល់សេវា តាមរយៈ​ការស្គេន QR Code លើវិក្កយបត្របង់ប្រាក់ ព្រម​ទាំងការជូនដំណឹងតាមរយៈ E-mail និង Telegram ផងដែរ។

ក្រៅពីការទាក់ទាញវិនិយោគ និងសម្រួលនីតិវិធីនានា កម្ពុជាក៏បានយកចិត្តទុកដាក់លើ​ការពិគ្រោះ​យោបល់ និងការដោះស្រាយបញ្ហាប្រឈមជូនវិស័យ​ឯកជន ជាមួយយន្តការនៃកិច្ចសន្ទនា​ត្រង់ទៅ​ត្រង់មក រួមមានជាអាទិ៍ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋ​និងវិស័យឯកជន (PPSD) ដោយមានការសហការយ៉ាងជិតស្និតជាមួយ​សភាពា​ណិជ្ជកម្មអន្តរជាតិ និងស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម