Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ជជែកតាមទូរសព្ទ​ជាមួយលោក ពូទីន ពី​បញ្ហា​សង្គ្រាមនៅ​អ៊ុយក្រែន មុនកិច្ចប្រជុំអង្គការ​ណាតូ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជជែក​តាម​ទូរសព្ទ​​​ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ពាក់ព័ន្ធនឹង​បញ្ហា​សង្គ្រាមនៅ​អ៊ុយក្រែន មុនពេល​ដែល​កិច្ច​ប្រជុំ​អង្គការ​ណាតូ ត្រៀម​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​តួកគី នា​ពេល​ឆាប់ៗ​ខាង​មុខ។

លោក ត្រាំ និង​លោក ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសារព័ត៌មាន Bloomberg ចុះផ្សាយ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ២០២៦ នៅក្នុងកិច្ចសន្ទនាដែលអូសបន្លាយពេលរហូតដល់ទៅ ៨៥នាទីនោះ មេដឹកនាំទាំងពីរ បានជជែកគ្នាយ៉ាងច្រើនពីផ្លូវចរចា ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជាពិសេសគឺស្របពេលដែលលោក ត្រាំ ត្រូវត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ក្នុងប្រទេសតួកគី នាពេលដ៏ខ្លីខាងមុខ។ ក្នុងនោះ លោក ត្រាំ បានបញ្ជាក់ជាថ្មីពីបំណងចង់ជួយជំរុញឲ្យមានការបញ្ឈប់ការវាយប្រហារគ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីឲ្យបានឆាប់រហ័ស ខណៈដែលខាងភាគីរុស្ស៊ី ក៏យល់ស្របលើការចរចាដែរ តែត្រូវផ្អែកលើលក្ខខណ្ឌស្នូលរបស់ក្រុង​មូស្គូ។

មិនមែនជជែកតែជាមួយមេដឹកនាំរុស្ស៊ីនោះទេ នៅថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ ក៏បានបន្តខ្សែទូរសព្ទទៅជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ។ លោក ហ្សេលេនស្គី បានផ្ញើសារអបអរសាទរខួប​លើកទី​២៥០ នៃ​ថ្ងៃបុណ្យឯករាជ្យអាមេរិកដូច​លោក ពូទីន ដែរ ហើយ​និងបានពិភាក្សាជាមួយលោក ត្រាំ ពីស្ថានភាពដ៏តានតឹងនៅខ្សែបន្ទាត់ជួរមុខ រួមទាំងកិច្ចប្រឹងប្រែងផ្នែកការទូតផ្សេងៗ។

បច្ចុប្បន្ន ក្រុមបេសកជនពិសេសរបស់លោក ត្រាំ រួមមានលោក Steve Witkoff និងកូនប្រសាររបស់លោក គឺលោក Jared Kushner កំពុងតែដើរតួជាអ្នកសម្របសម្រួលយ៉ាងសកម្ម ហើយពួកគេក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីបន្តកិច្ចពិភាក្សាស្វែងរកសន្តិភាពនេះ។

ការចរចាដ៏មមាញឹកតាមទូរសព្ទនេះ ធ្វើឡើងចំពេលដែលស្ថានការណ៍សង្គ្រាមជាក់ស្តែងនៅលើសមរភូមិកំពុងតែឡើងកម្តៅខ្លាំង។ មួយខែមុននេះ លោក ត្រាំ និងលោក ពូទីន ក៏ទើបតែបានជជែកគ្នា​ម្តងរួចមកហើយចំថ្ងៃខួបកំណើតអាយុ ៨០ឆ្នាំរបស់លោក ត្រាំ ប៉ុន្តែមកទល់ពេលនេះ កិច្ចប្រឹងប្រែងសន្តិភាពដែលដោះស្រាយដោយអាមេរិក ហាក់ដូចជាមានការគាំងស្ទះបន្តិច ដោយសារតែមានផ្ទុះសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីទើបតែបានបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃបំផុតមួយប្រចាំឆ្នាំ ទៅលើទីក្រុងកៀវ និងតំបន់ជាច្រើនទៀត ដែលបណ្តាលឲ្យមនុស្សបាត់បង់ជីវិតអស់រាប់សិប​​នាក់។ ចំណែកឯខាងភាគីអ៊ុយក្រែនវិញ ក៏មិន​ថយដៃ​ដែរ ដោយបានពង្រីកវិសាលភាពនៃការវាយប្រហារដោយដ្រូន និងមីស៊ីលចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី ថែមទាំងបានបាញ់កម្ទេចរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាបន្តបន្ទាប់ រហូតធ្វើឲ្យប្រទេសរុស្ស៊ីជួបវិបត្តិខ្វះខាតប្រេងឥន្ធនៈថែមទៀតផង។

ក្រៅពីស្ថានការណ៍វាយប្រហារគ្នាហើយនោះ មេដឹកនាំរុស្ស៊ី-អ៊ុយក្រែន ក៏បានឈ្លោះគ្នារឿងព័ត៌មាន​លើ​សមរភូមិផងដែរ។ កាលពីចុងសប្តាហ៍មុន លោក ពូទីន បានប្រកាសក្តែងៗថា កងទ័ពរុស្ស៊ី ដណ្តើមបានទីក្រុងយុទ្ធសាស្ត្រដឹកជញ្ជូនដ៏សំខាន់មួយ ឈ្មោះថា Kostiantynivka នៅភាគខាងកើតតំបន់​ Donetsk បានហើយ។ ប៉ុន្តែភ្លាមៗនោះ លោក ហ្សេលេនស្គី បានចេញមុខច្រានចោលទាំងស្រុង ដោយហៅការប្រកាសរបស់រុស្ស៊ីថាជា «រឿងភូតកុហក» ដើម្បីតែចង់បានចំណាប់អារម្មណ៍ពីសារព័ត៌មានតែប៉ុណ្ណោះ ហើយលោកបានអះអាងថា ទីក្រុងដែលរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរមួយនេះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែនដដែល។

បញ្ហាទាំងអស់នេះ នឹងត្រូវលើកយកទៅជជែកគ្នាយ៉ាងក្តៅគគុក នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី​៧កក្កដា។ លោក ដូណាល់ ត្រាំ នឹងត្រូវជួបមេដឹកនាំណាតូដទៃទៀត ខណៈដែលលោកតែងតែដាក់សម្ពាធឲ្យប្រទេសជាសមាជិកអឺរ៉ុបចំណាយលុយការពារខ្លួនឯងឲ្យបានច្រើនជាងមុន ហើយថែមទាំងបានបង្គាប់ឲ្យកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអឺរ៉ុបទៀតផង ដែលទង្វើនេះ បានធ្វើឲ្យប្រទេសជាសម្ព័ន្ធមិត្តទាំងឡាយស្រឡាំងកាំង និងបារម្ភជាខ្លាំងពីសន្តិសុខរបស់ពួកគេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម