Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អំពាវនាវឲ្យមានបទឈប់បាញ់​៣០​ថ្ងៃ​រវាង​អ៊ុយក្រែននិង​រុស្ស៊ី ដោយព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម

បានផុស

នៅ

ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានអំពាវនាវ​ឲ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០​ថ្ងៃរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយគំរាមកំហែងដាក់ទណ្ឌកម្មបន្ថែម បើបទឈប់បាញ់ត្រូវបានរំលោភបំពាន។

លោក ហ្សេលេនស្គី និង​លោក ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ ធ្វើឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ខែ​ឧសភា បន្ទាប់ពីកិច្ច​សន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ឈប់អរិភាព និងការផ្តួចផ្តើមការចរចាសន្តិភាព។

លោក ត្រាំ បាន​បង្ហោះ​សារ​នៅ​​លើបណ្តាញសង្គម Truth Social ថា៖ «ការពិភាក្សាជាមួយរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។ អាមេរិក​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់បាញ់​រយៈពេល​៣០​ថ្ងៃ​ដោយ​ឥត​លក្ខខណ្ឌ។ បើបទឈប់បាញ់មិនត្រូវបានគោរព សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀត»។

លោក ត្រាំ បាន​បន្ត​ទៀត​ថា៖ «ប្រទេសទាំងពីរនឹងត្រូវទទួលខុសត្រូវចំពោះការគោរព​សន្តិភាព​នៃការចរចាដោយផ្ទាល់ទាំងនេះ» ដើម្បីបញ្ឈប់ជម្លោះដែលបានចាប់ផ្តើមនៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ​២០២២។

ប្រធានាធិបតី ហ្សេលេនស្គី បានស្វាគមន៍ចំពោះសំណើនេះ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការចាប់ផ្តើមបទឈប់បាញ់ភ្លាមៗ និងចូលរួមការចរចាគ្រប់​ទម្រង់។ លោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់ដែលអាចទុកចិត្តបាន និង​មាន​រយៈពេល​វែង អាចត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែង និ​ង​អាច​ជំរុញ​ឲ្យ​រុស្ស៊ីបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន​ឲ្យ​យល់ព្រមដោយគ្មានលក្ខខណ្ឌ។

មេ​ដឹក​នាំ​​អ៊ុយក្រែន បាន​រៀបរាប់​ថា៖ «អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ពេញលេញដែលចាប់ផ្តើមនៅពេលនេះ ចាប់ពីពេលនេះតទៅ – ភាពស្ងៀមស្ងាត់រយៈពេល ៣០​ថ្ងៃ។ ប៉ុន្តែវាត្រូវតែ​ប្រាកដ​ប្រជា។ គ្មានការវាយប្រហារដោយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើក គ្មានការវាយប្រហាររាប់រយដងនៅ​ជួរ​មុខ​នោះ​ទេ»។

កន្លងមក សហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយផ្នែកយោធា និងការចែករំលែកចារកម្មជាមួយអ៊ុយក្រែន ប៉ុន្តែបានយល់ព្រមបន្តការគាំទ្រ បន្ទាប់ពីអ៊ុយក្រែនទទួលយកសំណើបទឈប់បាញ់។ ការបន្តផ្តល់ជំនួយ​នេះ​ទៀត​សោត​ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងរ៉ែអាមេរិក-អ៊ុយក្រែនដែលបាន​ចុះ​ហត្ថលេខា​កាល​ពី​ពេល​ថ្មីៗ​ផង​ដែរ ដែលអនុញ្ញាត​ឲ្យ​មានការចែករំលែកប្រាក់ចំណេញស្មើៗគ្នាពីការបណ្តាក់ទុនរុករក និងខួងយករ៉ែ៕

(រូបថត៖ Getty)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម