ព័ត៌មានជាតិ
ការចោទវៀតណាមចង់លេបទឹកដីកម្ពុជា សម្ដេច ហ៊ុន សែន ថា ជារឿងមិនពិត
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសច្រានចោលនូវការបន្តចោទប្រកាន់ទៅលើវៀតណាម ថា បានរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈវត្តមានកងទ័ពវៀតណាមចូលកម្ពុជា កាលពីឆ្នាំ១៩៧៩។

ថ្លែងបាឋកថានៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ក្នុងរដ្ឋធានីហ្សាការតា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បើគ្មានថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមទេនោះ កម្ពុជាអាចរលត់ជាតិសាសន៍ទាំងមូលតែម្តង។
ចំពោះមតិដែលចោទ ថា វៀតណាមបានឈ្លានពានកម្ពុជា សម្ដេចតេជោ បញ្ជាក់ថា ប្រសិនបើវៀតណាមចង់លេបយកទឹកដីកម្ពុជា នោះវៀតណាមពិតជាមានជម្រើស ដោយទុកឱ្យរបបកម្ពុជាប្រជាធិបតេយ្យ នៅបន្តកាន់អំណាចតទៅទៀត រហូតដល់ខ្មែររលាយជាតិសាសន៍តែម្តង ពោលវៀតណាមមិនចាំបាច់បើកយុទ្ធនាការយោធា ហើយសុខចិត្តលះបង់ជីវិតកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន ដើម្បីវាយរំដោះប្រជាជនខ្មែរនោះឡើយ។

«យើងត្រូវតែមានយុត្តិធម៌ចំពោះវៀតណាម ព្រោះថា បើគ្មានវៀតណាមនៅពេលនោះ ពិតជាគ្មានប្រទេសណាមួយមកអើពើនឹងកម្ពុជា នៅក្នុងការផ្តួលរំលំរបបប្រឡាក់ឈាម ប៉ុល ពត បានឡើយ»។ សម្ដេចតេជោស្ថាបនិកសន្តិភាព បន្ថែមយ៉ាងដូច្នេះ ហើយសម្ដេចបន្តថា ព្រោះបញ្ហាបានកើតឡើង បើគ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជានោះទេ តើមានការចាំបាច់សុំកងទ័ពវៀតណាមមកជួយធ្វើអ្វី។

បើតាមសម្ដេចតេជោ រយៈកាលជាង៤០ឆ្នាំមកនេះ មិនត្រឹមតែការចោទប្រកាន់ទៅលើវៀតណាមនៅតែបន្តមាននោះទេ ក៏ប៉ុន្តែថែមទាំងមាននិន្នាការជ្រុលនិយម ដែលចង់បដិសេធចំពោះវត្តមាននៃអំពើប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហមផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោ បានអំពាវនាវឱ្យមានការការពារឱ្យបានដាច់ខាតនូវតថភាពប្រវត្តិសាស្ត្រ ជាពិសេសកុំឱ្យកើតឡើងសាជាថ្មីនៃឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនេះ។
ការណ៍នេះហើយ ទើបពេលថ្មីៗនេះ កម្ពុជាបានបង្កើតនូវច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដោយច្បាប់បានកំណត់ទោសទណ្ឌចំពោះជនណាដែលថា មិនមានរបបប្រល័យពូជសាសន៍ កាលពីពីចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


