Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង នឹង​បន្តរៀបចំ​កែលម្អ​សោភណភាព​លើ​កំពូលភ្នំសំពៅ ឲ្យ​ទាក់ទាញ​បន្ថែមទៀត

បានផុស

នៅ

តំបន់រមណីយដ្ឋានភ្នំសំពៅ ដែលស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានរដ្ឋបាលខេត្តធ្វើការរៀបចំកែលម្អជាបន្តបន្ទាប់ ដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង និងមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងផុសផុល ជាពិសេសភ្ញៀវបរទេសកាន់ តែមានកំណើនគួឲ្យកត់សម្គាល់ ខណះការសាងសង់សួនច្បារជិតរួចរាល់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខនេះ​។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា រមណីដ្ឋានភ្នំសំពៅ ក្រោយរដ្ឋបាលខេត្តបានរៀបចំកែលម្អជាបន្តបន្ទាប់ ភ្ញៀវទេសចរបរទេស ក៏មានកំណើនគួរឲ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ក្រោយសាងសង់សួនច្បាររួចរាល់នៅចុងខែឧសភាខាងមុខនេះ រដ្ឋបាលខេត្តនឹងសុំគោលការណ៍ពីសម្តេចក្រឡា​ហោម ស ខេង ដើម្បីបន្តទៅរៀបចំកែលម្អលើកំពូលភ្នំបន្ថែមទៀត។

បើតាមលោក ហម អរុណ ការបន្តរៀបចំលើកំពូលភ្នំនេះ ដោយសារតែមានការកកស្ទះ ខ្វះការរៀបចំសណ្តាប់ធ្នាប់ ពេលមាន ពិធីបុណ្យម្តងៗទើបលោកអភិបាលខេត្ត បានសុំគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ដើម្បីបន្តទៅរៀបចំលើកំពូលភ្នំ ទៅលើទីតាំងមួយចំនួន និងមានរៀបចំទីធ្លាឲ្យបានទូលាយបញ្ចៀសក្នុងការកកស្ទះ ពេលមានពិធីបុណ្យទានម្តងៗ។

បើតាមរដ្ឋបាលខេត្ត ការរៀបចំតុបតែងលម្អក្នុងតំបន់រមណីយដ្ឋានភ្នំសំពៅ ឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និង មានសក្តានុពលនេះ ក្រៅពីទាក់ទាញដល់កំណើនភ្ញៀវបរទេស ក៏បានរួមចំណែកផ្តល់ផលប្រយោជន៍ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរឡើងមួយផ្នែកដែរ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំ​ដល់ខាងជំនាញនិងអ្នកពាក់ព័ន្ធ​ផ្តោតទៅលើការរៀបចំនៅតំបន់នោះឲ្យមានសណ្តាប់ធ្នាប់ល្អ ត្រូវពង្រឹងសន្តិសុខ ការគ្រប់គ្រងសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និងការរៀបចំតុបតែងលម្អ ក្នុងតំបន់រមណីយដ្ឋានភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសក្តានុពល ផ្តល់ផលប្រយោជន៍ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាព​ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម